ការមានផ្ទៃពោះជារឿងដ៏រីករាយមួយសម្រាប់គូស្វាមីភរិយា ឬដៃគូស្នេហា និងក្រុមគ្រួសារទាំងមូល។ អ្វីៗត្រូវបានត្រៀមគ្រប់យ៉ាង ទាំងការថែទាំសុខភាពចំណីអាហារ និងរូបរាងកាយនៅអំឡុងពេលមានផ្ទៃពោះរហូតដល់ពេលសម្រាល។ នៅពេលសម្រាលទៀតសោត សុទ្ធតែត្រូវគិតគូ និងពិចារណាឱ្យច្បាស់ផងដែរ ថាអ្នកគួរតែសម្រេចចិត្តសម្រាលបុត្រដោយរបៀបណា ដើម្បីសុខភាពរាងកាយរបស់ម្តាយ និងទារកក្នុងផ្ទៃ។

នៅក្នុងពេលបច្ចុប្បន្ន ការសម្រាលកូនមានតែ២ប្រភេទទេ នោះគឺ ការសម្រាលកូនតាមបែបធម្មជាតិ ឬគេហៅថាសម្រាលកូនតាមទ្វារមាស ( Normal Delivery/Vaginal Birth) និងការសម្រាលកូនដោយវិធីវះកាត់ (C section/Cesarean Birth)។

បើទោះជាបានដឹងខ្លះៗពីវិធីសម្រាលកូនដោយវិធីទាំងពីរនេះយ៉ាងណាក្តី ប៉ុន្តែនៅតែមានមនុស្សមួយចំនួននៅមិនទាន់ដឹងច្បាស់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការសម្រាលកូនតាមបែបធម្មជាតិ និងការវះកាត់ ហើយមិនដឹងថាគួរតែសម្រេចចិត្តយកវិធីណាមួយក្នុងចំណោមវិធីទាំងពីរនេះដើម្បីសុវត្ថិភាព។

អត្ថបទខាងក្រោមនឹងរៀបរាប់ពីផលប៉ះពាល់ និងគុណសម្បត្តិទាំងការសម្រាលដោយធម្មជាតិ និងការវះកាត់ ដូច្នេះអ្នកអាចនឹងបានគិតគូ និងសម្រេចចិត្តច្បាស់ថា តើគួរតែជ្រើសយកវិធីមួយណាសម្រាប់សម្រាលកូនដូចខាងក្រោម៖

ការមានផ្ទៃពោះជារឿងដ៏រីករាយមួយសម្រាប់គូស្វាមីភរិយា ឬដៃគូស្នេហា និងក្រុមគ្រួសារទាំងមូល

# អ្វីដែលអ្នកត្រូវដឹងពេលដែលសម្រាលកូនដោយធម្មជាតិ

ការសម្រាលកូនដោយវិធីធម្មជាតិ តាមរយៈទ្វារមាស គឺជាជម្រើសដែលពេញនិយម និងត្រូវបានគេលើកទឹកចិត្តឱ្យជ្រើសរើសច្រើនបំផុតបំផុតសម្រាប់អ្នកម្តាយ ព្រមទាំងមានគុណប្រយោជន៍ និងមានគុណវិបត្តិមកជាមួយផងដែរ រួមមាន៖

គុណសម្បត្តិ

- ពេលដែលអ្នកជ្រើសយកវិធីសម្រាលកូនដោយធម្មជាតិ អ្នកនឹងស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេលខ្លី(យ៉ាងយូរ៣ថ្ងៃប៉ុណ្ណោះ)

- ដំណើរការសម្រាលកូនលឿន ឆាប់រហ័សផងដែរ ជាពិសេសមិនសូវមានការឈឺចុកចាប់ខ្លាំង

- ការឈឺចាប់ និងមុខរបួសជាសះស្បើយលឿនជាងការសម្រាលកូនដោយការវះកាត់  

- អ្នកមិនបាច់ទទួលការឈឺចាប់ ឬមានស្នាមវះ​ ថ្នេរ និងរបួសធំៗដូចការវះកាត់

- អាចបន្ថយហានិភ័យ នៃផលវិបាកផ្សេងៗ និងអត្រាការស្លាប់នៅពេលសម្រាលបានផងដែរ

- អាចជួយធ្វើឱ្យទារកចាប់ផ្តើមរីកលូតលាស់តាមបែបធម្មជាតិ ជាពិសេសទារកមានភាពកក់ក្តៅ និងជិតស្និទ្ធជាមួយម្តាយតាំងពីកើតក្នុងផ្ទៃ

- ទឹករំអិលនៅពេលសម្រាលកូនដោយធម្មជាតិ អាចជួយបណ្តេញកាកសំណល់ចេញពីរាងកាយទារកបានល្អ

- បាក់តេរីល្អៗនៅក្នុងរាងកាយរបស់ម្តាយពេលសម្រាល នឹងជំនួយដល់ពោះវៀន និងប្រព័ន្ធភាពស៊ាំរបស់ទារក ជាពិសេសមិនសូវមានបញ្ហាក្នុងការដកដង្ហើម ឬមានទឹកក្នុងសួត

- ការសម្រាលកូនលើកក្រោយមិនសូវឈឺពោះ ប្រើពេលលឿន ថែមទាំងអាចបំបៅដោះកូនភ្លាមៗលឿនជាងអ្នកដែលសម្រាលដោយការវះកាត់។

គុណវិបត្តិ

បើទោះជាមានគុណសម្បត្តិច្រើនយ៉ាងណាក៏ដោយ តែការសម្រាលកូនដោយធម្មជាតិក៏មានផលវិបាកខ្លះៗផងដែររួមមាន៖

- មានការប្រែប្រួលច្រើននៅពេលសម្រាល ដូចជាអ្នកមិនបានដឹងច្បាស់ពីកាលបរិច្ឆេទនៃការសម្រាលកូនពិតប្រាកដ

- ពេលជិតសម្រាលមានអាការតានតឹង និងធុញថប់ក្នុងអារម្មណ៍ច្រើន

- ការប្រឹងសម្រាលកូនតាមបែបធម្មជាតិ ថែមទាំងអាចប្រឈមមុខនឹងហានិភ័យនៃជំងឺលេចនោមដោយមិនដឹងខ្លួននៅពេលអនាគត និងរបួសទ្វារមាសដែលដាច់រហែកមិនងាយជាដូចអ្នកដែលសម្រាលដោយវះកាត់

- ធ្វើឱ្យប៉ះពាល់ដល់ដំណើរការរួមភេទ ពេលដែលសម្រាលកូនតាមទ្វារមាសរួច

- អាចធ្វើឱ្យប៉ះទង្គិចដល់រាងកាយទារកទាំងការប្រឹងសម្រាល និងការប្រើឧបករណ៍ជំនួយពេលសម្រាល ដូចជាប៉ះពាល់ដល់ស្បែក រលាក ជាំ ហើម ឬពេលខ្លះឈានដល់ថ្នាក់បាក់ឆ្អឹងក៏មាន។

ការសម្រាលកូនតាមបែបធម្មជាតិ ( Normal Delivery/Vaginal Birth)

# អ្វីដែលអ្នកត្រូវដឹងពេលដែលសម្រាលកូនដោយការវះកាត់

ការវះកាត់សម្រាលកូន គឺជាការប្រើមុខកាំបិតវះទៅលើជព្ជាំងពោះ និងស្បូន ដែលមានទាំងគុណសម្បត្តិ និងផលប៉ះពាល់ដូចគ្នា ដូចជា៖

គុណសម្បត្តិ

ការវះកាត់ក៏ត្រូវបានគេពេញនិយមខ្លាំងណាស់ដែរ នៅក្នុងពេលបច្ចុប្បន្នជាពិសេសអ្នកដែលមានលទ្ធភាពចំណាយការវះកាត់ ហើយថែមទាំងមានគុណប្រយោជន៍ចំនួនដែរ ដូចជា៖

- ការវះកាត់អាចឱ្យអ្នកដឹងពីពេលវេលាសម្រាលកូនដោយពិតប្រាកដ ថែមទាំងអាចមានពេលរៀបចំផែនការជីវិតផ្សេងៗ

- អាចជួយកាត់បន្ថយអារម្មណ៍តានតឹង និងធុញថប់បាន

- មានអត្រាប្រឈមមុខនឹងជំងឺលេចនោមដោយមិនដឹងខ្លួន តិចជាងអ្នកដែលសម្រាលតាមបែបធម្មជាតិ

- មិនសូវមានបញ្ហាផ្សេងៗក្នុងការរួមភេទ ដូចអ្នកសម្រាលកូនដោយធម្មជាតិ

- ទារកមិនសូវមានផលប៉ះពាល់ ឬប៉ះទង្គិចលើរាងកាយ ដូចជាការសម្រាលធម្មតា

- អត្រាប្រឈមមុខនឹងការធ្លាក់ឈាមច្រើនក្រោយសម្រាលមានចំនួនតិច។

គុណវិបត្តិ

ទោះជាមានគុណសម្បត្តិមួយចំនួន សម្រាប់ការសម្រាលកូនដោយការវះកាត់ក៏ដោយ តែក៏អាចប្រឈមមុខនឹងបញ្ហាយ៉ាងច្រើន ផងដែរដូចជា៖

- ការសម្រាលដោយមានព្រាងទុក បានន័យថាមានរៀបចំរួចរាល់អស់ទៅហើយ ដូច្នេះអាចធ្វើឱ្យទារកកើតចេញមក ដោយមិនត្រៀមខ្លួនសម្រាប់សម្រាលនៅឡើយនោះទេ

- ការសម្រាលកូនដោយវះកាត់ អាចប្រឈមមុខនឹងការសម្រាលកូនដោយមិនបានត្រឹមត្រូវតាមកាលបរិច្ឆេទ

- ការវះកាត់អាចប្រឈមមុខនឹងការបាត់បង់ឈាមច្រើនដោយមុខកាំបិតវះកាត់ (ភាគច្រើនការវះកាត់តែងតែត្រូវការបញ្ចូលឈាម)

- ការប្រើប្រាស់ថ្នាំស្ពឹក អាចនឹងមានផលប៉ះពាល់ដល់សុខភាពម្តាយដូចជា ឈឺក្បាល ក្អួតចង្អោរជាដើម ថែមទាំងអាចប៉ះពាល់សុខភាពនៅពេលខាងមុខផងដែរ។ ចំពោះទារកវិញ ថ្នាំស្ពឹកអាចធ្វើឱ្យទារកមានភាពស្ពឹកស្រពន់ និងមិនសូវមានសកម្មភាពរស់រវើកច្រើនដូចទារកកើតតាមធម្មជាតិ

- ការវះកាត់អាចប្រឈមមុខនឹងការរហែក ដាច់សាច់ដល់ពោះវៀន និងប្លោកនោម

- មុខងារពោះវៀននឹងចុះខ្សោយក្រោយការវះកាត់ និងត្រូវការពេលសម្រាកយូរនៅមន្ទីរពេទ្យ

- ការវះកាត់ឈឺចាប់ខ្លាំងណាស់ ហើយត្រូវការរយៈពេលយូរដើម្បីឱ្យរបួសជាសះស្បើយ ថែមទាំងអាចមានផលពិបាកក្នុងការបំបៅដោះកូនផងដែរ

- អាចប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្តខ្ពស់ក្រោយពេលសម្រាល ដោយការតែការឈឺចាប់រាងកាយខ្លាំងពេក

- ការវះកាត់អាចបង្កើនហានិភ័យនៃការស្លាប់ពេលសម្រាលទ្វេដងច្រើនជាងអ្នកដែលសម្រាលតាមវិធីធម្មជាតិ។

ការសម្រាលកូនដោយវិធីវះកាត់ (C section/Cesarean Birth)

បើទោះជាការសម្រាលកូនដោយធម្មជាតិ និងការវះកាត់សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នាយ៉ាងណាក៏ដោយ អ្នកអាចមានសិទ្ធសម្រេចចិត្តដោយខ្លួនឯងក្នុងការជ្រើសរើសវិធីសម្រាលកូន ដោយគ្មានអ្នកណាបង្ខិតបង្ខំបានឡើយ ដោយអ្នកអាចប្រឹក្សាបន្ថែមជាមួយដៃគូ (ប្តីប្រពន្ធ) ក្រុមគ្រួសារ ឬវេជ្ជបណ្ឌិតជំនាញជាដើម៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]