ភ្នំពេញ៖ អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ បានថ្លែងថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងឈានចូល មកដល់នាពេលខាងមុខនេះ កម្ពុជាបានត្រៀមកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ រួចរាល់អស់ហើយ។ លោកឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលចាប់ផ្តើមពីថ្ងៃទី១៥-២០ ខែវិច្ឆិកានេះ ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានត្រៀមកម្លាំងជាង ១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងតឹងរឹង មិនឲ្យមានបញ្ហាអ្វី កើតមានឡើងនោះទេ។

លោកបន្តថា កម្ពុជាបានត្រៀមការពារ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅជាយក្រុងភ្នំពេញផងដែរ ក្នុងនោះរួមមានទាំងកម្លាំង នគរបាល កងទ័ព កងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្សជាដើម។ លោកឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធបន្ថែមថា “យើងបានចាត់តាំងការពារ សន្តិសុខតាំងពីមុនថ្ងៃនៃកិច្ចប្រជុំមកម៉្លេះ ដោយបានត្រៀមកម្លាំង យ៉ាងរៀបរយ ពិនិត្យសភាពការណ៍។ ចំពោះកម្លាំងការពារជំហរយើង នឹងធ្វើការពង្រាយនៅ ពេលកិច្ចប្រជុំកំពូលអាស៊ានជិតឈានចូលមកដល់”។

នៅមុនពេលកិច្ចប្រជុំកំពូល អាស៊ានចូលមកដល់នេះ គេសង្កេតឃើញនៅតាមដងវិថីធំៗ ក្នុងរាជធានីភ្នំពេញមានរៀបចំ តែងលំអរភ្លើងផ្កាភ្ញីវល្លិ៍នានា ដើម្បីជួយលើកសោភ័ណភាព រាជធានីភ្នំពេញ មួយកម្រិតថែមទៀត សម្រាប់កិច្ចប្រជុំនេះ ហើយសាលារាជធានី ក៏បានដាំផ្កានៅ សួនមុខវិមានសន្តិភាព និងសួនច្បារវត្តភ្នំ កាលពីព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១២ ដោយមានការចូលរួម ពីក្រុមយុវជនរាជធានីភ្នំពេញជាង ១០០នាក់ផងដែរ៕

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]