ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យ ពិធីករ-ពិធីការិនី ដែលកំពុងបម្រើការងារ នៅក្នុងស្ថានីយទូរទស្សន៍ និងវិទ្យុ នានាមិនត្រូវនិយាយភាសាខ្មែរ លាយឡំជាមួយ ភាសាអង់គ្លេសនោះទេ ព្រោះធ្វើឲ្យប្រជាជន ជាអ្នកទស្សនា និងស្ដាប់ពិបាកយល់។

លោក ខៀវ កាញារីទ្ធ បានអំពាវនាវបែបនេះ គ្រាដែលលោកបានចូលរួម ក្នុងពិធីបើកមហោស្រព សិល្បៈយុវជនខ្មែរ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅមហោស្រពចេនឡា រាជធានីភ្នំពេញ។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ ថា កន្លងមកក្រសួងព័ត៌មាន តែងតែអប់រំ និងណែនាំ ដល់ពិធីករ-ពិធីការិនី កុំនិយាយភាសាខ្មែរ លាយជាមួយភាសាបរទេស ដែលទង្វើបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ជាអ្នកតាមដាន ស្ដាប់ពិបាកយល់នូវអត្ថន័យ។ “ក្រសួងព័ត៌មាន តែងណែនាំ ដល់ពិធីករ-ពិធីការនី កាលណាចូលនិយាយ ទូរទស្សន៍ វិទ្យុ ឲ្យប្រើខ្មែរទេ ដើម្បីឲ្យខ្មែរយើងស្ដាប់បានផង កុំពាក់កណ្ដាលខ្មែរ ពាក់កណ្ដាលអង់គ្លេស ដឹងអ្នកណាស្ដាប់ខាងណា”។

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានលើក ជាឧទាហរណ៍ចំនួនថា មានក្រសួង ឬស្ថាប័នមួយ ត្រូវការជ្រើសរើស បុគ្គលិកចំនួនច្រើន បើអ្នកណាម្នាក់ចាប់អារម្មណ៍ អាច Apply បាន។ មួយទៀតគឺ ពេលលោក ទៅពិសារភោជនីយអាហារ នៅក្នុងហាង អ្នករត់តុនិយាយ ថា ឯកឧត្តម សុំ Clean តុបានទេ?

ពិធីការិនី អ្នកនាង យុគ ចិន្តា បានគាំទ្រនូវប្រសាសន៍ លោក ខៀវ កាញារីទ្ធ ព្រោះ ថា ការនិយាយភាសាខ្មែរ លាយឡំជាមួយ ភាសាអង់គ្លេស ធ្វើឲ្យអ្នកស្ដាប់ធុញទ្រាំ និងពិបាកស្វែងយល់។ “ខ្ញុំយល់ថាល្អ កាលដែលគាត់ មានប្រសាសន៍បែបនេះ ព្រោះថាចិត្តរបស់ខ្ញុំចង់បាន អីចឹងយូរហើយ ខ្ញុំចង់បានថាឲ្យ ពិធីការិនីឬពិធីករ នៅក្នុងស្រុកខ្មែររបស់យើង បើសិនជាគាត់និយាយជាភាសាខ្មែរ សម្រាប់ឲ្យខ្មែរស្ដាប់ សូមឲ្យគាត់និយាយ ឲ្យច្បាស់ជាភាសាខ្មែរ”។

អ្នកនាង យុគ ចិន្តា បានអះអាង ថា កន្លងអ្នកនាងធ្លាប់បាន អំពាវនាវឲ្យ ពិធីករ-ពិធីការិនី តាមវិទ្យុ មិនត្រូវនិយាយ ភាសាខ្មែរលាយឡំ និងភាសាបរទេសនេះ ម្ដងរួមមកហើយ តាមកញ្ចក់ទូរទស្សន៍។

គួរកត់សម្គាល់ថា ពិធីករ-ពិធីការិនី ដែលកំពុងបម្រើការងារ នៅក្នុងស្ថានីយទូរទស្សន៍ និងវិទ្យុ នៅក្នុងប្រទេសកម្ពុជាមួយចំនួន កំពុងប្រើប្រាស់ភាសាខ្មែរ លាយជាមួយភាសាអង់គ្លេស ដែលបញ្ហានេះបានធ្វើឲ្យ ប្រជាពលរដ្ឋជាច្រើន មានការលំបាក ក្នុងការទទួលបាន ព័ត៌មាន ពិធីករ-ពិធីការិនី ទាំងនោះ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា