(កំពត)៖ បន្ទាប់ពីមានការប្រតិកម្មយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋព្រោះតែការកែប្រែឈ្មោះនៅលើខ្លោងទ្វារចូលទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោលនោះ នៅពេលនេះឈ្មោះលើខ្លោងទ្វារត្រូវបានដាក់ថ្មីហើយដោយរំលេចព្រះនាមអតីតព្រះមហាក្សត្រខ្មែរផងដែរ។ ឈ្មោះថ្មី នៅលើខ្លោងទ្វារនេះគឺ «ឧទ្យានជាតិព្រះមុនីវង្សបូកគោ»។

ឈ្មោះថ្មីលើខ្លោងទ្វារចូលទៅកាន់រមណីយដ្ឋានភ្នំបូកគោនេះ ត្រូវបានរៀបចំដាក់រួចរាល់នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។ ដោយអនុវត្តន៍តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងន័យជម្រះរាល់ភាពមន្ទិលសង្ស័យទាំងឡាយ បន្ទាប់ពីខ្លោងទ្វារនោះស្ថិតក្នុងភាពទំនេរប្រហែលជាង ៣ខែកន្លងទៅនេះ។

មន្ត្រីជំនាញពាក់ព័ន្ធនៃមន្ទីរបរិស្ថានខេត្តកំពត បានប្រាប់ឲ្យដឹងថា ដោយផ្អែកតាមលិខិតលេខ៩៨៥.សជណ.កស ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជម្រាបជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានខ្លឹមសារតម្រូវឲ្យសម្របសម្រួលការរៀបចំស្លាកសញ្ញានៅខ្លោងទ្វារធំចូលឆ្ពោះទៅភ្នំបូកគោដោយសរសេរថា «ឧទ្យានជាតិព្រះមុនីវង្សបូកគោ»។

តាមលិខិតដដែលនេះ បានបញ្ជាក់ថា ស្លាកនេះត្រូវមានរចនាបទខ្មែរ និងឆ្លុះបញ្ចាំងនូវអត្តសញ្ញាណនៃឧទ្យានជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិក៏ដូចជាលុបបំបាត់ការភ័ន្តច្រឡំពីសាធារណជនពាក់ព័ន្ធការប្តូរនាមករណ៍របស់ក្រុមហ៊ុនសុខាអូតែល។

មន្ត្រីបរិស្ឋានរូបនេះ បានឲ្យដឹងទៀតថា ដោយបានសម្របសម្រួលរួចរាល់ និងស្ថិតក្នុងភាពបន្ទាន់ផងនោះ សាខាក្រុមហ៊ុនសុខាអូតែលបានបញ្ជូនកម្លាំងមកលើកស្លាកសញ្ញាសម្គាល់ក្រសួងបរិស្ថាន និងរៀបចំដំឡើងអក្សរនូវពាក្យថា «ឧទ្យានជាតិព្រះមុនីវង្សបូកគោ» លើខ្លោងទ្វារផ្លូវចូលទៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

គួររំលឹកផងដែរថា តបតាមបទបញ្ជាក្នុងភាពបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ លោក ចាន់ ចេស្តា អភិបាលខេត្តកំពតបានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធចុះដោះស្លាកសញ្ញា និងឈ្មោះនៅលើខ្លោងទ្វារឆ្ពោះទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោព្រោះតែសាខាក្រុមហ៊ុនសុខាអូតែលប្តូរឈ្មោះពីរមណីយដ្ឋានឋានសួគ៌បូកគោទៅជារមណីយដ្ឋានសុខាឋានសួគ៌ដែលបង្កឲ្យមានការភ័ន្តច្រឡំពីសាធារណជនជាច្រើន ទាំងនៅក្នុងស្រុក និងបរទេស។

តាំងពីថ្ងៃរុះរើមកនៅលើខ្លោងទ្វារនេះស្ថិតក្នុងភាពទំនេរដោយពុំមានឈ្មោះនិងសញ្ញាអ្វីជាសម្គាល់ឡើយ។ ចន្លោះពេលនោះពោលគឺនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧កិច្ចប្រជុំមួយបានធ្វើឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីបណ្តាក្រសួងពាក់ព័ន្ធនានា។

សំណើសំខាន់ៗមួយចំនួនបានកើតចេញតាមរយៈកិច្ចពិភាក្សានេះទើបនៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រីចារឯកភាពដែលក្នុងនោះមានទាំងការកំណត់យកឈ្មោះ «ឧទ្យានជាតិព្រះមុនីវង្សបូកគោ» សម្រាប់ដាក់សម្គាល់នៅខ្លោងទ្វារចូលរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំបូកគោ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]