ចិន៖ កុមារា Wangzhen គឺជាក្មេងម្នាក់ដែលមានវ័យ ១២ឆ្នាំ រស់នៅតំបន់ Nanyang ខេត្ត Henan នៃប្រទេសចិន។ កាលពីរូបគេស្ថិតក្នុងវ័យទើប ២ឆ្នាំ Wangzhen ត្រូវជួបនូវរឿងរ៉ាវដ៏គួរឲ្យសោកសង្រេងមួយព្រោះម្តាយរបស់គេបានលាចាកលោកទៅ។ នៅពេលនោះ Wangzhen ត្រូវរស់នៅជាមួយនឹងឪពុកឈ្មោះ Wangnam ដែលជាកម្មករសំណង់។ ការធ្វើជាកម្មករសំណង់ផង និងដើរតួនាទីជាមេផ្ទះផង វាពិតជាលំបាកពេកទៅហើយសម្រាប់លោក Wangnam ក៏ប៉ុន្តែអ្វីដែលកាន់តែលំបាកទៅទៀតនោះគឺ រូបលោកបានជួបគ្រោះថ្នាក់ដាច់ដៃខាងស្តាំម្ខាងក្នុងពេលបំពេញការងារ។

សកម្មភាព Wangzhen លក់របស់ដែលគេរើសបាន

នៅក្នុងវ័យ ៩ឆ្នាំ ក្រៅតែពីក្លាយខ្លួនទៅជាក្មេងកំព្រា និងមានឪពុកជាជនពិការហើយ គ្រួសាររបស់ Wangzhen គឺត្រូវជួបប្រទះបញ្ហាដ៏ធំមួយទៀតគឺ លោកយាយរបស់ Wangzhen បានជំពាក់បំណុលគេច្រើនណាស់ ដូច្នេះ បន្ទុកក្នុងការសង គឺត្រូវធ្លាក់មកលើគ្រួសារ Wangzhen ទាំងស្រុង ក្រោយពីលោកយាយរបស់គេបានលាចាកលោកទៅ។

សកម្មភាព Wangzhen ដើររើសសម្រាម

ប៉ុន្មានខែក្រោយមក គ្រួសាររបស់ Wangzhen ហាក់ដូចជាមានពន្លឺនៃសុភមង្គលមកវិញ ព្រោះឪពុករបស់គេអាចប្រកបរបរដែលអាចរកប្រាក់ចំនូលមធ្យមមួយ។ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ មាននារីម្នាក់ឈ្មោះថា Liang Yinchun បានស្ម័គ្រចិត្តដើរចូលមកកាន់ជីវិតរបស់ឪពុកគេ ហើយដើរតួនាទីជាអ្នកម្តាយចុង និងជាមេគ្រួសារប្រចាំនៅក្នុងផ្ទះរបស់គេផងដែរ។ ពេលនោះ ឪពុក Wangzhen និង Wangzhen ពិតជាសប្បាយចិត្តណាស់ ព្រោះរូបគេបានស្គាល់អ្វីទៅជាភាពកក់ក្តៅនៅក្នុងគ្រួសារ។

សកម្មភាព Wangzhen មើលថែម្តាយចុងរបស់គេ

ការរស់នៅក្នុងភាពសប្បាយរីករាយមិនបានយូរប៉ុន្មានផង គ្រួសាររបស់ Wangzhen ត្រូវជួបប្រទះនូវទុក្ខសោកដ៏ក្រៀមក្រំសាជាថ្មី ព្រោះ Liang Yinchun ដែលត្រូវជាម្តាយចុងរបស់ Wangzhen បានធ្លាក់ខ្លួនឈឺជាទម្ងន់ រហូតដល់ត្រូវបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីពេទ្យអស់រយៈពេលជាច្រើនខែ។ ពេលនោះ ស្ថានភាពគ្រួសាររបស់ Wangzhen ស្ទើរតែធ្លាក់ដល់កម្រិតសូន្យទៅហើយ ព្រោះចំនូលដែលឪពុកពិការរបស់គេរកបាន គឺត្រូវសងថ្លៃបំណុលផង និងផ្គត់ផ្គង់ថ្លៃចំណាយទៅលើការព្យាបាលម្តាយរបស់គេផង ដូច្នេះ វាពិតជាមិនគ្រប់គ្រាន់ឡើយ។

សកម្មភាព Wangzhen មើលថែម្តាយចុងរបស់គេ

ឃើញស្ថានភាពគ្រួសារលំបាកបែបនេះ Wangzhen ក៏សម្រេចចិត្តចាប់ផ្តើមអាជីពជាក្មេងដើររើសសម្រាម ដើម្បីទទួលបានកម្រៃបន្តិចបន្ទួចមកជួយផ្គត់ផ្គង់ថ្លៃព្យាបាលម្តាយចុងរបស់គេ។ Wangzhen បានរៀបរាប់ទាំងញញឹមថា៖

ក្នុងពាក់កណ្តាលថ្ងៃ ខ្ញុំអាចរកប្រាក់បាន ២.៥ យ័ន (១ ៦០០ រៀល)។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលខ្ញុំអាចរកប្រាក់ដើម្បីជួយអ្នកម្តាយរបស់ខ្ញុំបាន ព្រោះកាលគាត់នៅមានរាងកាយមាំមួន គាត់មើលថែខ្ញុំ និងឪពុកខ្ញុំបានយ៉ាងល្អ ដូច្នេះ ដើម្បីសងគុណដល់គាត់វិញ ខ្ញុំត្រូវតែសម្រេចចិត្តធ្វើបែបនេះ។ ពេលនេះលោកគ្រូពេទ្យមានប្រសាសន៍ថា ប្រសិនបើមិនព្យាបាលទេ ម្តាយរបស់ខ្ញុំនឹងត្រូវស្លាប់។ ខ្ញុំមិនអាចឈរអោបដៃមើលគាត់ស្លាប់នោះទេ ខ្ញុំនឹងព្យាយាមរកប្រាក់ឲ្យបានគ្រប់ចំនួនដើម្បីព្យាបាលគាត់ឲ្យជា៕
សកម្មភាព Wangzhen ដើររើសសម្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]