ស្វាយរៀងៈ កូនប្រុសអកតញ្ញូម្នាក់ ហេតុតែស្រាចូលខ្លួន បានធ្វើឲ្យចិត្តមោបាំង លែងស្គាល់បាបបុណ្យ គុណទោសនោះ បានយកកាំបិត និងព្រនង់វាយសំពងម្ដាយឪពុក ដែលជាព្រះអរហន្តឲ្យរងរបួស ជាទម្ងន់កាលពីល្ងាចថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១២ នៅក្នុងភូមិស្វាយតាយាន ស្រុកកំពង់រោទិ៍។

យោងតាមស្រ្តីរងគ្រោះឈ្មោះ ម៉ុច សាត អាយុ ៥៩ឆ្នាំ ដែលត្រូវជាម្ដាយកំពុងតែសម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកូនប្រុស បង្កើតរបស់គាត់ ឈ្មោះ ឈឹម វុទ្ធី អាយុ ២៣ ឆ្នាំមិនដឹងជាមកពីផឹកនៅឯណានោះទេ ស្រវឹងជោក ហើយបានជេរបញ្ចោរ គាត់ដែលជាម្ដាយ។ ដោយទ្រាំមិនបានពីការជេរប្រមាថនេះ គាត់ក៏បានសួរទៅកូនប្រុសអកតញ្ញូនេះថា ហេតុអ្វីបានជាកូនជេរម៉ែបែបនេះទៅវិញ?

គ្រាន់តែឮគាត់សួរបែបនេះ កូនប្រុសនោះបានស្ទុះមកវាយទាត់ធាក់គាត់តែម្ដង ព្រមទាំងបានយកព្រនង់ និងកាំបិតមកកាប់គាត់ឲ្យរងរបួសសន្លប់ស្ដូកស្ដឹងហូរឈាមនៅពេញក្រោមផ្ទះ។

ស្រ្តីរងគ្រោះរូបនេះបានបន្តថា ពេលដែលកូនប្រុសកំពុងតែវាយគាត់នោះ ប្ដីរបស់គាត់ដែលត្រូវជាឪពុក ជនដៃដល់នោះ ក៏បានរត់មកពីផ្ទះអ្នកជិតខាងចូលមកជួយគាត់ ហើយក៏ត្រូវកូនតិរច្ឆានរូបនេះ កាប់ត្រូវ ប៉ុន្មានកាំបិត និងយកព្រនង់វាយត្រូវចំក្បាលបែកឈាម តាមក្បាល និងតាមមាត់ព្រមទាំងហូរឈាមតាម ត្រចៀក ចំណែកប្អូនស្រី ដែលទើបតែចេញពីធ្វើការនៅរោងចក្រ ពេលដែលឃើញបងប្រុសរបស់ខ្លួន វាយឪពុកម្ដាយខ្លួនឯងបែបនេះ ក៏ចូលទៅជួយ ហើយក៏ត្រូវបងប្រមឹករូបនេះ កាប់ឲ្យរងរបួសផងដែរ។

លោក ថោង សារី ដែលត្រូវកូនរបស់ខ្លួនកាប់ឲ្យរងរបួសជាទម្ងន់នោះ បានប្រាប់ឲ្យដឹងថា នេះជាលើកទី ពីរហើយ ដែលកូនប្រុសរូបនេះ បានវាយធ្វើបាបគាត់ពេលដែលស្រាចូលខ្លួន ដោយលើកមុនគាត់មិនប្ដឹង អីនោះទេ ព្រោះវាជាសាច់ឈាមឯង ក៏ប៉ុន្តែលើកនេះ គាត់ទុកឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ដើម្បីឲ្យ រាងចាលម្ដង។

គួរបញ្ជាក់ថា បន្ទាប់ពីកើតហេតុជនដៃដល់ ក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ព្រោះរងរបួស ពេលអ្នកជិតខាងចូលជួយអន្តរាគមន៍ ហើយក៏ប្រហែលជាស្វាគមន៍ដោយជើងដៃផងមើលទៅ បុរស ប្រមឹករូបនេះ បែកក្បាលសន្លប់ ចំណែកសមត្ថកិច្ច បានចាប់ខ្លួនច្រលំមនុស្សពីរនាក់យកទៅឃុំខ្លួននៅ ប៉ុស្តិ៏នគរបាលអស់មួយយប់ ប៉ុន្តែនៅពេលព្រឹកបានដោះលែងឲ្យមានសេរីភាពវិញ នៅពេលដែលដឹងថា ចាប់ខុសនោះ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]