ទឹកដោះម្តាយ គឺជាអាហារដ៏ល្អបំផុត ដែលអ្នកអាចចិញ្ចឹមទារក ក្រោយពេលសម្រាល រហូតដល់អាយុ៦ខែ ដូចដែលបានណែនាំ ដោយអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO និង The American Academy of Pediatric ។

លើសពីនេះទៅទៀត ទឹកដោះម្តាយ ត្រូវបានដឹងថា មានសារធាតុចិញ្ចឹមជាច្រើន ជួយដល់ការរីកលូតលាស់ និងផ្តល់មកនូវសុខភាពល្អដល់ទារក។ ទន្ទឹមនឹងនេះផងដែរ អ្នកម្តាយដែលបានបំបៅដោះកូន ក៏អាចកាត់បន្ថយហានិភ័យ នៃការកកើតជំងឺមហារីកសុដន់ មហារីកក្រពេញអូវែ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម បានថែមទៀតផង។

ដោយឡែក រឿងដែលសំខាន់មួយវិញទៀតនោះ ការបំបៅដោះកូន អាចបង្កើតទំនាក់ទំនងរវាងម្តាយ និងកូនឲ្យមានភាពជិតស្និត ក៏ដូចជាទទួលបានភាពកក់ក្តៅទៅវិញទៅមកផងដែរ។ 

រូបភាពតំណាង

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ក្នុងការស្វែងយល់អំពីការបំបៅដោះកូន ជាពិសេស ចំពោះស្រ្តីជាម្តាយដែលទើបតែសម្រាលកូនដំបូងតែម្តង៖

១/ យល់ដឹងពីគន្លឹះនៃការបំបៅដែលត្រឹមត្រូវ

• ដោយសារតែ ស្រ្តីជាម្តាយដែលទើបតែសម្រាលកូនដំបូង គឺពិតជាមានភាពលំបាកនៅក្នុងការបំបៅដោះកូន ដូច្នេះអ្នកត្រូវតែសាកសួរគ្រូពេទ្យ ដើម្បីណែនាំពីការដាក់ទារកនៅពេលបំបៅ

• ប្រសិនបើអ្នកមានបញ្ហា ជាមូយនឹងការបំបៅនេះ អ្នកគួរតែទាក់ទងជាមួយនឹងគ្រូពេទ្យភ្លាមៗ។

រូបភាពតំណាង

២/ រៀបចំខ្លួនឯងឲ្យមានភាពងាយស្រួលមុនពេលធ្វើការបំបៅ

• ជាការពិតណាស់ បន្ទាប់ពីសម្រាលកូនរួច អ្នកម្តាយគ្រប់រូបប្រហែលជាមានការឈឺចាប់ និងមានសភាពទន់ខ្សោយ ដូច្នេះគួរតែរៀបចំខ្លួនឯង ឲ្យមានភាពងាយស្រួលនៅមុនពេលបំបៅដោះកូន ។

រូបភាពតំណាង

៣/ មើលសញ្ញារបស់ទារក

• ទារកនឹងបង្ហាញសញ្ញា នៅពេលដែលពួកគេឃ្លាន ដូចជាដាក់ដៃក្នុងមាត់ ឬដៃរបស់គេលើកចុះឡើងជាដើម។ ហេតុនេះអ្នកត្រូវផ្តល់ការបំបៅដល់ពួកគេភ្លាម។

• អ្នកត្រូវបំបៅកូនប្រហែលពី ១០ ទៅ១២ដងក្នុងមួយថ្ងៃ ប៉ុន្តែទារកខ្លះអាចត្រូវការ ការបំបៅលើសពីនេះក៏មាន។

• កាលណាអ្នកបំបៅដោះកូន កាន់តែញឹកញាប់ ការផលិតទឹកដោះ ក៏កាន់តែកើនឡើង។

• មួយវិញទៀត ទារកងាយនឹងចាប់បានក្លិនយ៉ាងងាយ ដូច្នេះសូមដាក់ទារកឲ្យជិតទ្រូងរបស់អ្នកដើម្បីឲ្យទារកងាយស្រូលក្នុងការបៅដោះ។

រូបភាពតំណាង

៤/ សូមផ្តល់ការបំបៅដោះទាំងសងខាង

• សូមផ្តល់ការបំបៅដោះកូនរបស់អ្នកទាំងសងខាង

• បំបៅកូនរបស់អ្នក រហូតដល់សុដន់ម្ខាង អស់ទឹកដោះ (មានសភាពទន់) បន្ទាប់មកទើបប្តូរទៅសុដន់ម្ខាងទៀត

• ប៉ុន្តែនៅក្នុងករណីនេះ ទារកខ្លះចូលចិត្តការបំបៅតែសុដន់ម្ខាង ហេតុនេះអ្នកត្រូវធ្វើការបូប ឬច្របាប់ទឹកដោះ នូវសុដន់ម្ខាងទៀតដើម្បីបន្ថយសម្ពាធ និងដើម្បីយកទឹកដោះដែលបានច្របាច់នោះទុកសម្រាប់ផ្គត់ផ្គង់។

៥/ រក្សាជាតិទឹកក្នុងខ្លួន

• ការរក្សាជាតិទឹក គឺជារឿងសំខាន់ដើម្បីឲ្យមានសុខភាពល្អ

• ប្រសិនបើអ្នកមិនទទួលទានទឹក ឲ្យបានគ្រប់គ្រាន់ទេនោះ វាមិនអាចការពាររាងកាយរបស់អ្នក ផលិតទឹកដោះបានគ្រប់គ្រាន់នោះទេ។ ដូច្នេះការថយចុះជាតិទឹកក្នុងខ្លួន របស់ស្រ្តីជាម្តាយ វានឹងអាចបន្ថយការផ្គត់ផ្គង់ ទឹកដោះដល់ទារកបានផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]