កែងដៃស្ងួត គ្រើម ហើយថែមទាំងប្រះស្រកាផងនោះ វាពិតជាធ្វើឲ្យអ្នកបាត់បង់ភាពស្រស់ស្អាតមួយផ្នែកទៅហើយ បើទោះបីជាអ្នករូបរាង និងស្បែកស្អាតក៏ដោយ។

ម្យ៉ាងវិញទៀត បញ្ហានេះវាកើតឡើង ដោយសារតែការចំណាយពេលច្រើនក្នុងអាងទឹក ការប្រើប្រាស់ផលិតផលថែរក្សាស្បែក ដែលមានជាតិគីមី ការមុជទឹកក្តៅ ឬបណ្តាលមកពីកាំរស្មីអ៊ុលត្រាវីយូ (UV) នៃព្រះអាទិត្យ និងកត្តាផ្សេងៗទៀត។ 

រូបភាពតំណាង

អ្នកកំពុងស្វែងរក ដំណោះស្រាយមែនទេ? វិធីសាស្រ្តខាងក្រោមនេះ អាចជួយអ្នកបាន៖

១/ ជូតសម្អាត

• ជំហានដំបូង និងសំខាន់បំផុតសម្រាប់បំបាត់ស្បែកស្ងួតនោះ គឺដុសសម្អាតស្បែកដែលចាស់ៗ ដែលងាប់ចេញ

• ការដុសនេះ ត្រូវបានគេណែនាំឲ្យអនុវត្តន៍ នៅពេលមុជទឹកដោយប្រើស្បៃដុសខ្លួន ឬវត្ថុសម្រាប់ដុសខ្លួនផ្សេងទៀត

• ដុសសម្អាតដោយថ្មមៗ មិនត្រូវប្រើកម្លាំងខ្លាំងនោះទេ ព្រោះវាអាចបណ្តាលឲ្យមានបញ្ហាផ្សេងកើតឡើង

• បន្ទាប់ពីដុសកែងដៃរួចហើយ ត្រូវលាងសម្អាតជាមួយទឹកត្រជាក់ ហើយជូតវាឲ្យស្ងួត រួចយកប្រេងអូលូវពីរបីតំណក់លាបពីលើ ឬប្រើឡេលាបស្បែកណាដែលមានសំណើម

• ធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍ (មិនឲ្យលើសពីនេះ) ។

រូបភាពតំណាង

២/ ប្រេងដូង

ដោយសារតែប្រេងដូង ​​​​​​​​​​​​​​​​​​​​​មានជាតិសំណើមខ្ពស់តាមបែបធម្មជាតិ ដូច្នេះហើយវាមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល កែងដៃដែលស្ងួត គ្រើម និងរបក។ ចំណែកឯ វីតាមីន E ដែលមាននៅក្នុងប្រេងដូង អាចជួយកាត់បន្ថយភាពស្ងួត និងជួសជុលស្បែកដែលស្រអាប់ ឬខូច។

វិធីប្រើ៖

• កម្ដៅប្រេងដូងឲ្យឡើងក្តៅបន្តិច

• យកប្រេងដូងដែលក្តៅល្មមនោះ លាបនៅលើកែងដៃរបស់អ្នក

• ម៉ាស្សាវាសថ្មមៗ នៅលើកែងដៃរបស់អ្នក ដើម្បីធ្វើឲ្យប្រេងជ្រាបចូលទៅក្នុងស្បែក

• អនុវត្តន៍វិធីនេះ បន្ទាប់ពីមុជទឹករួច និងមុនពេលចូលគេង

• ធ្វើដូចនេះជារៀងរាល់ថ្ងៃ រហូតទាល់តែកែងដៃរបស់អ្នកប្រែជារលោងស្អាត

• អ្នកអាចប្រើប្រេងអូលូវ ឬប្រេងAlmond ជំនួសប្រេងដូងក៏បាន ។

រូបភាពតំណាង

៣/ ប្រេងអូលីវ និងស្ករត្នោត

ស្ករត្នោត នឹងជួយបំបាត់ស្បែកស្ងួតពីកែងដៃរបស់អ្នក ចំណែកឯប្រេងអូលីវនឹងធ្វើអោយស្បែករបស់អ្នកមានសំណើម។

វិធីប្រើ៖

• ស្ករត្នោតបន្តិច និងប្រេងអូលីវបន្តិចលាយចូលគ្នា នៅក្នុងកូនចានតូចមួយ

• លាយវាចូលគ្នារហូតទាល់តែហ្មត់សព្វល្អ

• យកល្អអ្នកគួរតែបន្ថែមទឹកឃ្មុំបន្តិច

• ម៉ាស្សាល្បាយនេះ ជារង្វង់នៅលើកែងដៃថ្មមៗ រយៈពេល២នាទី

• បន្ទាប់មកទុកឱ្យវាចោលរយៈពេល១០នាទី

• លាងសម្អាតចេញដោយទឹកក្តៅអ៊ុនៗ

• អនុវត្តបែបនេះពីរដងក្នុងមួយសប្តាហ៍ 

រូបភាពតំណាង

៤/ ប្រទាលកន្ទុយក្រពើ

Aloe vera ឬប្រទាលកន្ទុយក្រពើ គឺជាជាតិសំណើមធម្មជាតិ ដ៏អស្ចារ្យមួយដែលអាចជួយដោះស្រាយ ជាមួយនឹងកែងដៃស្ងួត និងប្រះស្រកា។ មិនត្រឹមតែប៉ុណ្ណោះវាអាចរក្សាស្បែកឱ្យមានសំណើម ក៏ដូចជាព្យាបាលកោសិកាស្បែកដែលខូចខាតទៀតផង។

វិធីប្រើ៖

• ទាញយកជែល ឬសាច់របស់វា

• បន្ទាប់មកលាបវានៅលើកែងដៃរបស់អ្នក

• ទុកវាចោលរយៈពេល ២០នាទីរួចលាងសម្អាតចេញជាមួយនឹងទឹកក្តៅ

• ធ្វើដូចនេះ ១ឬ២ដងជារៀងរាល់ថ្ងៃ និងរយៈពេលពីរ ទៅបីសប្តាហ៍ 

រូបភាពតំណាង

៥/ ទឹកឃ្មុំ

ទឹកឃ្មុំ វាជ្រាបចូលទៅក្នុងស្បែក បានយ៉ាងជ្រៅដើម្បីរក្សាសំណើមសម្រាប់ស្បែកស្ងួត និងគ្រើម ឬប្រះស្រកា។

វិធីប្រើ៖

• ប្រើទឹកឃ្មុំធម្មជាតិលាបនៅលើកែងដៃរបស់អ្នក

• ទុកឱ្យវាចោលរយៈពេល ២០នាទី

• បន្ទាប់មកលាងសម្អាតចេញជាមួយនឹងទឹកក្តៅ

• អនុវត្តវិធីសាស្រ្តនេះ១ ឬ២ដងជារៀងរាល់ថ្ងៃដើម្បីឲ្យឆាប់ទទួលបានប្រសិទ្ធភាព

• ជាជម្រើសដ៏ល្អអ្នកគួរតែលាយទឹកឃ្មុំ ជាមួយនឹងទឹកដោះគោ រួចលាបវានៅលើស្បែកដែលស្ងួត និងទុកចោលរយៈពេល២០នាទី ទើបលាងទឹកចេញជាការស្រេច (ធ្វើបែបនេះជារៀងរាល់ថ្ងៃ ឬធ្វើបានគ្រប់ពេលដែលអ្នកត្រូវការ) ៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]