ភ្នំពេញៈ បន្ទាប់ពីតារាជាប់ឈ្មោះសិចស៊ី ស្ទើរដល់កំពូល ឆៃ លីដាឡែន បានថ្លែងសុំទោសជាសាធារណៈ តាមរយៈសមាគមន៍ សិល្បករខ្មែរ ដែលមានលោក សុះ ម៉ាច ជាប្រជាធាននិងជាសាក្សី ដឹងឮពីការទទួលស្គាល់ កំហុសរបស់នាង រួចមក ឆៃ លីដាឡែន បានថ្លែងជាថ្មី ក្នុងកម្មវិធី “ជីវិតសិល្បៈ”  ដែលបានរៀបចំឡើង ដោយ លោក សុះ ម៉ាច ដដែលនិងជាវត្តមានដំបូងបំផុត ក្នុងការបង្ហាញមុខ តាមរយៈកញ្ចក់ទូរទស្សន៍ ខ្មែរប៉ុស្តិ៍លេខ៩  បន្ទាប់ពីរូបនាង វិលមកពីសម្តែង នៅអាមេរិក ដោយរូបនាងបាន បញ្ជាក់ថា “ខ្ញុំសូមសន្យាមិនឲ្យមាន ជាលើកទី២ ទៀតទេ” ។

ការថ្លែងបែបនេះ អាចសន្និដ្ឋានបានថា ស្រីស្រស់សិចស៊ី ឆៃ លីដាឡែន នាងមិនបានគេចវេស ក្នុងការទទួល ស្គាល់កំហុស ដែលនាងបានប្រព្រឹត្តដោយអចេតនា ពោល គឺនាងចេះទទួលខុសត្រូវពីអ្វីដែលខ្លួនបានធ្វើ ចំពោះមុខមហាជន ដែលតែងតែ ថ្លែងរិះគន់ ស្ថាបនាទៅលើរូបនាង ។ ជាការពិតមនុស្សគ្រប់រូប តែងតែមាន កំហុស ហើយបើមិនចេះខុស ក៏រកត្រូវមិនឃើញដែរ ។ ជាក់ស្តែងដូចជា ឆៃ លីដាឡែន នេះជាដើម បើមិនបានទទួលការរិះគន់ យ៉ាងចាស់ដៃ ពីក្រសែភ្នែកមហាជ ននោះទេ នាងពិតជាមិនអាចមើលឃើញ ថាខ្លួនឯងខុសនោះទេ ។

ឆៃ លីដាឡែន បានថ្លែង ទទួលស្គាល់កំហុសរបស់នាងថា “រឿងហ្នឹងខ្ញុំទទួលថាខុសបង …តែខ្ញុំមិននឹកស្មានថា រូបភាព នោះត្រូវបានគេបង្ហោះ ពាសពេញផ្ទៃប្រទេស ធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនព្រើត ហើយគិតថាសម្លៀកបំពាក់ ដែលខ្ញុំ ស្លៀកក្នុងកម្មវិធី នៅអាមេរិកនោះ វាមិនបានផ្សាយផ្ទាល់ តាមរយៈស្ថានីយ៍ទូរទស្សន៍ណាមួយឡើយ” ។

ឆៃ លីដាឡែន បន្តទៀតថា “រឿងនេះខ្ញុំសូមសន្យាថា មិនឲ្យមានជាលើកទី២ទៀតទេ ធម្មតាមនុស្សគ្រប់ គ្នាតែងមានកំហុស សូមបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន គ្រប់ស្ថាប័ន ក្រសួងពាក់ព័ន្ធមេតា្តអាធ្យាស្រ័យ យោគយល់ដល់នាងខ្ញុំ ជាអ្នកសិល្បៈ ។ ខ្ញុំគិតថា អ្នកសិល្បៈតែងតែមានអ្នកស្រលាញ់ តែងតែមានអ្នកស្អប់ រាល់ពេល មានសកម្មភាព អ្វីមួយកើតឡើង ដូច្នេះនេះជាកំហុសអចេតនារបស់ខ្ញុំ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ បងប្អូនប្រជាពលរដ្ឋ ក៏ប៉ុន្តែតាមរយៈការរិះគន់នេះ ក៏ជាកញ្ចក់ មួយឆ្លុះបញ្ចាំងឲ្យឃើញ ពីខ្លួនខ្ញុំនិងឃើញពីកំហុស របស់ខ្ញុំ” ។

ទោះបីជាយ៉ាងណា ការទទួលស្គាល់ថា នាងបានស្លៀកពាក់សិចស៊ី ធ្វើឲ្យប៉ះពាល់ដល់តម្លៃ វប្បធម៌របស់ជាតិខ្មែរ ក៏ប៉ុន្តែការបង្ហាញឡើង នូវរូបសិចស៊ី ទី២ ស្តីពីការវះកាត់ ដាក់ ស៊ីលីកូន ក្នុងដើមទ្រូង ដើម្បីបានរីកធំមូលក្បំល្អ នៅលើទឹកដីអាមេរិកនោះ ឆៃ លីដាឡែន បានបដិសេធមិនទទួលស្គាល់ និងបញ្ជាក់ថារូបភាពនេះ គឺជាការកាត់ តសុទ្ធសាទ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះនាង ជាពិសេសមានគេចង់ជាន់ពន្លិច កេរ្តិ៍ឈ្មោះនាងបន្ថែមទៀត ខណៈដែលនាងកំពុងតែ ទទួលរងនូវការរិះ គន់ហើយនោះ ។ ឆៃ លីដាឡែន និយាយ “ពេលខ្ញុំអញ្ចឹងហើយនោះ មានអ្នកខិលខូចមួយចំនួន បានកាត់តរូបខ្ញុំ បង្ហោះបន្ថែមទៀត និយាយទៅគេចចង់ជាន់ពន្លិច ខ្ញុំតែម្តង នៅពេលដែលខ្ញុំ កំពុងជួបបញ្ហានេះ ស្រាប់ទៅហើយ ។ ខ្ញុំក៏សូមទទូចដល់ អ្នកដែលចង់បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ  សូមមេត្តាគួរឈប់ធ្វើ ទង្វើឆ្កូតៗបែបនេះទៀតទៅ ។ ខ្ញុំធ្វើខុសខ្ញុំទទួលកំហុស តែបើគេធ្វើបាបខ្ញុំ ឲ្យខ្ញុំធ្វើយ៉ាងម៉េចវិញ” ។

ជាមួយគ្នានេះដែរ ប្រធានសមាគមន៍សិល្បករខ្មែរ លោក សុះ ម៉ាច ក៏បានថ្លែងព្រមទទួលស្គាល់ ពីការសុំទោសរបស់ ឆៃ លីដាឡែន ដែលនាងបានថ្លែងជាសាធារណៈ ទៅកាន់សាធារណៈជន ។ លោក សុះ ម៉ាច និយាយ “ខ្ញុំយល់ថា វាជាការប្រសើរបំផុត ដែលឆៃ លីដាឡែន ចេះទទួលស្គាល់នូវទង្វើរបស់ខ្លួន ខ្ញុំយល់ស្រប ។ អ្នកណាៗ ក៏មានកំហុសដែរ តែត្រង់ថា មនុស្សម្នាក់នោះ ចេះទទួលស្គាល់ឬមិនចេះទទួលស្គាល់ ។ សម្រាប់ឆៃ លីដាឡែន ខ្ញុំពិតជាសោកស្តាយ ក៏ប៉ុន្តែខ្ញុំក៏សូម អំពាវនាវដល់ជន ខិលខូចមួយចំនួន សូមកុំយកអ្នកសិល្បៈ ធ្វើជាល្បែងលែងសើច កុំចូលចិត្តធ្វើអ្វី ឲ្យខូចឈ្មោះដល់អ្នកសិល្បៈ ជាពិសេស ដូចជាការកាត់តរូបភាពនេះ និងការកាត់ត ជាវីដេអូ ជាដើម ។ ខ្ញុំសូមឲ្យជនខិលខូចទាំងនោះ មេត្តាបញ្ឈប់នូវសកម្មភាពទាំងនោ ដូចជាកាត់តរូប កញ្ញា ឆៃ លីដាឡែន នេះជាដើម” ។

គួរបញ្ជាក់ផងដែរថា ឆៃ លីដាឡែន និងបង្ហាញវត្តមាន ជាលើកដំបូង ក្នុងកម្មវិធី “ជីវិតសិល្បៈ” ដែលរៀបចំឡើង ដោយលោក សុះ ម៉ាច នៅស្ថានីយ៍ទូរទស្សន៍ ខ្មែរប៉ុស្តិ៍លេខ៩ នៅថ្ងៃអាទិត្យ សប្តាហ៍ក្រោយ ដើម្បីបកស្រាយ ជុំវិញបញ្ហារិះគន់ ទៅលើនាងដែលបានបង្ហាញរូបភាព សិចស៊ី បះសក់ កាលពីពេលថ្មីៗនេះ ។ ជាមួយគ្នានេះ ឆៃ លីដាឡែន ក៏នាងកំពុងរៀបចំខ្លួន ត្រៀមចេញទៅសម្តែង នៅក្នុងប្រទេសអូស្រ្តាលី នៅដើមខែមេសា ខាងមុខ រយៈពេល១ខែ ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅឯអូស្រ្តាលី បើទោះបីជានាងមានការរិះគន់បន្តិចក្តី  តែការងារសិល្បៈ ពិសេសការចេញសម្តែងក្រៅប្រទេស នៅតែមមាញឹកដដែល ៕

ដោយ៖ យ៉ាន់ សុខរិទ្ធ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន