(ភ្នំពេញ)៖ ប្រមុខដឹកនាំឆ្នើមរបស់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈថា សម្ដេចនឹងសន្យាជួយព្យាបាលជំងឺ តារាកំប្លែង នាយ វីតាមីនសេ រហូតជាសះស្បើយ នឹងបន្តមកចូលរួមការងារសិល្បៈឡើងវិញ បានដូចធម្មតា ខណៈដែលតារាកំប្លែងរូបនេះ កំពុងតែមានជំងឺថ្លើមធ្ងន់ធ្ងរ និងបានបញ្ជូនទៅព្យាល នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ។

ការមានប្រសាសន៍របស់សម្ដេចតេជោ គឺបានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញចូលរួមជាអធិបតីភាព និងសំណេះសំណាល ក្នុងពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាល ជូនដល់កីឡាករ-កីឡាការិនី ជ័យលាភីមេដាយមាស ក្នុងការប្រកួតកីឡា Sea Games លើកទី២៩ និងការប្រកួតជើងឯក គ្រប់កម្រិតជាលក្ខណៈអន្តរជាតិ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា «និយាយឲ្យច្បាស់ទៅ..យ៉ាណា ក៏ត្រូវតែព្យាបាលតាវីតាមីនសេឲ្យជាដែរ…! តាវីតាមីនសេ មិននិយាយខ្ញុំប្រកាសថ្ងៃនេះ.. ថ្ងៃមុនភរិយាខ្ញុំឲ្យប្រាក់មួយចំនួន ទៅពិនិត្យ..ត្រឡប់មកវិញគាត់សម្ភាសន៍ តាម CNC (ទូរទស្សន៍CNC) តម្រូវការនៃការវះកាត់ថ្លើម របស់គាត់ត្រូវតែធ្វើ. ខ្ញុំជូន៥ម៉ឺនដុល្លារភ្លាម ឲ្យទៅព្យាបាល ហៅទូរស័ព្ទទៅតាសេ..តាសេយំតែម្ដង..!»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការជួយដល់តារាកំប្លែង នាយវីតាមីនសេ នៅពេលនេះ គឺជាការស្រោចស្រង់ជីវិត ជួយសង្គ្រោះឲ្យទាន់ពេលវេលា ព្រោះស្ថានភាពជំងឺកំពុងតែត្រូវការវះកាត់ភ្លាមៗ ហើយបើចាំរៃអង្គាសប្រាក់គ្នា ម្នាក់បន្តិចៗ នោះនឹងហួសពេលមិនខាន។

សូមរំឭកថា មុននឹងសម្ដេចតេជោ ហ៊ុន សែន ប្រកាសព្យាបាលតារាកំប្លែង នាយ វីតាមីនសេ ឲ្យជាសះស្បើយនៅពេលនេះ នាយវិតាមីនសេ និងក្រុមគ្រួសារ ក៏ធ្លាប់ទទួលបាននូវការឧបត្ថម្ភ នូវទឹកប្រាក់ប្រមាណ៥ពាន់ដុល្លារ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីថ្មីៗនេះ រួចមកហើយដែរ ដើម្បីបញ្ចូននាយវីតាមីនសេ ទៅព្យាបាលនៅក្នុងប្រទេសថៃ កាលពីលើកទី១។

សូមបញ្ជាក់ថា តារាកំប្លែង នាយ វីតាមីនសេ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានក្រុមគ្រួសារសម្រេចបញ្ចូន ទៅព្យាបាលបន្តនៅមន្ទីរពេទ្យ ប្រទេសថៃ ដើម្បីធ្វើការវះកាត់ជំងឺដុំសាច់ ដែលដុះក្នុងថ្លើម។ មិនតែប៉ុណ្ណោះ នាយក៏មានជំងឺទឹកនោមផ្អែម និងមានដំបៅក្រពះធ្ងន់ធ្ងរផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
តារាកំប្លែង នាយ វីតាមីនសេ
តារាកំប្លែង នាយ វីតាមីនសេ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]