ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់មួយបណ្តាល ឲ្យមនុស្សបួននាក់ បានរងរបួសធ្ងន់ ខណៈ ពួកគេជិះម៉ូតូ ពីរគ្រឿងបុកគ្នាលាន់ឮដូចរន្ទះ កាលពីវេលាម៉ោង ២ និង ៣០ នាទីយប់ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១២ នៅមុខណាហ្កាវើល ក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន។

សាក្សីដែលបានឃើញហេតុការណ៍ បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតុគេសង្កេត ឃើញបុរសពីរនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ឌុបគ្នាក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវសួនសម្តេច ខណៈដែលបើកទៅដល់មុខ ណាហ្កាវើល ស្រាប់តែក្មេងស្ទាវពីរនាក់ ជិះម៉ូតូ សេ១២៥ ពណ៌ខ្មៅ មួយគ្រឿងឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន ចាប់ហ្រ្វាំងមិនទាន់ជ្រុលបុកគូថម៉ូតូសង់ កូរ៉េ ពីក្រោយពេញទំហឹងលាន់ឮដូចសូររន្ទះខែប្រាំងអីចឹង បណ្តាលឲ្យបុរសពីរនាក់ ជាម្ចាស់ម៉ូតូសង់កូរ៉េ របួសយ៉ាងធ្ងន់ធ្ងរដេកស្តូកស្តឹងនៅថ្នល់ និងក្មេងស្ទាវពីរនាក់ជាម្ចាស់សេ ១២៥ ក៏ត្រូវរងរបួសយ៉ាងដំណំ ឬឯម៉ូតូទាំងពីរគ្រឿង ត្រូវរងការខូចខាតទាំងស្រុងតែម្តង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលចរាចរណ៍ខណ្ឌចំការមន វាស់វែង នាំយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកអ្នករងរបួស ត្រូវសមត្ថកិច្ចហៅរថយន្តមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ទាក់ទិននិងគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណអ្នករងរបួសទាំងបួននាក់ខាងលើនៅឡើយទេ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]