ដាណឺម៉ាក៖ អ្នកវិទ្យាសាស្ត្រជនជាតិដាណឺម៉ាកមួយក្រុមបានរកឃើញ ត្រីឆ្លាមមួយក្បាលមានប្រវែងរហូតដល់ទៅ ១៨ហ្វុីត ឬប្រមាណ៥.៥ ម៉ែត្រ ត្រូវគេជឿជាក់ថា មានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ ១ ៥០០ មកម្ល៉េះ។

ត្រីឆ្លាមចំណាស់ មានអាយុកាលដល់ទៅ ជាង ៥០០ ឆ្នាំ

ត្រីឆ្លាមខាងលើជាប្រភេទត្រីឆ្លាម “Greenland” រស់នៅសមុទ្រអាត្លង់ទិកខាងជើង ហើយអាចលូតប្រវែងបានត្រឹម ១ សង់ទីម៉ែត្រក្នុងរយៈពេលមួយឆ្នាំ បើយោងតាមទស្សនាវដ្តី Science របស់សហរដ្ឋអាមេរិក។

ជាមួយនឹងប្រវែង ១៨ ហ្វុីត (ជិត៥ម៉ែត្រកន្លះ) ត្រីឆ្លាមមួយក្បាលនេះ ត្រូវក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់យ៉ាងមុតមាំថា វាមានអាយុកាលមិនតិចឡើយ។ 

ត្រីឆ្លាមចំណាស់ មានអាយុកាលដល់ទៅ ជាង ៥០០ ឆ្នាំ

បន្ថែមពីលើនេះ បើផ្អែកតាមមធ្យោបាយបែបវិទ្យាសាស្ត្រមួយ ពួកគេបានប្រើប្រាស់ “radiocarbon dating” ដើម្បីវាស់ស្ទង់អាយុកាលរបស់វា ហើយគេជឿជាក់ថា វាមានអាយុចន្លោះចាប់ពី ២៧២ ឆ្នាំ ទៅ ៥១២ ឆ្នាំ ជាត្រីឆ្លាមមានវ័យចំណាស់បំផុតលើលោក។

សម្រាប់មធ្យោបាយខាងលើ ត្រូវបានគេអះអាងថា អាចវាស់ស្ទង់អាយុត្រីឆ្លាមបានប្រាកដ រហូតដលទៅ ៩៥ ភាគរយឯណោះ និងធ្លាប់ត្រូវបានគេយកមកពិសោធន៍ លើត្រីឆ្លាមដទៃទៀតចំនួនរាប់សិបក្បាលមកហើយ។

មធ្យោបាយ "radiocarbon dating" វាស់ស្ទង់កែវភ្នែកត្រីឆ្លាម ដើម្បីចង់ដឹងអាយុ

ដូចនេះ ប្រសិនបើយើង គន់គូរអាយុកាលរបស់វាដូចដែលបានរៀបរាប់ខាងលើ វាប្រហែលជាមានវត្តមានតាំងពីសម័យកាលមួយ ដែលលោក កាលីឡេអូ រកឃើញភពផែនដីវិលជុំវិញគន្លងព្រះអាទិត្យ ឬសម័យកាលអតីតព្រះមហាក្សត្រខ្មែរយើង គឺព្រះបាទបរមរាជា ទី ១ ទ្រង់ឡើងសោយរាជ្យចាប់ពីឆ្នាំ ១៥៦៦ ដល់ ឆ្នាំ១៥៧៦។

លោក កាឡីឡេអូ កាលីឡេ អ្នកវិទ្យាសាស្ត្រជនជាតិអុីតាលី កើតនៅឆ្នាំ ១៥៦៤

គួរឲ្យដឹងថា ត្រីឆ្លាម “Greenland” ជាប្រភេទសត្វមានឆ្អឹងខ្នង ដែលមានអាយុរស់រានយូរជាងគេ ក្នុងចំណោមសត្វមានឆ្ឆឹងខ្នងដទៃទៀត រួមមានអំបូរមនុស្ស ជាដើម។

សាច់របស់វា ត្រូវបានគេនិយមយកមកបរិភោគនៅ ប្រទេស អុីស្លង់ ប៉ុន្តែមានផ្ទុកនូវសារធាតុគីមីម៉្យាង (Toxic) អាចបណ្តាលឲ្យអ្នកទទួលទាន មានអារម្មណ៍មិនស្រួលខ្លួន ប្រៀបបានដូចអ្នកស្រវឹងជោគជាំយ៉ាងអុីចឹងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]