អាមេរិក៖ លោក Andrew Hall អាយុ៣០ឆ្នាំ មកពីរដ្ឋ Idaho បានជួបហេតុការណ៍ដ៏គួរឲ្យខ្លាចមួយ បន្ទាប់ពីបារីអេឡិចត្រូនិចបានផ្ទុះនៅក្នុងមាត់របស់លោក។

ជាលទ្ធផល លោក Andrew បានរងរបួសដោយរលាកកម្រិតទី២ និងបានជ្រុះធ្មេញអស់រហូតដល់ទៅ ៧ក្រាប់ឯណោះ។ 

លោក Hall ផ្ទាល់ បានបញ្ជាក់ប្រាប់ថា បារីអេឡិចត្រូនិចនោះស្រាប់តែផ្ទុះភ្លាមៗ ដោយមិនមានឲ្យសញ្ញាអ្វីទាំងអស់។

លោក Andrew Hall ជួបហេតុការណ៍ផ្ទុះបារីអេឡិចត្រូនិចក្នុងមាត់

យោងទៅតាមការរាយការណ៍របស់សារព័ត៌មាន DailyDot បានឲ្យដឹងថា បារីអេឡិចត្រូនិចនោះ បានផ្ទុះនៅក្នុងមាត់របស់លោក Hall តែម្តង ហើយភ្លាមៗនោះ ធ្មេញជាច្រើនគ្រាប់របស់លោកក៏បានខ្ទាតចេញ និងធ្វើឲ្យលោករលាកត្រង់ថ្ពាល់ និងចង្ការ។ បន្ទាប់ពីកើតហេតុបែបនេះ លោកក៏បានរួសរាន់ធ្វើដំណើរទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមួយកន្លែង។

ក្រោយមក លោក Hall ក៏បានបង្ហោះរូបភាពរបួសរបស់លោកចូលទៅក្នុងបណ្តាញសង្គម ដើម្បីជាការប្រមានដល់គ្រប់គ្នាឲ្យប្រុងប្រយ័ត្នពេលប្រើប្រាស់បារីអេឡិចត្រូនិច។

លោក Hall ក៏បានបង្ហោះរូបភាពរបួសរបស់លោកចូលទៅក្នុងបណ្តាញសង្គម

ប៉ុន្តែអ្នកលេងបណ្តាញសង្គមភាគច្រើនមិនជឿថា បារីអេឡិចត្រូនិចនោះអាចធ្វើឲ្យលោករងរបួសខ្លាំងបែបនេះទេ ដូច្នេះលោកក៏បានបង្ហោះរូបភាពបារីអេឡិចត្រូនិចដែលបានផ្ទុះរួចនោះ ជាមួយស្លាកស្នាមបាក់បែកខ្លះៗនៅក្នុងបន្ទប់ទឹកបន្ថែមទៀត។

ស្លាកស្នាមបាក់បែកខ្លះៗនៅក្នុងបន្ទប់ទឹក

ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក លោក Hall បានសរសេរថា៖ 

“ខ្ញុំជក់បារីអេឡិចត្រូនិចនេះ អស់រយៈពេលប្រមាណ១ឆ្នាំហើយ ហើយក៏មិនដែលនឹកស្មានថា វាអាចមានរឿងអីចឹងកើតឡើងដែរ។ ព្រោះមុនពេលដែលខ្ញុំទិញយកមកជក់ គឺសុទ្ធតែពិនិត្យមើលយ៉ាងច្បាស់លាស់ ប៉ុន្តែផ្ទុយទៅវិញ វាបែរជាផ្ទុះបែបនេះ។”
រូបភាពបារីអេឡិចត្រូនិចដែលបានផ្ទុះរួច

ខណៈដែល មូលហេតុពិតប្រាកដដែលបណ្តាលឲ្យផ្ទុះបារីអេឡិចត្រូនិចនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នោះ លោក Hall ផ្ទាល់ជឿថា វាអាចបណ្តាលមកពីថ្មរបស់វា។

លោកបាននិយាយជាចុងក្រោយថា៖ 

“ខ្ញុំជក់ ខ្ញុំដឹងថាវាអាក្រក់ ហើយមិនឡូយអីដែរ ប៉ុន្តែមិនយូរទេ ខ្ញុំនឹងឈប់ជក់វា ហើយខ្ញុំនឹងរកវិធីសាស្ត្រផ្សេងដើម្បីជក់វិញ”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]