(ភ្នំពេញ)៖ ជាមួយការព្យាករណ៍ចំនួនអ្នកដំណើរជាង៤លាននាក់ នៅឆ្នាំ២០១៧ និងការរំពឹងទុកទទួលបានអ្នកដំណើរយ៉ាងតិច៧លាននាក់ នៅឆ្នាំ២០២០ ខាងមុខនោះ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកសម្ពោធដាក់ឲ្យដំណើរការ «ស្ថានីយ៍សម្រាប់ទទួលអ្នកដំណើរមកដល់ និងស្ថានីយ៍សម្រាប់ភ្ញៀវរង់ចាំចេញដំណើរ» នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយនឹងកំណើនអ្នកដំណើរដែលកំពុងកើនឡើងជាលំដាប់ក្នុងបច្ចុប្បន្ន និងអនាគត។

ពិធីបើកសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយវត្តមានរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក នីកូឡា ណូតបា អគ្គនាយកក្រុមហ៊ុនវ៉ាំងស៊ី និងជាប្រធានក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា ព្រមទាំងអ្នកចូលរួមជាច្រើននាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា កម្ពុជាកំពុងប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលអាកាសចរណ៍ និងទេសចរណ៍មួយ ដែលមានភាពទាក់ទាញក្នុងតំបន់ និងពិភពលោក ដែលជាទីតាំងមានភូមិសាស្ត្រល្អ ប្រកបដោយសក្តានុពល និងសម្បូរបែប ដោយសារកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ ហើយជាទីផ្សារមួយក្នុងចំណោមទីផ្សារទេសចរណ៍ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលនៅតែបន្តរក្សាកំណើនជាមធ្យមក្នុងរង្វង់ ៨.៥% រហូតដល់ឆ្នាំ២០៤០។

លោករដ្ឋលេខាធិការបានបន្តថា ការចូលរួមភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានបើកទំព័រថ្មីបន្ថែមទៀត សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងការសម្រួលបន្ថែមនូវបរិមាណ នៃការមកដល់របស់អ្នកដំណើរតាមផ្លូវអាកាស ប្រកបដោយផាសុកភាព ដោយរក្សាបាននូវគុណភាព សន្តិសុខ និងសុវត្ថិភាព ជាពិសេសជួយដោះស្រាយការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស។

លោក នីកូឡា បានឲ្យដឹងថា ការបើកដំណើរការស្ថានីយ៍នេះ មានគោលបំណង២ រួមមាន៖ ទី១. ដើម្បីគិតគូរពីកំណើនភ្ញៀវទេសចរនាបច្ចុប្បន្ន និងអនាគត ខណៈជិតដាច់ឆ្នាំ២០១៧នេះ អ្នកដំណើរដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានលើសពី៤លាននាក់ហើយ ហើយនៅឆ្នាំ២០២០ កម្ពុជាក៏រំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ ដូច្នេះនេះជាការគិតគូរនៅអនាគត។ ទី២. ដើម្បីរៀបចំកែលម្អប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធថ្មីៗ សម្រាប់អ្នកដំណើរឲ្យកាន់តែល្អប្រសើរជាងមុន ស្របតាមស្ដង់ដារអន្តរជាតិ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានឲ្យដឹងថា តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៧ កម្ពុជានឹងទទួលទេសចរអន្តរជាតិជាង៥លាននាក់ និងនៅឆ្នាំ២០២០ នឹងទទួលបានយ៉ាងតិចណាស់ក៏បាន ៧លាននាក់ដែរ ដូច្នេះវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនេះសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ដែលទាមទារឲ្យមានការសហការ និងខិតខំពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យមានការសម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរ ហើយរាជរដ្ឋាភិបាលកម្ពុជានៅតែលើកទឹកចិត្ត និងជំរុញការងារនេះឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត៕

សាលថ្មីសម្រាប់អ្នកដំណើរនៅព្រលានយន្តហោះភ្នំពេញ បានបើកដំណើរការជាផ្លូវការ
សាលថ្មីសម្រាប់អ្នកដំណើរនៅព្រលានយន្តហោះភ្នំពេញ បានបើកដំណើរការជាផ្លូវការ
សាលថ្មីសម្រាប់អ្នកដំណើរនៅព្រលានយន្តហោះភ្នំពេញ បានបើកដំណើរការជាផ្លូវការ

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]