ភ្នំពេញ៖ ដើម្បីជួយលើកសោភ័ណភាព រាជធានីភ្នំពេញ សម្រាប់កិច្ចប្រជុំលើកទី២១ អំឡុងខែវិច្ឆិកានេះ សាលារាជធានី បានស្វាគមន៍ និងអនុញ្ញាតឲ្យក្រុមយុវជន សាលារាជធានីភ្នំពេញ យុវជនកាកបាទក្រហម យុវជនក៧៧ និងយុវជនអ៊ីស្លាមកម្ពុជា នៃសហភាពសហពន្ធ័យុវជនកម្ពុជា ប្រមាណជាង ១០០នាក់ បាននំាគ្នាចូល រួមយ៉ាងអធិអធម ធ្វើពលកម្ម រៀបចំលំអដាំផ្កានៅសួនមុខ វិមានសន្តិភាព និងសួនច្បារវត្តភ្នំ កាលពីព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១២នេះ។

លោក សេង វណ្ណៈ ប្រធានការិយាល័យនគរូបនីយកម្ម សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការកែលំអរ សួនច្បារ មុខវិមានសន្តិភាព រួមមាន៖ ការដំឡើងជើងទម្រ ដែកកម្កល់ កន្រ្តកផ្កា ដោយប្រើផ្កាស្រស់ជាង ១២០.០០០កន្រ្តក ដំឡើងអក្សរដែលមានន័យថា ស្វាគមន៍កិច្ចប្រជុំកំពូល ASEAN រួមទាំងការដាក់ភ្លើងបំភ្លឺសួនផង នៅលើផ្ទៃដីជាង ១.០០០ម៉ែត្រការ៉េ ដោយសំរេចឲ្យរួចរាល់ត្រឹមថ្ងៃទី១៤ វិច្ឆិកា ២០១២ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោក កែប ជុតិមា អភិបាលរាជធានី ភ្នំពេញ។

ក្នុងនាមជាយុវជនមួយរូប និងអ្នកអនុវត្តគម្រោងនេះ លោក សេង វណ្ណៈ មានទឹកចិត្តសប្បាយរីករាយ និងមោទនភាពយ៉ាងខ្លាំង ដែលបានទទួលការគំាទ្រ និងជួយ ពីក្រុមយុវជន នៃសហភាពសហ ពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ មិនត្រឹមតែបានជួយរៀបចំផ្កាលំអ នៅសួនមុខវិមានសន្តិភាពទេ ថែមទំាងបានជួយធ្វើការដាំផ្កា ដាំស្មៅនៅសូនច្បារនាឡិកាវត្តភ្នំ កែលំអរបរិស្ថានធម្មជាតិនៅរមណីយ៍ដ្ឋាន ប្រវត្តិសាស្ត្រនេះ លើផ្ទៃដី ៣,៧ហិកតា ដែលក្នុងនោះមានការកាប់លះមែកឈើ ការជួសជុលកំរាលថ្មបាយក្រៀម ការដាំស្មៅ ដាំផ្ការួមទាំងការជួសជុល កែលំអរអំពូលភ្លើងជុំវិញវត្តភ្នំ ផងដែរ។

លោក ឡុង ឌីម៉ង់ តំណាងយុវជនសាលារាជធានី ក៏បានបញ្ជាក់ដែរថា ឆ្លៀតក្នុងឱកាសថ្ងៃឈប់សំរាក ក្រុមយុវជនទាំងអស់ មានសេចក្តីរីករាយចូលរួម ជួយការងារ មួយផ្នែក របស់សាលារាជធានីភ្នំពេញ ក្នុងគោលបំណងនាំគ្នាលើកកម្ពស់ សោភ័ណភាពទីក្រុង នេះបញ្ជាក់ពីការយកចិត្តទុកដាក់ និងការចួលរួមរបស់ប្រជាពលរដ្ឋ កម្ពុជា ជាពិសេស ស្រទាប់យុវជន ក្នុងការអភិវឌ្ឍទីក្រុង ពិសេសក្នុងពេលដែលរាជធានីភ្នំពេញ កំពុងត្រៀមខ្លួន ទទួលគណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេស ក្នុងសមាគមអាស៊ាន និងប្រទេសជាមិត្តដទៃទៀត ចូលរួមប្រជុំ កំពូលអាស៊ាន ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខ។

លោកបានបញ្ជាក់ថា យើងទាំងអស់គ្នាពិតជាមាន មោទនភាពយ៉ាងក្រៃលែង បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ដែលមិនមែនតែ រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ គឺយើងជាប្រជាពលរដ្ឋទាំងអស់គ្នា យុវជនទាំងអស់គ្នា ក៍ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះផងដែរ ហើយកិច្ចប្រជុំនេះ ប្រព្រឹត្តទៅបានក៍ដោយសារក្រោមគោលនយោបាយ ដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យកម្ពុជា អាចឈរលើឆាកអន្តរជាតិប្រកប ដោយមោទនភាព ខ្ពស់៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]