ការកើតទុក្ខឬភាពសោកសៅ គឺជាអារម្មណ៍ធម្មតាមួយ ដែលតែងតែកើតឡើងយ៉ាងហោចណាស់ម្តង ក្នុងមួយថ្ងៃ ហើយវាកើតឡើងតាមទៅលើរឿងដែលយើងបានជួបប្រទះ។ អ្នកអាចមានអាម្មណ៍កើតទុក្ខ នៅពេលដែលអ្នកជួបបញ្ហាផ្សេងៗ ឬមួយនរណាម្នាក់ មានគ្រោះថ្នាក់ និងស្លាប់ជាដើម។ ទាំងនេះវាជាមូលហេតុពិតប្រាកដមួយ ដែលធ្វើឲ្យយើងកើតមានអារម្មណ៍បែបនេះ។

យ៉ាងណាមិញ តើអ្នករាល់គ្នាធ្លាប់ទេ? គ្រាន់តែភ្ញាក់ពីគេងភ្លាម នៅសុខៗក៏ស្រាប់តែមានអារម្មណ៍ ថាសោកសៅ ឬក៏កំពុងតែសប្បាយសុខៗ ស្រាប់តែកើតទុក្ខដោយមិនដឹងមូលហេតុ។ កាលដែលនៅសុខៗ ក៏មិនសប្បាយចិត្ត វាក៏ជាផ្នែកមួយនៃជំងឺបាក់ទឹកចិត្តផងដែរ សម្រាប់មនុស្សនាពេលបច្ចុប្បន្ននេះ។

ខាងក្រោមនេះ យើងនឹងបកស្រាយ ឲ្យអ្នកយល់អំពីមូលហេតុដែលអារម្មណ៍ចម្លែកមួយនេះ កើតឡើង។

១. ការលេងហ្វេសប៊ុកហួសកំណត់

ការដែលអ្នកចំណាយពេល ទៅលើហ្វេសប៊ុក ឬបណ្តាញសង្គមហួសកំណត់ អាចបណ្តាលឲ្យអ្នកមានបញ្ហាផ្លូវចិត្ត។ ការសិក្សាស្រាវជ្រាវបានបង្ហាញ ឲ្យឃើញថាការធ្វើរបៀបនេះ អាចឲ្យអ្នកជួបជាមួយ បញ្ហាជំងឺបាក់ទឹកចិត្ត ឬធ្វើឲ្យអ្នកមានអារម្មណ៍កើតទុក្ខដោយមិនដឹងខ្លួន។ អ្នកដែលញៀននឹងបណ្តាញសង្គមខ្លាំងពេក អាចធ្វើឲ្យអ្នក ប្រឆាំងនឹងទំនាក់ទំនង រវាងមនុស្សនៅខាងក្រៅ ហើយអ្នកនឹងខ្វះភាពជាដៃគូឬ ខ្វះទំនាក់ទំនងជាមួយអ្នកដទៃ។

ក្នុងឆ្នាំ២០១០ អ្នកសិក្សាស្រាវជ្រាវបានស្វែងរក ឃើញថាមនុស្សនៅជាង១.២ភាគរយ នៅចន្លោះអាយុ ១៦ ទៅ ៥១ឆ្នាំ បានចំណាយពេលហួសប្រមាណ ទៅលើបណ្តាញសង្គម ហើយពួកគេទាំងនោះ មានអត្រាខ្ពស់ ក្នុងការកើតជំងឺបាក់ទឹកចិត្ត កម្រិតមធ្យម និងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក្តី ក៏ក្រុមអ្នកស្រាវជ្រាវ បានកត់សម្គាល់ថា វាមិនច្បាស់នោះទេ ដែលថាអ្នកដែលប្រើប្រាស់ ហួសប្រមាណ នាំឲ្យមានជំងឺបាក់ទឹកចិត្តនោះ ប៉ុន្តែយើងគួរតែ ចំណាយពេលនៅខាងក្រៅខ្លះ ចៀសវាង នៅតែមុខកុំព្យូទ័រ ឬទូរស័ព្ទ។ 

រូបតំណាង

២. បម្រែបម្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ អាចធ្វើឲ្យយើងមានបញ្ហា ផ្លូវចិត្តឬ សុខៗក៏ស្រាប់តែពិបាកចិត្ត ដោយមិនដឹងមូលហេតុដូចគ្នា។ នៅពេលខ្លះ ពេលដែលឈានចូល រដូវត្រជាក់ដោយសារតែកង្វះ ពន្លឺថ្ងៃ វាអាចបង្កើនការស្ត្រេស ឬអារម្មណ៍តានតឹង មកយើងយ៉ាងឆាប់រហ័ស។ ក្នុងនោះដែរ អ្នកស្រាវជ្រាវ បានសិក្សាទៅលើមនុស្ស ជាង១០០នាក់ ហើយបានរកឃើញថា នៅរដូវក្តៅ អារម្មណ៍របស់មនុស្ស គឺស្រស់ស្រាយនិងមិនសូវមាន ចំនួនមនុស្សដែលកើនឡើងអារម្មណ៍ស្ត្រេស ឬងាយនឹងមានអារម្មណ៍តានតឹងនោះទេ។ ម៉្យាងវិញទៀត ខួរក្បាលរបស់យើង នឹងមានភាពបត់បែនខ្ពស់ ងាយដោះស្រាយបញ្ហាបានភ្លាមៗ និងមានភាពល្អប្រសើរជាង អារម្មណ៍របស់យើង នៅរដូវត្រជាក់ផងដែរ។ 

រូបតំណាង

៣. កង្វះវីតាមីន D

មនុស្សភាគច្រើននៅក្នុងសហរដ្ឋអាមេរិក មានបញ្ហាកង្វះ និងមានកម្រិតជាតិវីតាមីន D ទាបបំផុត។ មូលហេតុទាំងនេះ វាមិនទាន់ច្បាស់លាស់នោះទេ ប៉ុន្តែវាអាចបណ្តាលមកពីរបបអាហាររបស់ពួកគេ និងដោយសារការប៉ះពាល់ ពន្លឺថ្ងៃមិនបានគ្រប់គ្រាន់របស់ពួកគេ។ ការកង្វះនៃវីតាមីន D គឺត្រូវបានតភ្ជាប់ទៅនឹងស្ថិតិទាក់ទងនឹងជំងឺបាក់ទឹកចិត្ត។ បើតាមការសិក្សាដ៏ធំមួយ របស់ហូឡង់ឌិច (Hoogendijk) នៅក្នុងឆ្នាំ២០០៨ ទៅលើមនុស្សជាង ១២០០នាក់ ដែលមានអាយុចាប់ពី៦៥ឆ្នាំទៅ កម្រិតវីតាមីនD របស់ពួកគេទាបជាង ១៤ភាគរយ។ ហើយពួកគេ សុទ្ធតែប្រឈមមុខ ជំងឺបាក់ទឹកចិត្ត កម្រិតធ្ងន់ និងស្រាលថែមទៀតផង។ 

រូបតំណាង

៤. ការរំពឹងខ្ពស់ពេក

មនុស្សម្នាក់ៗ តែងតែមានការរំពឹងគិតថា ខ្លួនចង់ធ្វើអ្វីមួយ ដែលខ្លួនចង់បាន។ ហើយពួកគេតែងតែ ចង់សម្រេចបំណងរបស់ពួកគេ ដូចជាចង់ មានការងារល្អ ពេលដែលរៀនចប់ ចង់មានលុយច្រើន ទិញផ្ទះឬសម្ភារៈដែលមាន តម្លៃថ្លៃផ្សេងៗ។ ប៉ុន្តែបើសិនជាអ្នក មានការរំពឹងលើអ្វីដែលអ្នកចង់បានខ្ពស់ពេក ហើយវាបែរជាមិនបានសម្រេចទៅវិញ វាអាចនឹងបណ្តាលឲ្យអ្នកមាន អារម្មណ៍បាក់ទឹកចិត្ត និងពិបាកទទួលយកហេតុការណ៍ដែល បានកើតឡើង។ មួយវិញទៀត បើទោះជារឿងរ៉ាវទាំងនោះ បានកន្លងហួសក្តី ប៉ុន្តែពេលខ្លះ វានឹងមកដាស់អារម្មណ៍អ្នកជាថ្មី ដែលធ្វើឲ្យអ្នកមាន អារម្មណ៍ថាសុខៗក៏ស្រាប់តែមិនសប្បាយចិត្ត។ ដូច្នេះយើងចេះ ប្រាប់ខ្លួនឯងថា ត្រូវរំពឹងទុកនូវអ្វី ដែលប្រាកដថាខ្លួននឹងអាចធ្វើបាន ហើយបើសិន ជាអ្នកធ្លាប់បរាជ័យលើការរំពឹងទុករបស់អ្នក ចូលប្រាប់ខ្លួនឯងថា នេះគឺជាមេរៀនជីវិត ហើយត្រូវតែចេះ កែប្រែជីវិតខ្លូនឯងជាថ្មី។ 

រូបតំណាង

៥. ឯកាខ្លាំងពេក

ភាពឯកា​ក៏អាចធ្វើឲ្យ មនុស្សមានការបាក់ទឹកចិត្ត និងកើតទុក្ខផងដែរ។ សម្រាប់បញ្ហាទាំងនេះ អាចកើតឡើងទៅលើមនុស្សមួយចំនួនដូចជា អ្នកខ្លះជាអកុសល កើត ក្នុងគ្រួសារដែល មិនយកចិត្តទុកដាក់ចំពោះខ្លួន និងគ្មានការការពារថែក្សា ពីឪពុកម្តាយគ្រាប់គ្រាន់។ ឬក៏សម្រាប់អ្នកខ្លះ ទៀតមានអារម្មណ៍ថា មិត្តភក្តិជុំវិញខ្លួនរបស់គេ កំពុងតែមានទំនាក់ទំនងជាមួយអ្នកដ៏ទៃ ហើយកំពុងចង់ចាកចេញពីខ្លួន។

អ្នកស្រាវជ្រាវ ផ្នែកខួរក្បាលរបស់ FMRI បានបង្ហាញថា មនុស្សខ្លះ អាចកើតជំងឺបាក់ទឹកចិត្ត សូម្បីតែមានការ បដិសេធពីសង្គមតូចមួយក៏ដោយ។ យ៉ាងណាមិញ មនុស្សមួយចំនួន ដែលធ្លាប់ឆ្លងកាត់បញ្ហា ខាងលើនេះ សុទ្ធសឹងតែប៉ះទង្គិច អារម្មណ៍របស់ពួកគេ ដែលអាចធ្វើឲ្យពួកគេ មានអារម្មណ៍សប្បាយសុខៗ ក៏ប្រែជាពិបាកចិត្តមួយរំពេច ដោយមិនដឹងពីមូលហេតុ។ 

រូបតំណាង

៦. ធ្លាប់ឆ្លងកាត់រឿងអវិជ្ជមាន កាលពីកុមារភាព

ការស្ត្រេសដែលមានភាព តានតឹងខ្លាំង អាចធ្វើឲ្យយើង ងាយរងគ្រោះទាំងជំងឺធ្លាក់ទឹកចិត្ត និងជំងឺផ្លូវកាយ។ អ្នកសិក្សាស្រាវជ្រាវបាន បង្ហាញថា ការប៉ះទង្គិច អារម្មណ៍អវិជ្ជមាន នៅក្នុងកុមារភាព ដូចជា ការរំលោភបំពាន គ្រួសារក្រីក្រ ឬជួបហានិភ័យ បាត់បង់មនុស្សជាទីស្រលាញ់ វាធ្វើឲ្យពួកគេដិតដាមជាប់ ក្នុងអារម្មណ៍ជាងពេលដែល ពួកគេជួបហេតុការណ៍ ទាំងនេះនៅពេលពេញវ័យ។ យ៉ាងណាមិញ បើសិនជាកុមារភាព ពួកគេធ្លាប់ជួប រឿងទាំងនេះ ពួកគេនឹងមាន ភាពស្មុគស្មាញយូរអង្វែង ដក់ជាប់នៅក្នុងខួរក្បាល ហើយទោះជាពួកគេពេញវ័យ ក៏អារម្មណ៍ទាំងនោះ នៅតែលងបន្លាចពួកគេជានិច្ច។ 

រូបតំណាង

៧. ទាក់ទងនឹងទីកន្លែងដែលអ្នកកំពុងរស់នៅ

ការសិក្សាស្រាវជ្រាវចំពោះ បានសិក្សាអំពីជីវិត រស់នៅទីក្រុងនិងការរស់នៅតាម ជនបទមួយណាប្រសើរជាងសម្រាប់ជីវិតមនុស្ស។ ប៉ុន្តែការសិក្សានោះបាន បង្ហាញថា ការស់នៅក្នុងទីក្រុង មានហានិភ័យខ្ពស់ នៃជំងឺអារម្មណ៍ច្រើនជាង ៣៩ភាគរយ ជាងអ្នករស់នៅ ក្នុងជនបទ។ យ៉ាងណាមិញ ក្នុងឆ្នាំ២០១១ ទស្សនាវដ្តី Nature បានចុះផ្សាយថា អ្នករស់នៅក្នុងទីក្រុង មានសកម្មភាពច្រើននៅក្នុងខួរក្បាលដែល ធ្វើឲ្យពួកគេមានភាពស្មុគស្មាញខ្លាំង ហើយកម្រិតនៃភាពតានតឹងទាំងនោះ នឹងបណ្តាលឲ្យពួកគេមាន បញ្ហាផ្លូវចិត្តថែមទៀតផង។ មួយវិញទៀត បើសិនជាការរៀបចំ បន្ទប់គេងរបស់អ្នក គ្មានសណ្តាប់ធ្នាប់ ក៏ជាបញ្ហាអវិជ្ជមានមួយ នឹងធ្វើឲ្យអ្នកមាន អារម្មណ៍ស្មុគស្មាញ និងពិបាកចិត្តដោយមិនដឹងខ្លូន។ 

រូបតំណាង

៨. ការផ្តោតអារម្មណ៍ទៅលើខ្សែភាពយន្តខ្លាំងពេក

នៅពេលដែលយើង ផ្តោតអារម្មណ៍ទៅលើ ភាពយន្តដែលយើងតាមដានខ្លាំងពេក ហើយនៅពេលដែលរឿងនោះត្រូវបាន បញ្ចប់ទាំងដែលយើងមិនទាន់ចង់ឲ្យចប់ វានឹងធ្វើឲ្យអារម្មណ៍របស់យើង រសាប់រសល់ នៅមិនសុខ ហើយមិនអស់ចិត្តថា ហេតុអ្វីរឿងនោះចប់យ៉ាងដូច្នេះ។ ទាំងនេះក៏ជា ហេតុផលមួយ ដែលធ្វើឲ្យអ្នកមាន ការប៉ះទង្គិចអារម្មណ៍ដូចគ្នា៕ 

រូបតំណាង

៩. ទំលាប់គេងតិចពេក

វាមិនមែនជារឿងមួយដែល ភ្ញាក់ផ្អើលនោះទេ ដែលការគេងមិនគ្រប់គ្រាន់អាចធ្វើ ឲ្យអ្នកមានអារម្មណ៍មិនល្អ ប៉ុន្តែវាអាចនឹងបង្កើន ហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តផងដែរ។ ការសិក្សាមួយនៅឆ្នាំ ២០០៧ បានរកឃើញថា មនុស្សដែលគេងគ្រប់គ្រាន់ ពួកគេតែងតែមានភាព រហ័សរហួនផ្នែកខួរក្បាល និងមានអារម្មណ៍ល្អច្រើន ផ្ទុយពីមនុស្សដែលគេង មិនគ្រប់គ្រាន់ ពួកគេមានការភ្លេចច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះ គេតែងតែមានភាពក្រៀមក្រំជារឿយៗ ដោយមិនដឹងពីមូលហេតុ។ ដូច្នេះហើយ អ្នកគួរតែបែងចែកពេលវេលា របស់អ្នកឲ្យបានត្រឹមត្រូវ និងចេះរៀបចំពេលវេលា គេងរបស់អ្នកឲ្យបានគ្រប់គ្រាន់ ដើម្បីសុខភាព ចៀសផុតពីជំងឺបាក់ទឹកចិត្ត។ 

រូបតំណាង

១០. កង្វះជាតិត្រីនៅក្នុងរបបអាហារ

ការដែលទទួលទាន អាស៊ីតខ្លាញ់ អូមេហ្គា៣ ទាបដែលជាប្រេងនៅក្នុង ត្រីសាល់ម៉ុន និងប្រេងបន្លែផ្សេងៗ អាចជាហានិភ័យខ្ពស់នៃជំងឺធ្លាក់ទឹកចិត្ត។ ការសិក្សាមួយរបស់ ហ្វាំងឡង់ នៅឆ្នាំ២០០៤ បានរកឃើញថា ការដែលញាំត្រីតិច អាចបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្ត ហើយវាកើតឡើងច្រើនចំពោះស្រ្តី។ ដូច្នេះហើយ អ្នកស្រាវជ្រាវ បានណែនាំថា អ្នករាល់គ្នាគួរតែទទួលទានសាច់ត្រី ឲ្យបានច្រើនដើម្បីចៀសវាងនឹង បញ្ហាអស់ទាំងនេះ៕ 

រូបតំណាង

ប្រភព៖ psychologytoday.com & health.com &betterhelp.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]