អាមេរិក៖ ស្រ្តីជាម្តាយម្នាក់ និងគ្រួសារ ត្រូវបានខាងក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines របស់អាមេរិក សម្រេចបណ្តេញចុះពីលើយន្តហោះ ក្រោយណែនាំមិនស្តាប់ ឲ្យបញ្ឈប់បំបៅដោះកូន ដោយសារតែ យន្តហោះត្រៀមនឹងចេញដំណើរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ទី៨ ធ្នូ ឆ្នាំ២០១៧ កន្លងទៅ នៅព្រលានយន្តហោះមួយកន្លែង ស្ថិតនៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។

ស្រ្តីជាម្តាយខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Mei Rui មានអាយុ៣៤ឆ្នាំ គឺជាអតីតនិស្សិតពេទ្យម្នាក់ ដែលបានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ Yale School of Medicine ហើយបច្ចុប្បន្ន ក៏ជាគ្រូបង្រៀនខាងផ្នែកព្យាណូម្នាក់ផងដែរ។

នៅថ្ងៃកើតហេតុ នាង Mei Rui និងគ្រួសារ ត្រូវបានគេរាយការណ៍ថា ត្រៀមធ្វើដំណើរជាមួយនឹងជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ដើម្បីចាកចេញពីទីក្រុង Houston រដ្ឋតិចសាស ឆ្ពោះទៅកាន់ទីក្រុង New York សហរដ្ឋអាមេរិក។ ប៉ុន្តែមិនទាន់បានហោះហើរផង បែរជាត្រូវខាងក្រុមអាកាសចរណ៍ បណ្តេញនាងចុះចេញពីលើយន្តហោះវិញ។

រូបភាព៖ កូនប្រុសរបស់នាង Mei ឈ្មោះ Lukas និងលោកយាយរបស់គេ

នៅគ្រានោះ Mei បានអះអាងថា នាងនិងកូនប្រុសឈ្មោះ Lukas អាយុ២ឆ្នាំ រួមទាំងឪពុកម្តាយចាស់ជរារបស់នាង បាននាំគ្នាអង្គុយរង់ចាំនៅខាងក្រៅ អស់រយៈពេលជិត៣ម៉ោងមកហើយ ដោយសារតែ អាកាសធាតុចុះត្រជាក់ខ្លាំង ទើបខាងក្រុមហ៊ុនអាកាសចរណ៍ ពន្យាពេលក្នុងការហោះហើរ។ ក្រោយមក បន្ទាប់ពីប្រកាសឲ្យឡើងយន្តហោះ នាងក៏បានបំបៅដោះកូនលើភ្លៅ នៅកៅអីអង្គុយរបស់នាង ក៏ព្រោះតែកូននាងស្រេកឃ្លានយ៉ាងខ្លាំង។

មិនយូរប៉ុន្មាន ភ្លាមៗនោះក៏ស្រាប់តែ អ្នកបម្រើការលើយន្តហោះ ដើរមកប្រាប់នាង សូមឲ្យបញ្ឈប់បំបៅដោះកូន ហើយសូមឲ្យដាក់កូនប្រុសរបស់នាង អង្គុយនៅកៅអីរបស់គេវិញ ព្រោះថាយន្តហោះកំពុងតែត្រៀមចេញដំណើរហើយ។ ប៉ុន្តែនាង Mei បានឆ្លើយតបវិញថា ចេញដំណើរអី បើទ្វារយន្តហោះនៅបើកហ្នឹង។ ដោយសារតែ មូលហេតុនេះហើយ ទើបបានជាស្រ្តីជាម្តាយរូបនេះ បានស្នើសុំពីរបីនាទីបន្ថែមទៀត ដើម្បីបំបៅដោះកូននាងឲ្យឆ្អែតសិន។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ខាងក្រុមហ៊ុនអាកាសចរណ៍បានបដិសេធ មិនអនុញ្ញាតឡើយ ដោយសារតែ ពួកគេគិតគូរទៅលើសុវត្ថិភាពជាចំបង ហើយនៅតែបន្តបង្គាប់ឲ្យ Mei ដាក់កូនរបស់នាងឲ្យអង្គុយ នៅកៅអីផ្ទាល់ខ្លួនរបស់គេជាកំហិត តែ Mei នៅតែមិនព្រម ខណៈឯកូនប្រុសរបស់នាង ក៏គិតតែពីស្រែកយំខ្លាំងៗថែមទៀត។

រហូតទីបំផុត ឈ្លោះតឹងសរសៃ.កដាក់គ្នា ទើបក្រុមហ៊ុនអាកាសចរណ៍ ទាក់ទងហៅក្រុមសមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍ និងសម្រេចបណ្តេញនាង ទាំងកូនប្រុសតូច និងឪពុកម្តាយរបស់នាង ចុះពីលើយន្តហោះតែម្តង។

រូបភាព៖ នាង Mei និងកូនប្រុស Lukas

នាង Mei បានអះអាងថា តាំងពីនាងជិះយន្តហោះមក មិនថាតែក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឬក្រៅស្រុកទេ នាងតែងដាក់កូនរបស់នាង នៅលើភ្លៅមិនដែលឃើញមានបញ្ហាអីទេ ហើយក៏មិនដែលមានកៅអីអង្គុយឯណាផ្ទាល់ខ្លួន សម្រាប់កូននាងអីុចឹងដែរ។

នាងបន្តថា «ឪពុករបស់ខ្ញុំស្ទើរតែគាំងបេះដូង និងដួលទៅលើដីទៅហើយ។ ខ្ញុំពិតជាមិនដែលនឹកស្មានដល់សោះ ថាមានរឿងរ៉ាវយ៉ាងដូច្នេះ កើតឡើងមកលើគ្រួសាររបស់ពួកយើង។ ខ្ញុំពិតជាស្តោកស្ដាយជាខ្លាំង ដែលខ្ញុំមិនអាចការពារឪពុកម្តាយខ្ញុំ រួមទាំងកូនប្រុសរបស់ខ្ញុំ Lukas បាន ពេលដែលជួបរឿងដ៏អាក្រក់បែបនេះ»

យ៉ាងណាមិញ បើតាមការឲ្យដឹងពីអ្នកនាំពាក្យ ពីខាងក្រុមហ៊ុនអាកាសចរណ៍ Spirit Airline បានអះអាងថា ខាងពួកគេមិនមែនមិនអនុញ្ញាត ឲ្យបំបៅដោះកូនលើយន្តហោះនោះទេ។ ប៉ុន្តែចំពោះករណីដែលបានកើតឡើងនោះ ដោយសារតែ Mei នាង មិនគោរពទៅតាមគោលការណ៍របស់ក្រុមហ៊ុន។

ព្រោះជាក់ស្តែង ក្រុមហ៊ុនគិតគូរពីសុវត្ថភាព របស់អ្នកដំណើរជាចំបង ដោយតម្រូវឲ្យអង្គុយនៅទីតាំងរបស់ខ្លួន ឲ្យបានត្រឹមត្រូវមុនយន្តហោះចាប់ផ្តើមហោះឡើង។ ប៉ុន្តែ Mei នៅតែមិនស្តាប់តាមការស្នើសុំ ពីខាងក្រុមហ៊ុនអាកាសចរណ៍ទេ។ លើសពីនេះ វាក៏អាចធ្វើឲ្យខាតពេលវេលា ដល់ការចេញដំណើរ និងអ្នករួមដំណើរផ្សេងទៀតនៅលើយន្តហោះផងដែរ។

ទោះបីជាយ៉ាងណាក្តី ទាក់ទងទៅនឹងករណីខាងលើនេះ ខាងក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ក៏បានផ្តល់ជាសំណងនូវសំបុត្រយន្តហោះ សម្រាប់ជើងហោះហើរថ្មី ដល់គ្រួសាររបស់នាងវិញផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖ 

រូបភាព៖ នាង Mei និងកូនប្រុស
នាង Mei និងគ្រួសារត្រូវបណ្ដេញចុះពីលើយន្តហោះ
ខាងក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ក៏បានផ្តល់ជាសំណងនូវសំបុត្រយន្តហោះ សម្រាប់ជើងហោះហើរថ្មី ដល់គ្រួសាររបស់នាងវិញផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]