អាហ្វហ្គានីស្ថាន៖ Abbas Alizada មានវ័យ ២៤ ឆ្នាំ ត្រូវបានអ្នកផងដាក់រហស្សនាមឲ្យថា “លី ស៊ាវឡុង អាហ្វហ្គានីស្ថាន” ជាមួយនឹងរូបរាងរបស់គាត់ ស្រដៀងគ្នា នឹងកំពូលតារាក្បាច់គុន លី ស៊ាវឡុង ដែលបានទទួលមរណៈភាព កាលពីឆ្នាំ ១៩៧៣។

អ្នកនិយមកុងហ្វូ លោក Abbas Alizada

លោកទទួលបានការចាប់អារម្មណ៍ម្តងរួចមកហើយ លើបណ្តាញសង្គម ទើបតែឥឡូវទេ ត្រូវបានក្រុមហ៊ុនមួយនៅរុស្ស៊ី មានឈ្មោះថា RT Documentary បានចាក់បញ្ចាំងខ្សែជីវិតរបស់លោក ឲ្យគ្រប់គ្នាបានដឹងបានស្គាល់។

Alizada ជាប្អូនគេបង្អស់ក្នុងចំណោម បងប្អូនប្រុស-ស្រី ១០ នាក់ រស់នៅក្នុងគ្រួសារក្រីក្រមួយ ស្ថិតនៅប្រទេស អាហ្វហ្គានីស្ថាន។ លោកក៏ជា សមាជិកមួយរូប នៃសហគមន៍ ជនជាតិ Hazara ជាអ្នកនិយមកាន់សាសនាម៉ូស្លីម និកាយស៊ីអុីត ផងដែរ។

គួរឲ្យដឹងថា ជនជាតិ Hazara ជាជាតិសាសន៍មួយរស់នៅ នៅអាហ្វហ្គានីស្ថាន បានទទួលរងនូវ មាក់ងាយ និងធ្វើបាបយ៉ាងដំណំ ពីសំណាក់ជាតិសាសន៍ដទៃទៀតក្នុងប្រទេស នាពេលកន្លងមក។ ពួកភាគច្រើន ប្រកបរបរកសិកម្មសម្រាប់ទទួលទាន និងធ្លាប់ត្រូវបានពួកជ្រុលនិយម ដូចជា តាលីបង់ ព្រមទាំងអ្នកនិយមកាន់និកាយ ស៊ូនី មួយចំនួន បំភិតបំភ័យ ឬសម្លាប់ដោយគ្មានប្រណីមេត្តា។ 

ជនជាតិ Hazara
លោក Abbas Alizada

ត្រឡប់មកមើល Alizada ឯណោះវិញ បានចាប់ចិត្តស្រលាញ់ ខ្សែភាពយន្ត ដែលសម្តែងដោយ លី ស៊ាវឡុង តាំងពីខ្លួនមានវ័យ ៩ ឆ្នាំមកម៉្លេះ ហើយចាត់ទុកវីរបុរសក្បាច់គុន​កុង​ហ្វូរបស់ចិនរូបនេះ ជានិមិត្តរូបរបស់គេទៀតផង។

នៅអាយុ ១៤ ឆ្នាំ Alizada មានបំណងចង់ក្លាយជាអ្នកសម្តែងក្បាច់គុនម្នាក់ ដូចនិមិត្តរូបរបស់គាត់យ៉ាងដូច្នេះដែរ ប៉ុន្តែត្រូវក្រុមគ្រួសារពុំមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់បង់ថ្លៃចំណាយ ឲ្យគេបានចុះឈ្មោះហាត់រៀន នៅក្លិបកីឡានោះទេ។

ដោយសារកម្រិតជីវភាពមិនអំណោយផល Alizada បានសំងំហ្វឹកហាត់នៅក្នុងផ្ទះម្នាក់ឯង និងត្រូវធ្វើត្រាប់តាម លី ស៊ាវឡុងក្នុងខ្សែភាពយន្តចាស់ៗ រហូតថែមទាំងចេះប្រើក្បាច់ដំបងពីរកំណាត់យ៉ាងស្ទាត់ជំនាញ។ 

លី ស៊ាវឡុង
លោក Abbas Alizada

ទោះយ៉ាងណា Alizada បានសារភាពថា ខ្លួនប្រហែលមិនអាចខ្លាំងដល់កម្រិត លី ស៊ាវឡុងឡើយ។ បែបនេះក៏ដោយ គេនៅតែមានក្តីស្រមៃ ចង់ក្លាយជាអ្នកសម្តែងក្បាច់គុណដ៏ល្បីល្បាញម្នាក់ ព្រមទាំងចង់សហការសម្តែងជាមួយលោក Jackie Chan (ឈិនឡុង) នៅថ្ងៃណាមួយ នាពេលអនាគត។ 

ឈិន ឡុង

ការព្យាយាមរបស់លោក បានផ្តល់នូវមោទនភាព យ៉ាងធំធេងដល់់ជនជាតិ Hazara ដែលមានយុវជនក្លាហាន និងលេចធ្លោរូបនេះ ជាសមាជិករបស់ពួកគេ។

គួរបញ្ជាក់ថា ដោយសារក្តីស្រមៃ ក៏ដូចជាការព្យាយាមរបស់  Alizada បានធ្វើ​ឲ្យ ​លោក Jet Li (លី លានជា) ធ្លាប់បានបញ្ជូនក្រុមការងារមកថតជាឯកសារ នូវរឿងរ៉ាវជីវិតរបស់ Alizada ម្តងរួចមកហើយ កាលពីដើមឆ្នាំ ២០១៧ នេះ៕ 

លី លានជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]