ចិន៖ ស្រ្តីជាម៉ែដោះវ័យ៤០ផ្លាយម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយបែកធ្លាយវីដេអូឃ្លីប ប្រើហិង្សាវាយធ្វើបាប ទៅលើក្មេងតូចម្នាក់យ៉ាងដំណំ ដោយសារតែ ខឹងយំលួងមិនបាត់ បង្កឲ្យមានការរិះគន់ និងខឹងសម្បាយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមជាច្រើន។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៧កន្លងទៅ នៅចន្លោះម៉ោងប្រហែលជា៥ល្ងាច នៅទីតាំងក្នុងជណ្តើរយន្តប្រអប់ នៃអគារស្នាក់នៅមួយកន្លែង ក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្រ្តីជាម៉ែដោះចិត្តខ្មៅខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Ms Li មានអាយុ៤២ឆ្នាំ។ នៅថ្ងៃកើតហេតុ ដោយផ្អែកតាមរយៈវីដេអូឃ្លីប ថតជាប់ដោយកាម៉េរាសុវត្ថិភាព ក្នុងជណ្តើរយន្តប្រអប់គេឃើញថា ម្តាយរបស់កុមាររងគ្រោះបានលើកកូន ទៅឲ្យម៉ែដោះនៅមុខជណ្តើរយន្ត រួចក៏ដើរចេញទៅបាត់ទៅ។

ចំណែកក្មេងវិញគេឃើញថា បានស្រែកយំចង់ទៅតាមម្តាយជាខ្លាំង។ ដោយសារតែ ខឹងយំលួងមិនបាត់ ម៉ែដោះ Li ក៏បានដាល់ពោះ គក់ខ្នង និងលើកអុកកុមារររងគ្រោះយ៉ាងដំណំ ប្រហែលជា១២ដង ក្នុងរយៈពេលជិត៦០នាទី មុនពេលទ្វារជណ្តើរយន្តប្រអប់បើក។

រូបភាពនៅក្នុងថ្ងៃកើតហេតុ
រូបភាពនៅក្នុងថ្ងៃកើតហេតុ

បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបែកធ្លាយបង្ហោះចែកចាយពេញបណ្តាញសង្គម Weibo របស់ចិន និង Twitter អាណាព្យាបាលរបស់កុមាររងគ្រោះ រន្ធត់ចិត្តយ៉ាងខ្លាំង ហើយក៏ប្រញាប់ប្រញាល់ រាយការណ៍ទៅសមត្ថកិច្ច ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនដៃដល់ជាម៉ែដោះនោះតែម្តង។

ឪពុកម្តាយរបស់កុមាររងគ្រោះ បានអះអាងថា កូនរបស់ខ្លួនបានរងការរំលោភបំពាន លើរូបរាងកាយយ៉ាងខ្លាំង ពីសំណាក់ស្រ្តីជាម៉ែដោះខាងលើនេះ បណ្តាលឲ្យមានស្នាមជាំជាច្រើនកន្លែង។

អ្នកនិយមលេងអ៊ីនធើណែតជាច្រើន បានបញ្ចេញមតិដូចៗគ្នាថា ត្រូវតែថ្កោលទោសជាដាច់ខាត ចំពោះទង្វើមិនគួប្បីរបស់ស្រ្តី ជាអ្នកមើលថែទាំក្មេងខាងលើនេះ ដោយមិនអាចលើកលែងបានឡើយ។

អ្នកខ្លះបានបញ្ចេញមតិថា ហេតុការណ៍បែបនេះ អាចកើតមានច្រើនសឹងតែគ្រប់កន្លែងទាំងអស់។ ចំពោះវិធីសាស្រ្តដ៏ល្អបំផុតនោះ ត្រូវតែបង្ហោះចែកចាយរាល់វីដេអូឃ្លីបទាំងនោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីឲ្យគ្រប់គ្នាបានដឹង ទុកជាមេរៀន និងឲ្យប៉ូលិសចុះធ្វើអន្តរាគមន៍ផងដែរ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នម៉ែដោះ Ms Li ត្រូវបានប៉ូលិសក្នុងតំបន់ធ្វើការឃាត់ខ្លួន និងចោទប្រកាន់ពីបទ បង្ករបួសស្នាម ឬបង្កគ្រោះថ្នាក់ដល់រូបរាងកាយដោយចេតនា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេមិនទាន់ដឹងទេថា ម៉ែដោះខាងលើនេះ នឹងត្រូវទទួលការផាកពិន័យ ឬអាចនឹងជាប់ពន្ធនាគាររយៈពេលប៉ុន្មានឆ្នាំ ដើម្បីឲ្យសាកសមទៅនឹងទង្វើដែលខ្លួនធ្វើនៅឡើយនោះទេ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖     

រូបភាពនៅក្នុងថ្ងៃកើតហេតុ
រូបភាពនៅក្នុងថ្ងៃកើតហេតុ
រូបភាពនៅក្នុងថ្ងៃកើតហេតុ
រូបភាពនៅក្នុងថ្ងៃកើតហេតុ
រូបភាពនៅក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]