ភ្នំពេញៈ មុខរបរដើរសម្លុត ឬវាយឆក់ ប្លន់ យកទ្រព្យសម្បត្ដិអ្នកដទៃ ទំនងជាដល់ថ្ងៃអស់លក្ខណ៍  ព្រោះសម្លុត និងយកកូនកាំបិត ចាក់លើជនរងគ្រោះ ប្លន់យកបាន ទូរស័ព្ទដៃ ស៊េរីទំនើប ហើយខំប្រឹងគេចខ្លួន ទីបញ្ចប់ត្រូវ់កងរាជអាវុធហត្ថ ខណ្ឌ៧មករា ចាប់បានប្រគល់ឲ្យទៅនគរបាល ចាត់ការតាមច្បាប់។

ហេតុកាណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៦ៈ៣០នាទី ព្រលប់ថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០១២ នៅចំណុចមុខផ្ទះលេខ១០៤ Eo ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះ ដែលត្រូវចោរគំរាមយកទូរស័ព្ទដៃ ស៊េរីទំនើប ម៉ាកសាំសុង មាន ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ ស្នាក់ នៅផ្ទះលេខ១០៤ E2 នៅកន្លែងកើតហេតុ ចំណែកជនសង្ស័យ ក្នុងអំពើគំរាមប្លន់នេះមានឈ្មោះ ម៉ៅ ភាយ៉ាត អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដុំរង្វង់មូលទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមមន្ដ្រីកងរាជអាវុធហត្ថខណ្ឌ ៧មករា បញ្ជាក់ប្រាប់ភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា មុនកើតហេតុ ជនដៃដល់បានជិះម៉ូតូ មកដល់មុខផ្ទះ ជនរងគ្រោះ រួចក៏ធ្វើសកម្មភាពសម្លុត គំរាម ដោយយកកូនកាំបិត ចាក់ចំកំភួនដៃជនរងគ្រោះ ប្លន់យកទូរស័ព្ទដៃ ម៉ាកសាំសុង បានសម្រេច។ ប៉ុន្ដែត្រូវកូនជនរងគ្រោះឃើញ ក៏នាំគ្នាជិះម៉ូតូដេញតាមប្រកិតពីក្រោយ មកដល់ចំណុចមុខភោជនីយដ្ឋានសនហ័ង ដែលមានទីតាំងជាប់ និងអតីតរោងភាពយន្ដប្រាសាទពេជ្រ តាមបណ្ដោយផ្លូវ ព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងរាជអាវុធហត្ថ ខណ្ឌ៧មករា ប្រចាំនៅទីនោះ ធ្វើការឃាត់ខ្លួនបានតែម្ដង ហើយប្រគល់ជនសង្ស័យរូបនេះ ឲ្យទៅសមត្ថកិច្ចនគរបាល នៅពេលនោះផងដែរ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីចាត់ការតាម នីតិវិធីច្បាប់ ចំណែកទូរស័ព្ទដៃទំនើប បានប្រគល់ឲ្យជនរងគ្រោះ វិញហើយ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]