ជាការពិត នៅក្នុងវប្បធម៌ប្រចាំជាតិសាសន៍នីមួយៗ មនុស្សរមែងតែងតែមានទស្សនៈនិង ទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនខុសពីគ្នា ជានិច្ច។ ឧទាហរណ៍ ដូចជា បុព្វបុរសខ្មែរយើងដែលមានទំនៀមទម្លាប់ ទៅលើការប្រារព្ធពិធីកប់ខ្មោច ឲ្យអង្គុយបែបចោងហោង នៅក្នុងពាង ឬចេតិយ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីទស្សនៈខ្មែរបុរាណ ដែលគេចាត់ទុកមនុស្ស ដែលស្លាប់ទៅថាជា ទារក នៅក្នុងផ្ទៃពោះម្តាយមុនកើត។ អត្ថន័យនៃទង្វើនេះ មានន័យថា ជីវិតមិនសាបសូន្យនោះទេ ក្រោយពីស្លាប់ទៅ ពោលគឺព្រលឹង ឬវិញ្ញាណ នឹងត្រូវបានចាប់ជាតិជាថ្មី ម្តងទៀត។

យ៉ាងណាមិញ សម្រាប់ឱកាសនេះ ខ្មែរឡូត ក៏សូមបង្វែរអារម្មណ៍របស់ប្រិយមិត្តទាំងអស់គ្នា មកធ្វើការស្វែងយល់បន្ថែមពី វប្បធម៌ជនជាតិភាគតិចរបស់ខ្មែរយើង វិញម្តង។

ថាតើ ជនជាតិភាគតិចរបស់ខ្មែរយើង មានវប្បធម៌ប្រពៃណីបែបណាខ្លះដែរ ដោយមានការទាក់ទងជាមួយនឹង ការប្រារព្ធពិធីបុណ្យសពរបស់ពួកគេ។

លោក ឡៃ សាន (ឈ្មោះហៅជាភាសាខ្មែរ) ដែលជាជនជាតិកាចក់មួយរូប នៅទិនោះ

បើតាមការសាកសួរផ្ទាល់ ពីលោក ឡៃ សាន (ឈ្មោះហៅជាភាសាខ្មែរ) ដែលជាជនជាតិកាចក់ មួយរូប នៅក្នុងឃុំ កោះ ពៀ ស្រុកវៀន សៃ ខេត្តរតនៈគីរី បានប្រាប់ខ្មែរឡូតថា ជនជាតិ កាចក់ ជាជនជាតិភាគតិចមួយ នៅក្នុងប្រទេសកម្ពុជា ហើយសព្វថ្ងៃ ជនជាតិនេះ ក៏មានចំនួនប្រជាជនតិចជាងគេបំផុត នៅក្នុងចំណោមជនជាតិភាគតិចជាច្រើន ក្នុងប្រទេសនេះ។ 

ផ្នូរសពរបស់ជនជាតិកាចក់ មុនពេលប្រារព្ធពិធីបញ្ចប់

ជាមួយគ្នានេះ ជនជាតិកាចក់ ក៏មានជំនឿ និងប្រពៃណីទំនៀមទម្លាប់ខុសគ្នាយ៉ាងខ្លាំង ពីជនជាតិខ្មែរយើងផងដែរ ដូចជា ទំនៀមទម្លាប់នៃពិធីបុណ្យសព ជាដើម។ ស្របពេលជាមួយគ្នានេះ លោក ឡៃ សាន (ឈ្មោះហៅជាភាសាខ្មែរ) ក៏បានបង្ហាញប្រាប់នូវទំនៀមទម្លាប់ប្រពៃណីបុណ្យសព របស់ជនជាតិខ្លួនថា ជាការពិត ជនជាតិរបស់លោក មានជំនឿថា មនុស្សដែលបានស្លាប់ទៅ គឺព្រលឹងរបស់ពួកគេ នៅតែមានភាពវិលវល់ជាប់ជំពាក់ ជាមួយនឹងរបស់របរប្រើប្រាស់ជាទីស្រលាញ់របស់ខ្លួន ជានិច្ច។ ហេតុនេះហើយបានជា រាល់សមាជិកនៃក្រុមគ្រួសារណាមួយ របស់ជនជាតិកាចក់ ដែលបានស្លាប់ទៅ គេរមែងតែងតែកប់របស់របរប្រើប្រាស់ ជាទីស្រលាញ់របស់អ្នកស្លាប់ ទៅជាមួយពួកគេ ផងដែរ។

ផ្នូរសពរបស់ជនជាតិកាចក់ ក្រោយពេលប្រារព្ធពិធីបញ្ចប់

លោក ឡៃ សាន បានបន្តថា «លើសពីនេះទៅទៀត រាល់ពេលដែលមានអ្នកណាម្នាក់ស្លាប់បាត់ទៅ សមាជិកនៃក្រុមគ្រួសារនីមួយៗ មិនអាចទាន់ធ្វើពិធីប្រារព្ធសាកសព បែបធំដុំបាននោះទេ លុះត្រាតែសពមានរយៈពេលបានមួយឆ្នាំជាងសិន។ ប៉ុន្តែ សមាជិកនៃក្រុមគ្រួសាររបស់អ្នកស្លាប់ ត្រូវតែទៅមើល និងថែរក្សាកន្លែងសាកសពនោះ យ៉ាងតិចណាស់ ក៏ពីរដង ក្នុងមួយខែ ជារៀងរាល់ខែ ផងដែរ ដូចជា ការដកស្មៅចេញ បោសសម្អាតធូលីដី និងធ្វើអ្វីៗជាច្រើនថែមទៀត នៅទីនោះ។ ក្រោយពេល ដែលសាកសពមានរយៈពេល បានមួយឆ្នាំជាងហើយ សមាជិកនៃក្រុមគ្រួសារនីមួយៗ អាចប្រារព្ធនូវពិធីធំបាន តែសម្រាប់ពិធីនេះ វាត្រូវការចំណាយអស់ប្រាក់រហូតប្រមាណជាង ២០០០ ឬ ៣០០០ ដុល្លារ ព្រោះថា នៅក្នុងពិធីធំនេះ គេត្រូវការចំណាយទៅលើក្របីមួយ រួមជាមួយជ្រូក គោ មាន់ ទា និងបន្លែផ្លែឈើ ជាច្រើនមុខទៀត សម្រាប់ជាពិធីបញ្ចប់ ទៅកាន់អ្នកដែលបានស្លាប់ រួចហើយ។

ក្នុងនោះផងដែរ សម្រាប់ពិធីធំនេះ គេក៏ត្រូវទុកសត្វទាំងអស់នោះ ឲ្យនៅរស់ ដោយធ្វើការបូជា ឈាមស្រស់ភ្លាមៗ តែម្តង ចំពោះមុខផ្នូរសព។ ដោយត្រូវធ្វើការដើរជុំវិញ ផ្នូរសព៣ជុំ ហើយជុំទីមួយ គេក៏យកដំបងទៅវាយបំបាក់ជើងសត្វទាំងអស់នោះ ជុំទីពីរ គេក៏បានយកកាំបិតទៅចាក់.ក សត្វទាំងអស់នេះវិញម្តង ហើយជុំចុងក្រោយ ពួកគេក៏បានវះយកគ្រឿងក្នុង និងសាច់សត្វទាំងអស់នោះ ថ្វាយទៅដល់អ្នកស្លាប់ រួចបរិភោគខ្លួនឯង។

ក្រោយពេលដែលធ្វើពិធីធំនេះចប់ ពួកគេក៏បានដាំដំណាំខ្លះៗ ដែលតំណាងឲ្យអ្នកស្លាប់ថា ប្រសិនបើ ដើមឈើទាំងអស់នោះ លូតលាស់ល្អ វាមានន័យថា ព្រលឹងរបស់អ្នកស្លាប់ បានទៅចាប់ជាតិជាថ្មី រួចហើយ ។ តែផ្ទុយទៅវិញ ប្រសិនបើ ដើមឈើដែលបានដាំរួចអស់ទាំងនោះ មិនបានលូតលាស់ល្អ វាមានន័យថា ព្រលឹងរបស់អ្នកស្លាប់មិនបានទៅចាប់ជាតិ ជាថ្មីនោះទេ ហើយពួកគេក៏កំពុងតែរស់នៅវេទនាលំបាក នៅទីនោះផងដែរ»។ 

ផ្ទាំង នៅកន្លែងផ្នូរសពរបស់ជនជាតិកាចក់​ សម្រាប់ចូលរួមរំលែកទុក្ខរបស់ក្រុមគ្រួសារអ្នកស្លាប់

យ៉ាងណាមិញ ក្រោយពេលដែលពិធីធំនោះ ត្រូវបានបញ្ចប់ទៅ នោះក្រុមគ្រួសាររបស់អ្នកស្លាប់ ក៏មិនត្រូវបានឲ្យអនុញ្ញាតឲ្យមកលេង ឬថែទាំ សម្អាតផ្នូរសពរបស់អ្នកស្លាប់ នោះបន្តទៀតដែរ។ វាមានន័យថា ពិធីធំនេះ ជាពិធីបញ្ចប់នៃជីវិតរបស់អ្នកស្លាប់ ទាំងកាយ និងដួងវិញ្ញាណរបស់ពួកគេ ចំពោះក្រុមគ្រួសារជាតិនេះ ដើម្បីទៅស្វែងរកក្រុមគ្រួសារថ្មី នៅជាតិក្រោយវិញម្តង។ ដូច្នោះ ក្រុមគ្រួសាររបស់អ្នកស្លាប់ជាតិនេះ លែងមានអ្វីដែលត្រូវពាក់ព័ន្ធជាមួយអ្នកស្លាប់ ទៀតហើយ នេះជាការរៀបរាប់ លោក ឡៃ សាន។

ទិដ្ឋភាពនៅលើកោះរបស់ជនជាតិកាចក់ ពេលល្ងាច

សរុបរួមមកវិញ ទាំងអស់នេះ គ្រាន់តែជាផ្នែកមួយនៃប្រពៃណី និងទំនៀមទម្លាប់មួយចំនួនរបស់ជនជាតិកាចក់ នៅក្នុងប្រទេសកម្ពុជាយើង ដែលបានរស់នៅ តាំងពីយូរលង់ណាស់មកហើយ ដែលមានការរៀបចំ និងធ្វើពិធីបុណ្យសព ខុសប្លែកខ្លាំង ជាមួយនឹង ប្រពៃណីរបស់ជនជាតិខ្មែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]