(ភ្នំពេញ)៖ តារាសម្ដែងស្រីស្រស់ស្អាត សម្រស់បានរាងតូចច្រឡឹង កញ្ញា ដេននី ក្វាន់ បន្ទាប់ពីបានបង្ហាញមុខមាត់គូស្នេហ៍ ឲ្យមហាជនស្គាល់នោះ នាងត្រូវបានមហាជនសរសើរ មិនដាច់ពីមាត់ថា មានគូស្នេហ៍ចេះយល់ចិត្តគ្នា ខណៈរាល់ពេលឲ្យតែទៅណាមកណា តែងតែបណ្តើរគ្នាជានិច្ច មិនថាទៅចូលរួមកម្មវិធីនានា ឬដើរកំសាន្តនោះទេ។ ជាមួយគ្នានេះដែរ ថ្មីនេះ កញ្ញា ដេននី ក្វាន់ បានបង្ហោះរួមភាពដ៏ស្និទ្ធស្នាល និងស័ក្តិសមគ្នាយ៉ាងខ្លាំង ជាមួយនឹងគូស្នេហ៍របស់នាង ដែលគេដឹងថា ឈ្មោះ ចាន់ មករា ព្រមទាំងសរសេរសារ ជាច្រើនយ៉ាងមានអត្ថន័យទៀតផង។

តារាសម្ដែង ដែលតែងតែលេចមុខក្នុងសកម្មភាពសប្បុរសធម៌ ដេននី ក្វាន់ បានសរសេរថា «បានជួបមនុស្សម្នាក់ដែលយើងស្រឡាញ់ ហើយគេក៏ស្រឡាញ់យើងវិញ នោះជារឿងគួរឲ្យរីករាយបំផុត..ប៉ុន្តែវាកាន់តែរីករាយថែមទៀត ប្រសិនបើមនុស្សពីរនាក់ព្រម ទទួលស្គាល់ចំណុចអវិជ្ជមាន របស់គ្នាទៅវិញទៅមក ព្យាយាមរៀនសូត្រពីគ្នា ព្យាយាមដាស់តឿនគ្នា ឲ្យអភ័យដល់គ្នា មានចិត្តមេត្តាចំពោះគ្នា នឹងមិនបោះបង់គ្នាចោល ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ! តម្លៃដ៏ធំធេងរបស់ស្នេហា គឺអនុស្សាវរិយ៍ ការលះបង់ ភាពស្មោះត្រង់ នឹងទំនុកចិត្ត»។

ដោយមានការបង្ហោះទាំងនេះ ធ្វើឲ្យមានទស្សនិកជនខ្លះ ជួយត្រេកអរជំនួស ដេននី ក្វាន់ ដែលមិនសម្រស់ស្អាត ទឹកចិត្តល្អហើយ មានគូស្នេហ៍ចេះយល់ចិត្តទៀត ខណៈមហាជនមួយចំនួនតូច បានលើកឡើងថា «ដេនី ក្វាន់ មុខមាត់ស្អាតអ៊ីចឹងហើយ យកគូស្នេហ៍មុខមិនស្អាត មិនសង្ហា ឬមួយយកដោយសារគេមានលុយវីឡា ហើយមិនដឹង»។

យ៉ាងណាមិញ ដោយសារតែកុំឲ្យមហាជន នៅតែយល់ច្រឡំ រឿងរ៉ាវស្នេហារបស់ខ្លួន លោក ចាន់ មករា បានតបតាមរយៈ Comment ថា «ខ្ញុំមិនមានលុយ ឬ ជាអ្នកមានអីនោះទេ ហើយក៏មិនមែនជាបុរសសង្ហា ដូចដែលអ្នកគិតនោះទេ បើចង់ស្គាល់ខ្ញុំច្បាស់ឆាតសួរ ឬមកជួបខ្ញុំទៅដឹងហើយ។ សូមកុំយកលុយ មកបូករួមជាមួយសេចក្តីស្រឡាញ់ របស់មនុស្ស បើសិនជាអ្នកមិនទាន់យល់ មិនទាន់ស្គាល់ មិនទាន់ជួប កុំវាយតម្លៃទឹកចិត្តមនុស្ស តាមរយៈលុយ»។

គួរបញ្ជាក់ផងដែរថា កញ្ញា ដេននី ក្វាន់ និងលោក ចាន់ មករា ស្រឡាញ់គ្នាដោយចិត្តស្មោះរៀងៗខ្លួន ដោយមិនគិតថា មានឬក្រ និងស្អាតឬមិនស្អាត ដូចដែលមហាជនមួយចំនួនតូច គិតនោះទេ៕

ដេននី ក្វាន់
ដេននី ក្វាន់ និងសង្សារ
ដេននី ក្វាន់ និងសង្សារ
សាររបស់ ដេននីក្វាន់

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់