ភ្នំពេញ៖ កាលពីថ្ងៃទី១០ខែធ្នូ កន្លងទៅនេះ មហោស្រពភាពយន្តជាតិលើកទី៥ បានបិទបញ្ចប់ ដោយកម្មវិធីពិសេសចុងក្រោយ គឺការប្រកាសជ័យលាភី និងការប្រគល់ពានរង្វាន់ដល់បុគ្គលិក និងផលិតកម្មឆ្នើម។ ក្នុងនោះ គឺមានរឿង Jailbreak: ការពារឧក្រិដ្ឋជន ដែលក្រុមហ៊ុន «ពូព្រហ្ម» បានចែកចាយ បានទទួលរង្វាន់៣បន្តបន្ទាប់គ្នា ៖

- លោក មុត អ៊ីវ ផ្នែកតុបតែងឆាក

- លោក អួរ តារា ផ្នែកតារាសម្តែងប្រុសឆ្នើម

- ផលិតកម្ម «កងចក្រ» បានប័ណ្ណកិត្តិយស សម្រាប់ការចំណាយទុនផលិតច្រើន លើគម្រោងភាពយន្ត។

ដោយឡែក រឿង «តម្លៃស្នេហ៍» ផលិតដោយ ខ្មែរមេគង្គហ្វីលម៍ ទទួលបានពានរង្វាន់ភាពយន្តឆ្នើម ប្រចាំឆ្នាំ រួមនឹងពានសម្រាប់បុគ្គលផ្សេងៗទៀត។

ខាងក្រោមនេះ ជាតារាងឈ្មោះ និងពាន សម្រាប់បុគ្គលផ្សេងៗទៀត ក្នុងមហោស្រពលើកទី៥នេះ៖

1) ពានអ្នកតុបតែងឆាក លោក មុត អៀវ

2) ពានប្រព្រឹត្ដិកម្មភាពយន្ដឆ្នើម តម្លៃស្នេហ៍

3) ពានតួសម្ដែងស្រីឆ្នើម កញ្ញា ស៊ិន យូប៊ីន

4) ពានតួសម្ដែងប្រុសឆ្នើម លោក អួរ តារា

5) ពានអ្នកថតភាពយន្ដឆ្នើម មឿន វណ្ណា

6) ពានអ្នកដឹងនាំរឿងឆ្នើម លោក ជុំ វិចិត្រ

7) ពានអ្នកនិពន្ធឆ្នើម អ្នកស្រី ពាន់ ភួងបុប្ផា

8) ពានខ្សែភាពយន្ដទស្សនិកជនគាំទ្រច្រើនជាងគេ ទឹកចិត្តម្តាយ (ផលិតកម្ម ទីក្រុង/Town Production)

9) ពានប័ណ្ណកិត្ដិយសសម្រាប់តួសម្ដែង៖

១. កញ្ញា សុខ សោម៉ាវត្ដី

២. កញ្ញា សម ថារ័ត្ន

៣. អង្គម្ចាស់ ស៊ីសុវត្ថិ សិរីវុឌ្ឍ

៤. លោក អ៊ុង ណារ៉េត

10) ពានប័ណ្ណកិត្ដិយសសម្រាប់ផលិតកម្ម Rock Production និង Kongchak Pictures 

លោកស៊ុំ ស៊ីថែន អ្នកចាត់ការទូទៅរបស់ «ពូព្រហ្ម» បានឱ្យដឹងថា៖ «នេះជាកិត្តិយសមួយ ដែលយើងបានចែកចាយរឿងជាប់ជ័យលាភីដូចជា Jailbreak: ការពារឧក្រិដ្ឋជន។ អ្វីដែលពិសេស គឺយើងបានប្រគល់ពានរង្វាន់តារាស្រីឆ្នើមក្នុងឆ្នាំនេះ ដល់ កញ្ញា ស៊ិន យូប៊ីន ក្នុងរឿង «តម្លៃស្នេហ៍»។» 

លោកក៏បានបន្ថែមថា ក្នុងនាមជាចលករសំខាន់សម្រាប់ភាពយន្តខ្មែរ «ពូព្រហ្ម» នឹងបន្តផ្សព្វផ្សាយ និងគាំទ្រភាពយន្តខ្មែរ ក្រៅពីការឧបត្ថម្ភជាថវិកាផងដែរ។ ជាលទ្ធផល ក្រុមហ៊ុន នឹងចែកចាយរឿង «កំពូលអ្នកថតរូប» (King Selfie) ដែលជាវណ្ណកម្មថ្មីរបស់ផលិតកម្ម ខ្មែរមេគង្គ ។ រឿងនេះចាក់បញ្ចាំង នាដើមខែមិនាឆ្នាំក្រោយ នៅគ្រប់រោងភាពយន្តផងដែរ។

រូបភាព អ្នកទទួលពានក្នុងរឿង «Jailbreak: ការពារឧក្រិដ្ឋជន» លោក Sithean, Dara, Sambo និង លោក Mout
រូបភាព ផលិតករខ្មែរមេគង្គហ្វីលម៍ និងលោក Sithen
រូបភាពតួសម្ដែង និងអ្នកដឹកនាំរឿង «តម្លៃស្នេហ៍» នៅលើឆាក

គួរបញ្ជាក់ដែរថា មហោស្រពភាពយន្តជាតិ ២០១៧ បានដំណើរការ ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែធ្នូ កន្លងទៅនេះ។ ទស្សនិកជនជាង ៥០០០ នាក់បានចូលរួមទស្សនាខ្សែភាពយន្ត ដោយឥតគិតថ្លៃ នៅតាមរោងភាពយន្ត៥ទីតាំង ក្នុងរាជធានីភ្នំពេញ។ ដោយឡែករឿងដែលដាក់ប្រកួតមានចំនួន១៤ ចំណងជើង ដោយគណៈកម្មការនឹងជ្រើសរើសយករឿង តែ៨ទេ សម្រាប់វគ្គផ្តាច់ព្រ័ត្រ និងបញ្ចាំងអំឡុងពេលមហោស្រព៕

ចុះប្រិយមិត្តវិញ គិតថាលទ្ធផលទាំងនេះ សក្តិសមដែរឬទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]