ចិន៖ បុរសជាឪពុកជនជាតិចិនម្នាក់ ខឹងនឹងខ្លួនឯងយ៉ាងខ្លាំង ចំពោះការទូន្មានប្រៀនប្រដៅកូនប្រុស តែមិនព្រមស្តាប់តាមបង្គាប់ ទីបំផុតសុខចិត្តលុតជង្គង់ ហុចរំពាត់ហើយបែរខ្នងឲ្យកូនវាយវិញ ដើម្បីទុកជាមេរៀន និងបានថតវីដេអូបង្ហោះចែកចាយលើអីុនធើណែត ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ក្មេងប្រុសវ័យជំទង់ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ បានធ្វើឲ្យឪពុករបស់គេខឹង និងស្តីបន្ទោសឲ្យយ៉ាងខ្លាំងៗ នៅក្នុងបន្ទប់ក្នុងផ្ទះ ដោយសារតែ កូនប្រុសរូបនេះមិនគិតគូររៀនសូត្រ គិតតែពីជក់លេងហ្គេមក្នុងម៉ោងសិក្សា។

លើសពីនេះ ថែមទាំងកុហកឪពុកខ្លួនថា គ្រូរបស់គេអនុញ្ញាតឲ្យយកទូរស័ព្ទចូលសាលារៀនបាន ខណៈដែលឪពុករូបនេះ បានហាមឃាត់យ៉ាងខ្លាំង មិនឲ្យកូនប្រុសប៉ះពាល់ ឬប្រើប្រាស់ទូរស័ព្ទក្នុងសាលា ជាពិសេស ក្នុងម៉ោងសិក្សាតែម្តង ព្រោះវាអាចធ្វើឲ្យបែកអារម្មណ៍ រំខាន់ដល់ការសិក្សា។

កូនប្រុសរូបនេះមិនគិតគូររៀនសូត្រ គិតតែពីជក់លេងហ្គេមក្នុងម៉ោងសិក្សា

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានថតឡើងដោយកូនស្រីម្នាក់ទៀត គេអាចលឺការសន្ទនាគ្នាខ្លះៗ រវាងឪពុកនិងកូនប្រុសខាងលើនេះថា៖ «ប៉ាមិនដែលប្រដៅឯង ឬបង្រៀនឯងទេ តើមែនទេ?» កូនប្រុសក៏ឆ្លើយតបវិញថា «ធ្លាប់» ឪពុករូបនោះក៏បន្តទៀតថា «បើឯងធ្លាប់ ចុះហេតុអីបានជាឯងមិនខំប្រឹងរៀនសូត្រ ហា៎! ?»

ភ្លាមនោះ ឪពុកក៏ស្រាប់តែដោះអាវក្រៅចេញ នៅសល់តែអាវ.សវាលក្លៀក រួចហុចរំពាត់ឲ្យកូនប្រុសដែលកំពុងតែឈរធ្មឹង ខណៈឯរូបគាត់វិញលុតជង្គង់ក្រាបខ្លួនលើតុ ហើយស្រែកខ្លាំងៗ ដើម្បីឲ្យកូនប្រុសគាត់ វាយខ្នងគាត់មក។

«លើកនេះគឺជាកំហុសរបស់ប៉ា ដែលមិនបានបង្រៀន ទូន្មានកូនឲ្យបានល្អ ប៉ានឹងទទួលយកការស្តីបន្ទោសពីឯង និងគ្រូឯងទាំងអស់» ឪពុករូបនេះនិយាយដដែលៗ នឹងស្រែកឲ្យកូនប្រុសវាយខ្នងគាត់មក ប៉ុន្តែកូនប្រុសខាងលើនេះ គិតតែពីយំនិងបដិសេធមិនវាយឡើយ។ មិនបង្អង់យូរ ឪពុករូបនោះក៏បានយករំពាត់ពីដៃកូនប្រុស ហើយចាប់ផ្តើមវាយខ្នងខ្លួនឯងតែម្តង។

«ប៉ាទូន្មានឯងមិនបានល្អ ឯងយកទូរស័ព្ទទៅលេងហ្គេមនៅសាលា ហើយឯងនៅហ៊ាននិយាយថា គ្រូឯងអនុញ្ញាតឲ្យយកទូរស័ព្ទចូលថ្នាក់ទៀត។ ស្តាប់ឲ្យច្បាស់ណា៎ លើកនេះ ប៉ាសុខចិត្តទទួលពិន័យជំនួសឯង ប៉ុន្តែលើកក្រោយ បើឯងនៅតែមិនស្តាប់ប៉ាទៀត ប៉ានឹងយករំពាត់នេះ វ័ធលើខ្នងឯងវិញម្តងហើយ ដើម្បីជាការព្រមាន» ឪពុកនិយាយ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ឪពុកសុខចិត្តទទួលពិន័យខ្លូនឯង ដោយសារតែទូន្មានកូនមិនបានល្អ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]