រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​៣ ចាប់​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ទាក់ទិន​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ប៉ុនប៉ង​សម្លាប់​អ្នក​ដទៃ និង​ប្រពន្ធ​កូន​ខ្លួនឯង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

បុរស​ជាប់ចោទ​ឈ្មោះ​ចាន់ ធឿ​ន អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ

បុរស​ជាប់ចោទ​ឈ្មោះ​ចាន់ ធឿ​ន អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។ ដោយឡែក​ម្ចាស់​បណ្តឹង​ដែល​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​សោម សា​វឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ និង​សាក្សី​ជា​ច្រើន​បានឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា នៅ​វេលា​ខាងលើ​ជន​រង​គ្រោះ និង​ប្រពន្ធ​កំពុង​អង្គុយ​ទទួលទាន​អាហារ​ល្ងាច​ជាមួយ​ប្រពន្ធ នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ខណៈនោះ ស្រាប់តែ​ឈ្មោះ​ចាន់ ធឿ​ន បាន​យក​កាំបិតប៉័ងតោ​មក ប៉ុនប៉ង​កាប់​ជន​រង​គ្រោះ តែ​ត្រូវ​ជន​រង​គ្រោះ​ដឹងខ្លួន​មុន​ក៏​រត់គេច​ចូល​ទៅ​ក្នុងផ្ទះ ហើយ​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​មក​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​កើតហេតុ​ឲ្យ​ដឹង​ថា ឈ្មោះ​ចាន់ ធឿ​ន ជា​មនុស្ស​ពា​លា​អាវាសែ ពេល​ផឹកស្រា​ស្រវឹង​តែងតែ​បង្ក​ការ​អុកឡុក​ផ្អើល​ស្រុក​ផ្អើល​ភូមិ ជា​ពិសេស​បាន​ប្រើប្រាស់​ហិង្សា​លើ​ប្រពន្ធ​កូន​ញឹក​ញ៉ាប់ ។

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ គឺ​រូបគេ​ពុំដែល​ធ្លាប់​មាន​ទំនាស់​អ្វី​ជាមួយ​ឈ្មោះ​ចាន់ ធឿ​ន ឡើយ ។សូម​បញ្ជាក់​ថា នៅ​ក្នុង​ពាក្យបណ្តឹង​ជន​រង​គ្រោះ​បាន​ប្តឹង​ឈ្មោះ​ចាន់ ធឿ​ន ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]