ការចូលបន្ទប់ទឹក បញ្ចេញចោលកាកសំណល់ ជារឿងធម្មតាស្រាប់ទៅហើយរបស់មនុស្សយើង ជាពិសេសការបញ្ចេញចោលទឹកនោមតែម្តង។ ប៉ុន្តែមានមនុស្សមិនតិចនាក់នោះទេ ដែលតែងតែមានទម្លាប់ប្រឹងទប់នោម ដោយអាងពាក្យថាចាំបន្តិចសិន ឬចាំមួយភ្លែត បូករួមនឹងអ្នកដែលកំពុងតែអានផងដែរ ដោយសារតែរវល់នឹងការងារប្រចាំថ្ងៃ ឬពេលខ្លះប្រឹងទប់នោមដោយសារតែរកបន្ទប់ទឹកមិនបានជាដើម។

តើអ្នកមានបានដឹងទេថា ទម្លាប់ទប់នោមទាំងនេះមិនមែនជារឿងល្អនោះឡើយ ហើយការធ្វើបែបនេះជាប្រចាំ ថែមទាំងអាចបង្កជាហានិភ័យនៃជំងឺ និងគ្រោះថ្នាក់ផ្សេងៗដល់សុខភាពបានផងដែរ?

ដូច្នេះមកតាមដានទាំងអស់គ្នា ថាតើមានរឿងអ្វីកើតឡើង ប្រសិនជាអ្នកប្រឹងទប់នោមនោះទាំងអស់គ្នា ដូចខាងក្រោមនេះ៖

មានមនុស្សមិនតិចនាក់នោះទេ ដែលតែងតែមានទម្លាប់ប្រឹងទប់នោម ដោយអាងពាក្យថាចាំបន្តិចសិន ឬចាំមួយភ្លែត បូករួមនឹងអ្នកដែលកំពុងតែអានផងដែរ

# ក្រួសក្នុងតម្រងនោម

អ្នកដែលមានបញ្ហាក្រួសក្នុងតម្រងនោម ភាគច្រើនបណ្តាលពីការប្រឹងទប់នោមរយៈពេលយូរពេក ដោយមិនចូលទៅបន្ទប់ទឹកបញ្ចេញកាកសំណល់ចោលតាមទឹកនោម។ ក្រួសក្នុងតម្រងនោម កើតឡើងដោយសារតែជាតិកាល់ស្យូម និងសូដ្យូមក្លាយជាកករ កើនឡើងបង្កើតជាដុំក្រួសតូចៗ នៅពេលដែលអ្នក មិនបានបញ្ចេញកាកសំណល់ដែលមាននៅក្នុងខ្លួនចោលតាមរយៈទឹកនោម។ នៅពេលដែលដុំក្រួសនេះកាន់តែធំឡើងៗ អាចបណ្តាលឱ្យស្ទះបំពង់នោម និងធ្វើឱ្យមានការឈឺចុកចាប់ជាខ្លាំងរហូតដល់មិនអាចទ្រាំបាន។

វិធីម្យ៉ាងគឺមានតែការវះកាត់ និងចោះបំពង់នោមតែប៉ុណ្ណោះដើម្បីយកក្រួសនេះចេញ។ អ្នកប្រាកដជាមិនចង់ទទួលបានការឈឺចាប់ទេមែនទេ? ដូច្នេះឈប់ទប់នោម ហើយត្រូវតែទៅបន្ទប់ទឹកភ្លាមៗនៅពេលដែលរាន់នោម។

អ្នកដែលមានបញ្ហាក្រួសក្នុងតម្រងនោម ភាគច្រើនបណ្តាលពីការប្រឹងទប់នោមរយៈពេលយូរពេក

# រលាកប្លោកនោម

ការប្រឹងទប់នោមរយៈពេលយូរពេក ក៏អាចបណ្តាលឱ្យអ្នកកើតជំងឺដ៏ធ្ងន់ធ្ងរមួយផងដែរ នោះគឺជំងឺរលាកប្លោកនោម ដែលភាគច្រើនកើតមាននៅលើស្ត្រីតែម្តង។ ដោយរោគសញ្ញានៃជំងឺរលាកប្លោកនោមមានដូចជា៖

- ឈឺចាប់នៅត្រង់អាងត្រគាក

- មានអាការរលាក និងឈឺចុកចាប់ពេលកំពុងនោម

- មានបញ្ហារាន់នោមខ្លាំងស្ទើរតែទ្រាំមិនបានតែនោមមិនចេញ ឬទឹកនោមមានបរិមាណតិចតួច។

ដើម្បីកុំឱ្យមានបញ្ហាសុខភាព និងជំងឺមួយនេះកើតឡើង អ្នកមិនត្រូវទប់នោមជាដាច់ខាត។

ការប្រឹងទប់នោមរយៈពេលយូរពេក ក៏អាចបណ្តាលឱ្យអ្នកកើតជំងឺដ៏ធ្ងន់ធ្ងរមួយផងដែរ នោះគឺជំងឺរលាកប្លោកនោម ដែលភាគច្រើនកើតមាននៅលើស្ត្រីតែម្តង

# មេរោគបាក់តេរី និងហើមប្លោកនោម

ជាធម្មតាអ្នកគួរតែទទួលទានទឹកឱ្យបាន ៨កែវក្នុងមួយថ្ងៃដែលស្មើនឹង ជិត២លីត្រ (១.៩លីត្រ) ប៉ុន្តែតម្រងនោមរបស់អ្នកអាចផ្ទុកជាតិទឹកម្តងបានត្រឹមតែប្រហែលជា ០.៥លីត្រតែប៉ុណ្ណោះ។ នោះមានន័យថាតម្រងនោមរបស់អ្នក អាចផ្ទុកបរិមាណជាតិត្រឹមតែ ១ភាគ៤នៃទឹកដែលអ្នកទទួលទានជារៀងរាល់ថ្ងៃ។

ដូច្នេះអ្នកមិនអាចរក្សារាងកាយឱ្យអ្នកមានជាតិទឹក និងធ្វើឱ្យតម្រងនោមមានសុខភាពល្អនោះឡើយ ប្រសិនជាអ្នកមិនទៅបន្ទប់ទឹកបញ្ចេញទឹកនោមចោលពេលដែលរាន់នោមនោះ។ យកល្អមួយថ្ងៃគួរតែនោមចេញឱ្យបានយ៉ាងហោចណាស់ក៏ ៦ ទៅ៨ដងដែរ។

ការមិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងព្យាយាមទប់នោមនៅពេលដែលអ្នករាន់នោម មិនត្រឹមតែមិនអាចធ្វើឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹកនោះទេ ថែមទាំងបង្អាក់ការលាងសម្អាតតម្រងនោមរបស់អ្នកតាមរយៈទឹកនោមថែមទៀតផង ។ ទាំងអស់នោះហើយ ដែលធ្វើឱ្យតម្រងនោមរបស់អ្នកមានបញ្ហា សម្បូរទៅដោយមេរោគបាក់តេរី ហើយថែមទាំងធ្វើឱ្យប្លោកនោមរបស់អ្នកហើម និងរលាកបានផងដែរ។

ការមិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងព្យាយាមទប់នោមនៅពេលដែលអ្នករាន់នោម មិនត្រឹមតែមិនអាចធ្វើឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹកនោះទេ ថែមទាំងបង្អាក់ការលាងសម្អាតតម្រងនោមរបស់អ្នកតាមរយៈទឹកនោមថែមទៀតផង

# ផលវិបាក និងជំងឺផ្សេងៗ

ក្រៅពីជំងឺធំៗទាំង៣ខាងលើ ការទប់នោមថែមទាំងផ្តល់ផលអាក្រក់ និងការឈឺចុកចាប់ផ្សេងទៀតទៅដល់បញ្ហាសុខភាពរាងកាយដូចជា៖

- តែងតែមានអាការឈឺចុកៗត្រង់ប្លោកនោម នៅពេលកំពុងនោម

- អាចជួបនឹងអាការគ្រុនក្តៅ ដោយសារតែមេរោគបាក់តេរីនៅក្នុងទឹកនោមដែលមិនបានបញ្ចេញចោលតាមរយៈទឹកនោម

- មានអាការញ័រប្លោកនោម

- មានផលប៉ះពាល់ដល់បញ្ហាក្រពះផងដែរ ដូចជាឈឺក្នុងក្រពះ និងពោះវៀន

- អាការឈឺចាប់នឹងរាលដាលដល់សាច់ដុំ និងធ្វើឱ្យរមួលក្រពើ

- កើតមានជំងឺថប់អារម្មណ៍

- ពិបាកនឹងផ្តោតអារម្មណ៍លើអ្វីមួយ ក្រៅពីមានអារម្មណ៍ចង់តែទៅនោម។

ក្រៅពីជំងឺធំៗទាំង៣ខាងលើ ការទប់នោមថែមទាំងផ្តល់ផលអាក្រក់ និងការឈឺចុកចាប់ផ្សេងទៀតទៅដល់បញ្ហាសុខភាពរាងកាយ

ចំណាំ៖

ដូច្នេះដើម្បីចៀសផុតពីជំងឺអាក្រក់ៗខាងលើ អ្នកគួរតែទៅបន្ទាប់ទឹកភ្លាមៗបន្ទាប់ពីរាន់នោម ហើយត្រូវតែទទួលទានទឹកឱ្យបានច្រើន យ៉ាងហោចណាស់ក៏ ៦ ទៅ៨កែវក្នុងមួយថ្ងៃ ដើម្បីរក្សាជាតិទឹកក្នុងខ្លួន ថែមទាំងបង្កើនបរិមាណទឹកនោមផងដែរ។

មានមនុស្សមិនតិចទេ តែប្រឹងទទួលទានទឹក ប្រឹងទទួលទានរបបអាហារ និងធ្វើភេសជ្ជៈជាច្រើនដើម្បីជួយបញ្ចេញទឹកនោម ចុះហេតុអ្វីបានជាអ្នកត្រូវប្រឹងទប់នោមនោះ?

ដូចដែលអ្នកបានដឹងហើយថា ការបញ្ចេញទឹកនោមកាន់តែច្រើន អាចជួយលាងសម្អាតតម្រងនោម និងជួយបញ្ចេញជាតិកាកសំណល់ជាតិពុលជាច្រើនចេញពីរាងកាយបានផងដែរ។ មានមនុស្សមិនតិចទេ តែប្រឹងទទួលទានទឹក ប្រឹងទទួលទានរបបអាហារ និងធ្វើភេសជ្ជៈជាច្រើនដើម្បីជួយបញ្ចេញទឹកនោម ចុះហេតុអ្វីបានជាអ្នកត្រូវប្រឹងទប់នោមនោះ? កែប្រែទម្លាប់របស់អ្នកទាំងអស់គ្នា ពេលរាន់នោម ត្រូវតែទៅនោមភ្លាមទើបជាការល្អ៕  

កែប្រែទម្លាប់របស់អ្នកទាំងអស់គ្នា ពេលរាន់នោម ត្រូវតែទៅនោមភ្លាមទើបជាការល្អ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]