យោងតាមប្រភពពត៌មានពី គេហទំព័រ huffington បានអោយដឹងថា ឪពុកម្តាយ ជនជាតិអ៊ុយក្រែន របស់ក្មេងប្រុស អាយុ ៩ឆ្នាំ ម្នាក់បានបាត់បង់អស់ប្រាក់ ជិត ៤០០០ដុល្លា ដោយសារតែ កូនប្រុសរបស់ពួកគេ លួចលុយនោះ យកទៅទិញស្ករគ្រាប់ នៅឯហាង មួយកន្លែង។

ប្រភពពត៌មានបានបន្ថែមអោយដឹងទៀតថា ពួកគាត់បាន រក្សាទុកប្រាក់ទាំងនេះ នៅក្រោមសាឡុង ដោយខំប្រឹងប្រែងធ្វើការ យ៉ាងនឿយហត់ ទម្រាំសន្សំបានប្រាក់ ប៉ុណ្ណឹង។ ឪពុករបស់ក្មេងប្រុសខាងលើ ជាអ្នកដែលបានដឹងរឿងនេះមុនគេ នៅពេលដែលគាត់ ទើបមកពីធ្វើការវិញ ហើយក៏បានទៅបើកមើល កន្លែងលាក់ប្រាក់ របស់គាត់ ស្រាប់តែបាត់អស់ នៅទទេស្អាតតែម្តង។

យ៉ាងណាមិញ ក៏ក្មេងប្រុសរូបនេះមិនងាយនឹងចាយលុយទាំងនេះបានដែរ ព្រោះឪពុកម្តាយ របស់គេបានប្តូរជាលុយដុល្លា និងលុយអ៊ឺរ៉ូ សំរាប់សន្សំទុក ជៀសជាង ទុកក្រដាសប្រាក់អ៊ុយក្រែន។ ហេតុនេះ ក្មេងប្រុសរូបនេះ ក៏បានទៅបបួលមនុស្សពេញវ័យម្នាក់ ដែលតាមរបាយការណ៍ជា មនុស្សមានសតិមិនប្រក្រតី ដើម្បីជួយគេ ក្នុងការប្តូរប្រាក់ យកទៅទិញស្ករគ្រាប់នៅក្នុងហាង។ ទោះជាយ៉ាងណា មិនមានរបាយការណ៍បញ្ជាក់ អោយជាក់លាក់ពីលទ្ធផល នៃហេតុការណ៍ នេះនៅឡើយទេ។

ដោយឡែក ក៏ធ្លាប់មានករណីស្រដៀងគ្នានេះដែរ ទៅនឹងកន្លែងលាក់ប្រាក់ ដោយនៅសហរដ្ឋ អាមេរិកឯនោះវិញ មានប្តីប្រពន្ធមួយគួបានយកប្រាក់ទៅលាក់ទុក នៅក្នុង ឆ្នាំងចំអ៊ិនម្ហូប ហើយភ្លេចយកចេញ ក៏ចំអ៊ិនទៅជាមួយលុយទាំងនោះតែម្តងទៅ ដែលមានចំនួនដល់ទៅ ១៥០០០ដុល្លា។

តើប្រិយមិត្ត ធ្លាប់យកប្រាក់ទៅលាក់ទុកនៅកន្លែងប្លែកៗបែបនេះទេ?

ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]