ឥណ្ឌា៖ Divya គឺជាក្មេងស្រីជនជាតិឥណ្ឌាដ៏កំសត់ម្នាក់ដែលរស់នៅក្នុងភូមិ Fateh Nagla នៃរដ្ឋ Uttar Pradesh ដែលជារដ្ឋដ៏ក្រីក្រមួយនៅក្នុងប្រទេសឥណ្ឌា។

ជារៀងរាល់យប់ នាងតែងតែស្លៀកពាក់ខោអាវយ៉ាងគគ្រេច ហើយធ្វើដំណើរដោយជើងទទេ ឆ្ពោះទៅកាន់ស្ថានីយរថភ្លើង Orai ដោយមានស្ពាយកាតាបមួយពីខាងក្រោយផងដែរ។ ទៅដល់ទីនោះ នាងតែងតែអង្គុយបត់ជើងនៅក្រោមពន្លឺភ្លើងអគ្គិសនី ដោយមិនខ្វាយខ្វល់ពីអ្នកធ្វើដំណើរដែលឆ្លងកាត់នៅទីនោះឡើយ។ ដោយហេតុតែវត្តមានរបស់នាងនៅទីនោះញឹកញាប់ពេក អ្នកដែលនៅស្នាក់នៅក្បែរនោះ ហើយនិងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ តែងតែនិយមគិតក្នុងចិត្តថា Divya គឺជាក្មេងស្រីសុំទានប្រចាំនៅស្ថានីយរថភ្លើង។

ថ្ងៃមួយ Rajesh Kumar Singh បានធ្វើដំណើរមកកាន់ស្ថានីយរថភ្លើង Orai ហើយក៏មានការចម្លែកនៅក្នុងចិត្តជាខ្លាំង ព្រោះតែលោកបានប្រទះឃើញទិដ្ឋភាពក្មេងស្រីម្នាក់អង្គុយបត់ជើងគួរឲ្យអាណិត ដែលមនុស្សម្នានៅក្បែរនោះតែងតែនិយមហៅថា «ក្មេងស្រីសុំទាន»។ ភ្លាមនោះ រូបលោកក៏បានសម្របខ្លួនទៅជិតនាងដោយក្នុងគោលបំណងសួរនាំនាងចង់ដឹងឲ្យប្រាកដថា តើក្មេងស្រីម្នាក់នេះកំពុងតែធ្វើអ្វី? តើនាងគឺជាក្មេងសុំទានដូចដែលគេនិយមនិយាយតៗគ្នាឬយ៉ាងណា? នៅពេលដែលរូបលោកបានចូលទៅក្បែរនាងហើយ លោកភ្ញាក់ខ្លួនព្រើត ហើយរន្ធត់ចិត្តជាខ្លាំង ព្រោះក្មេងស្រីម្នាក់ដែលគេនិយមគិតថាជាក្មេងស្រីអង្គុយសុំទាន តាមពិតនាងគឺជាកូនសិស្សសាលា ហើយនាងមកអង្គុយបត់ជើងក្រោមពន្លឺភ្លើងនៅក្នុងស្ថានីយរថភ្លើងនេះ គឺដើម្បីមានពន្លឺភ្លើងមើលមេរៀន និងធ្វើកិច្ចការសាលាឲ្យគ្រូសោះ។

ស្ថានីយរថភ្លើង Orai ដែល Divya តែងតែទៅអង្គុយ

នៅពេលនោះ Rajesh Kumar Singh ក៏បានសួរនាំអំពីមូលហេតុដែលនាងសម្រេចចិត្តមកអង្គុយរៀននៅទីនេះ។ ខណៈពេលនោះ Divya បានឆ្លើយតបថា៖

នៅក្នុងស្រុករបស់ខ្ញុំ ពួកយើងគ្មានភ្លើងអគ្គិសនីប្រើប្រាស់នោះទេ ដូច្នេះហើយ ដើម្បីអាចរៀនសូត្រ និងធ្វើកិច្ចការសាលាបាន ខ្ញុំត្រូវតែធ្វើដំណើរមកកាន់ទីកន្លែងនេះ ព្រោះវាមានភ្លើងអគ្គិសនីប្រើប្រាស់។
រូបភាពភូមិដែល Divya រស់នៅ

ពេលដែលបានដឹងអំពីរឿងរ៉ាវពិតប្រាកដហើយ Rajesh Kumar Singh ក៏បានថតរូបនាង ហើយចែករំលែកនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តអ្នកដែលស្រលាញ់ការសិក្សា ហើយនិងអ្នកដែលមានធនធានសិក្សាហើយ ត្រូវតែខិតខំបន្ថែមទៀត ព្រោះចំណេះដឹងគឺជាផ្លូវដ៏មានពន្លឺភ្លឺត្រចេះត្រចង់មួយដែលអាចជម្រុញឲ្យយើងមានការអភិវឌ្ឍន៍ខ្លួនឯងផង និងអភិវឌ្ឃសង្គមជាតិផងដែរ។ ម្យ៉ាងវិញទៀត សុភាសិតរបស់ខ្មែរយើងក៏បានលើកឡើងផងដែរថា គ្មានពន្លឺអ្វីភ្លឺដូចពន្លឺនៃចំណេះដឹងឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]