រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស៊ីវិញស្រវឹងទោរទន់បានជិះម៉ូតូគោលបំណងត្រលប់ផ្ទះវិញលុះជិះដល់ពាក់កណ្តាលផ្លូវក៏ស្រាប់តែមានជនសង្ស័យ៤នាក់ធ្វើសកម្មភាពរុញច្រានយកម៉ូតូទៅបាត់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១នឹង៥០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ទុលមុខនឹងផ្សារបេសេថ្មី ផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ទូច ម៉ៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាមេការសំណង់ ស្នាក់នៅផ្ទះជួលម្ដុំលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើនៅភូមិព្រៃចា ឃុំព្រៃចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់យកទៅម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១Q-៩៣៧៩ ។
តាមសម្តីជនរងគ្រោះទាំងស្រវឹងវង្វេងវង្វាន់ថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ចេញពីផឹកនៅម្តុំចាក់អង្រែលើគោលបំណងត្រលប់ទៅផ្ទះវិញនៅម្តុំលូប្រាំដោយបានធ្វើដំណើរតាមផ្លូវ៣៧១ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ដោយសារតែរូបគាត់ស្រវឹងពេកហើយរូបគាត់គ្រាន់តែដឹងថា មានបុរស៤នាក់មិនដឹងថាជិះម៉ូតូម៉ាកអ្វីនោះទេ គឺបានជិះមកជិតគាត់រួចហើយបានរុញច្រានគាត់រួចហើយបានយកម៉ូតូរបស់គាត់ទៅបាត់តែម្តង ។ ក្នុងហេតុការណ៍នេះដែរគឺមានសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកថា ជនរងគ្រោះត្រូវបានជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូមួយគ្រឿង និងកង់មួយគ្រឿងជិះមកជិតហើយឃើញជនរងគ្រោះស្រវឹងជិះម៉ូតូលែងត្រង់ផ្លូវហើយនោះឆ្លៀតឱកាសល្អបានរុញច្រានជនរងគ្រោះរួចហើយយកម៉ូតូទៅបាត់តែម្តង ។ ក្រោយពេលកើតហេតុបន្តិចក្រោយមករូបគាត់ត្រូវបានសមត្ថកិច្ចដឹកយកទៅសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងទំពន់២ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]