ស្លឹកម្ទេស ត្រូវបានគេដឹងថានៅក្នុងស្រុកខ្មែរយើងតែងតែនិយមយកមកទទួលទាន ធ្វើជាបន្លែនៅក្នុងសម្លជាមួយនឹងទំពាំង ឬយកមកស្ងោរលាយជាមួយនឹងសម្លផ្សេងៗតាមដែលត្រូវការ។

អ្វីដែលអ្នកមិនធ្លាប់បានដឹងនោះ ស្លឹកម្ទេសមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែតាមការស្រាវជ្រាវបានរកឃើញដែរថា ស្លឹកម្ទេសសម្បូរទៅដោយជាតិរ៉ែ និងវីតាមីនសំខាន់ៗជាច្រើនមុខបូកផ្សំបញ្ចូលគ្នា ប្រែក្លាយជាអាចជួយដល់សុខភាពរាងកាយរបស់មនុស្សយើងផងដែរ។  មិនតែប៉ុណ្ណោះក្រៅពីមានប្រយោជន៍សម្រាប់ការទទួលទានជាម្ហូបអាហារសុខភាពហើយនោះ  ស្លឹកម្ទេសក៏អាចយកមកធ្វើជាគ្រឿងជួយសម្រស់និងសុខភាពរបស់នារី និងធ្វើជាទឹកតែបំប៉នសុខភាពក៏បាន ដែលមានមនុស្សភាគតិចបំផុតដែលបានដឹង។

ដើម្បីឱ្យអស់ចម្ងល់ តោះមកតាមដានគុណប្រយោជន៍ដ៏ហួសប្រមាណរបស់ស្លឹកម្ទេស សម្រាប់សុខភាព និងសម្រស់ទាំងអស់គ្នាដូចខាងក្រោម៖

ស្លឹកម្ទេស ត្រូវបានគេដឹងថានៅក្នុងស្រុកខ្មែរយើងតែងតែនិយមយកមកទទួលទាន ធ្វើជាបន្លែនៅក្នុងសម្លជាមួយនឹងទំពាំង ឬយកមកស្ងោរលាយជាមួយនឹងសម្លផ្សេងៗតាមដែលត្រូវការ

# គុណប្រយោជន៍សម្រាប់សុខភាពរបស់ « ស្លឹកម្ទេស »

១. ព្យាបាលជំងឺរលាកឆ្លឹង និងរលាកសន្លាក់

ជំងឺរលាកសន្លាក់ និងឆ្អឹងភាគច្រើនកើតនៅលើមនុស្សវ័យចំណាស់ ហើយមានអាការដូចជាហើម ឬរឹងនៅក្នុងសន្លាក់ដែលធ្វើឱ្យពិបាកក្នុងការធ្វើចលនាជាដើម។ ប៉ុន្តែប្រសិនជាអ្នកទទួលទានស្លឹកម្ទេសឱ្យបានទៀងទាត់នោះ អាការរលាកសន្លាក់ឆ្អឹងរបស់អ្នក ប្រាកដជាបានធូរស្រាលជាមិនខាន ដោយសារតែសារធាតុប្រឆាំងនឹងការរលាកដែលមាននៅក្នុងស្លឹកម្ទេស។

២.ព្យាបាលជំងឺរើម

យើងបានដឹងរួចមកហើយថា ជំងឺរើម ជាជំងឺសើស្បែកដែលបណ្តាលមកពិវីរុសបាក់តេរីមួយចំនួន។ ការប្រើប្រាស់ស្លឹកម្ទេសក្នុងរបបចំណីអាហារអាចជួយកាត់បន្ថយ និងព្យាបាលជំងឺមួយនេះបានផងដែរ។

៣.បណ្តេញ និងសម្អាតជាតិពុលចេញពីក្នុងរាងកាយ

ស្លឹកម្ទេសអាចមានសមត្ថភាពអាចជួយបណ្តេញ និងសម្អាតជាតិពុលចេញពីរាងកាយបានល្អ មិនថាជាជាតិពុលនៅក្នុងម្ហូបចំណីអាហារដែលមិនស្អាត ឬអាការពុលចំណីអាហារផ្សេងៗនោះទេ សូម្បីតែរោគសើស្បែកដូចជា ផ្សិត ស្រែង និងរបូសផ្សេងៗលើស្បែក ក៏ស្លឹកម្ទេសអាចជួយធ្វើឱ្យអ្នកឆាប់ជាសះស្បើយបានដែរ។

៤.ជួយដល់ការសម្រកទម្ងន់

ស្លឹកម្ទេសត្រូវបានគេដឹងថាមានជាតិខ្លាញ់ និងកាឡូរីទាបដែលសាកសមមានឈ្មោះជារបបចំណីអាហារសុខភាពបំផុត។ អ្នកអាចប្រើប្រាស់ស្លឹកម្ទេសជារបបអាហារសម្រាប់សម្រកទម្ងន់បានផងដែរ ដោយការទទួលទានវាជាទៀងទាត់។

វិធីម្យ៉ាងទៀតសម្រាប់ធ្វើការសម្រកទម្ងន់នោះ គឺ គ្រាន់តែអ្នកយកស្លឹកម្ទេសទៅហាលថ្ងៃឱ្យបានស្ងួត បន្ទាប់មកយកទៅដាំជាមួយទឹកឱ្យពុះជាការស្រេច។ បន្ទាប់មកអ្នកអាចទទួលទានទឹកតែស្លឹកម្ទេសនេះបានហើយរាល់ពេលព្រឹកព្រលឹម ពេលមិនទាន់ទទួលទានអ្វីសោះ ដោយអ្នកអាចបន្ថែមទឹកក្រូចឆ្មារ ឬក្រូចឆ្មារសម្បកលឿងបន្ថែមបានដើម្បីបង្កើនរសជាតិ។

៥. ជួយកាត់បន្ថយកម្រិតកូឡេស្តឺរ៉ល

កូឡេស្តឺរ៉លមិនល្អ ឬកូឡេស្តឺរ៉លជាតិខ្លាញ់ឡើងខ្ពស់ អាចធ្វើឱ្យអ្នកប្រឈមមុខនឹងការកើតជំងឺគាំងបេះដូង។ ជាសំណាងល្អ ស្លឹកម្ទេសមានជាតិខ្លាញ់ កាឡូរីទាប និងសារធាតុសំខាន់ៗជាច្រើនមុខ ដែលអាចជួយកាត់បន្ថយកូឡេស្តឺរ៉លមិនល្អនៅក្នុងរាងកាយបានផងដែរ។

ស្លឹកម្ទេសអាចមានសមត្ថភាពអាចជួយបណ្តេញ និងសម្អាតជាតិពុលចេញពីរាងកាយបានល្អ

៦. ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ

សារធាតុ Phytochemcials និងអាស៊ីត Phenolic (Phenolic acids) នៅក្នុងស្លឹកម្ទេស អាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយកាន់តែរឹងមាំ មានលទ្ធភាពការពារអ្នកពីជំងឺផ្សេងៗ និងជំងឺឆ្លង ដូចជាជំងឺផ្តាសាយជាដើម។

៧. មានសារធាតុប្រឆាំងអុកស៊ីតកម្ម

ស្លឹកម្ទេសបានផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចធ្វើការសម្លាប់ និងរារាំងរ៉ាឌីកាល់សេរីដែលបង្កមេរោគ និងជំងឺផ្សេងៗជាច្រើននៅក្នុងរាងកាយបាន។ ការទទួលទានស្លឹកម្ទេសជាប្រចាំអាចមានលទ្ធភាពទប់ស្កាត់រាងកាយអ្នកពីជំងឺមហារីក ជំងឺភ្នែកឡើងបាយ ជំងឺគាំងបេះដួង ជំងឺដាច់សសៃឈាមបេះដូង និងជំងឺកាចសាហាវជាច្រើនមុខបានថែមទៀតផង។

៨. ជួយផលិតអាំងស៊ុយលីនសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម

ស្លឹកម្ទេស មានសារធាតុសំខាន់ៗជាច្រើន ដែលអាចជួយបង្កើនការផលិតអាំងស៊ុយលីននៅក្នុងរាងកាយ។ ដោយអរម៉ូនអាំងស៊ុយលីនមួយនេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលកើតមានជំងឺទឹកនោមផ្អែមប្រភេទទី១។ ដូច្នេះអ្នកគួរតែទទួលទានស្លឹកម្ទេសជារបបអាហារប្រចាំថ្ងៃ ដើម្បីជួយកាត់បន្ថយពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម ថែមទាំងកាត់បន្ថយកម្រិតកូឡេស្តឺរ៉លក្នុងរាងកាយផងដែរ។

៩.ជំនួយ និងព្យាបាលប្រព័ន្ធរំលាយអាហារ

អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ ឬក្រពះពិបាកនឹងធ្វើការរំលាយអាហារ អ្នកគ្រាន់តែឧស្សាហ៍ទទួលទានស្លឹកម្ទេសជាប្រចាំ ឬអ្នកក៏អាចយកស្លឹកម្ទេសស្រស់ៗទៅដាំនៅក្នុងទឹកឱ្យពុះ រួចទទួលទានវា បន្ទាប់ពីទទួលទានអាហាររួច ជាការស្រេច។

អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ ឬក្រពះពិបាកនឹងធ្វើការរំលាយអាហារ អ្នកគ្រាន់តែឧស្សាហ៍ទទួលទានស្លឹកម្ទេសជាប្រចាំ ឬអ្នកក៏អាចយកស្លឹកម្ទេសស្រស់ៗទៅដាំនៅក្នុងទឹកឱ្យពុះ រួចទទួលទានវា បន្ទាប់ពីទទួលទានអាហាររួច ជាការស្រេច

១០. ព្យាបាលជំងឺគ្រុនក្តៅ

អ្នកអាចព្យាបាលជំងឺគ្រុនក្តៅដោយការទទួលទានស្លឹកម្ទេស ឬធ្វើតាមវិធីបែបបុរាណ ដោយការបុកស្លឹកម្ទេស លាយជាមួយប្រេងសាឡាត់ ហើយបិតនៅលើក្បាលជាការស្រេច។

១១. ព្យាបាលមុខរបួស

សម្រាប់អ្នកដែលមានមុខរបួស ស្នាមមុតតូចៗឬមានការឈឺចាប់ត្រង់ស្នាមរបួសណាមួយនោះ អ្នកក៏អាចយកស្លឹកម្ទេសមកបុករួចបិទពីលើស្នាមរបួសនោះបានផងដែរ ដើម្បីឱ្យបានឆាប់ជាសះស្បើយ។

១១. សម្បូរដោយអាហារូបត្ថម្ភ

ស្លឹកម្ទេសសម្បូរទៅដោយសារធាតុរ៉េ និងជាប្រភពនៃវីតាមីនសំខាន់ៗដូចជា វីតាមីន A វីតាមីន C វីតាមីន B1 B12 ជាតិដែក កាល់ស្យ៉ូម និងប៉ូតាស្យូម ដែលអាចជំនួយសុខភាពរាងកាយរបស់អ្នកបានយ៉ាងប្រសើរ។

ស្លឹកម្ទេសសម្បូរទៅដោយសារធាតុរ៉េ និងជាប្រភពនៃវីតាមីនសំខាន់ៗដូចជា វីតាមីន A វីតាមីន C វីតាមីន B1 B12 ជាតិដែក កាល់ស្យ៉ូម និងប៉ូតាស្យូម ដែលអាចជំនួយសុខភាពរាងកាយរបស់អ្នកបានយ៉ាងប្រសើរ

# គុណប្រយោជន៍សម្រស់របស់ « ស្លឹកម្ទេស »

១. សម្រាប់បញ្ហាមុខមុន

បញ្ហាមុខមុនផ្សេងៗកើតឡើងដោយសារតែមេរោគ និងបាក់តេរីផ្សេងៗ។ ដូច្នេះអ្នកក៏អាចព្យាបាលមុខមុនបានផងដែរ ដោយគ្រាន់តែបុកស្លឹកម្ទេសហើយយកមកបិតនៅត្រង់ផ្ទៃមុខដែលមានបញ្ហាមុខមុនតែប៉ុណ្ណោះ។

អ្នកក៏អាចព្យាបាលមុខមុនបានផងដែរ ដោយគ្រាន់តែបុកស្លឹកម្ទេសហើយយកមកបិតនៅត្រង់ផ្ទៃមុខដែលមានបញ្ហាមុខមុនតែប៉ុណ្ណោះ

២. ជាស្ក្រាប់ដុសសម្អាតរាងកាយ

អ្នកគ្រាន់តែយកស្លឹកម្ទេសស្រស់ៗ មកបុក ឬកិនឱ្យហ្មត់ហើយយកមកលាប /ត្រដុសលើរដៃ ជើង និងរាងកាយតែប៉ុណ្ណោះជាការស្រេច។ ការធ្វើបែបនេះអាចចិញ្ចឹម និងថែរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អ សាច់ឈាមភ្លឺថ្លា និងបំបាត់ជាតិកខ្វក់បានផងដែរ។

៣.ម៉ាស់សម្រាប់ផ្ទៃមុខ

អ្នកអាចយកស្លឹកម្ទេសជាម៉ាស់ថែរក្សាផ្ទៃមុខឱ្យស្រស់ស្អាត ភ្លឺរលោង ម៉ដ្ឋខៃបានផងដែរ ដោយវិធីងាយៗ។

គ្រាន់តែបុកស្លឹកម្ទេសឱ្យហ្មត់ រួចលាយជាមួយទឹកអង្ករឱ្យក្លាយជាល្បាយល្មម មិនគោកពេក មិនរាវពេក ហើយសឹមយកមកបំពកលើផ្ទៃមុខ ទុកចោលប្រមាណជា ១៥នាទីចាំលាងទឹកចេញជាការស្រេច។

៤. សម្រាប់ជាទឹកខ្ពុរមាត់

អ្នកអាចបំបាត់បញ្ហាក្លិនមាត់ និងធ្វើឱ្យមាត់ធ្មេញមានសុខភាព រួមជាមួយក្លិនប្រហើរស្រស់ថ្លាដោយវិធីងាយៗបានផងដែរ។

គ្រាន់តែអ្នកយកស្លឹកម្ទេសស្រស់ៗទៅដាំនៅក្នុងទឹកឱ្យពុះ ទុកឱ្យរាងត្រជាក់បន្តិច ហើយយកទឹកនេះមកធ្វើការខ្ពុរមាត់ជាប្រចាំ។

៥.ស្នាមកន្ទួលផ្សេងៗនៅលើស្បែក

សម្រាប់អ្នកដែលមានស្នាមក្រហម រមាស់ ឬបញ្ហាស្បែកជាច្រើន មិនថាជា សត្វមូស ឬសត្វផ្សេងៗ ទិច និងខាំនោះទេ ស្លឹកម្ទេសអាចជួយអ្នកបាន។ អ្នកគ្រាន់តែយកស្លឹកម្ទេសមកបុកឱ្យហ្មត់ រួចលាបវាលើស្នាមរបួសក្រហម ឬសត្វទិចខាំនោះជាការស្រច។

គុណប្រយោជន៍របស់ស្លឹកម្ទេសមានជាច្រើនទៀត រាប់មិនអស់នោះទេ។ អ្នកអាចប្រើប្រាស់ស្លឹកម្ទេសបានតាមដែលចិត្តត្រូវការសម្រាប់បញ្ហាស្បែក ជាពិសេសគឺការទទួលទានវាជាមុខម្ហូបជាប្រចាំតែម្តង។ 

អ្វីដែលសំខាន់មួយទៀតនោះ ស្លឹកម្ទេសក៏អាចយកមកធ្វើជាទឹកតែកែសុខភាពបានផងដែរ ដោយវិធីងាយៗដូចខាងក្រោមនេះ៖         

# វិធីធ្វើតែពីស្លឹកម្ទេស

គ្រឿងផ្សំ

- ស្លឹកម្ទេសស្រស់ៗ

- ទឹកស្អាត ៣០០មីលីលីត្រ

វិធីធ្វើតែពីស្លឹកម្ទេស

ការអនុវត្ត៖

- ជាដំបូងយកស្លឹកម្ទេស ៣ ទៅ ៤សន្លឹកលាងទឹកឱ្យបានស្អាត ទៅដាំជាមួយទឹកឱ្យពុះ

- បន្ទាប់មកយកស្លឹកម្ទេសស្រស់ៗមួយកូនចានល្មម មកកិន ឬបុកឱ្យហ្មត់ សឹមយកទៅស្ងោរនៅក្នុងទឹកដែលកំពុងតែពុះនោះបន្ថែមទៀត

- ជាចុងក្រោយនៅពេលដែលវាពុះម្តងទៀតហើយ អ្នកអាចត្រងយកតែទឹកមកទទួលទានជាការស្រេច ដោយអាចបន្ថែមទឹកឃ្មុំបានដើម្បីបង្កើនរសជាតិ។

ការប្រើប្រាស់៖ អ្នកអាចទទួលទានតែស្លឹកម្ទេសជំនួយសុខភាពនេះ មួយកែវជារៀងរាល់ថ្ងៃនៅពេលព្រឹកបានដោយគ្មានបញ្ហា៕  

អ្នកអាចទទួលទានតែស្លឹកម្ទេសជំនួយសុខភាពនេះ មួយកែវជារៀងរាល់ថ្ងៃនៅពេលព្រឹកបានដោយគ្មានបញ្ហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]