ថៃ៖ ស្ថិតក្នុងវ័យក្មេងខ្ចីក៏ពិតមែន ក្មេងប្រុសគួរឲ្យអាណិតម្នាក់ សុខចិត្តរកស៊ីដុតខ្មោចនៅឈាបនដ្ឋាន ដើម្បីរកលុយផ្គត់ផ្គង់ចំណាយលើបន្ទុកគ្រួសារ ក៏ដូចជាបង់ថ្លៃព្យាបាល ឲ្យម្តាយ ដែលកំពុងធ្លាក់ខ្លួនឈឺ។

ក្មេងប្រុសជនជាតិថៃ រកស៊ីដុតខ្មោច

ក្មេងប្រុសខាងលើ មិនត្រូវបានបង្ហើបឈ្មោះ ជាជនជាតិថៃ មានវ័យ ១១ ឆ្នាំ កើតមកគួរឲ្យអាណិតអាសូរក្រៃលែង ត្រូវបានឪពុកស្លាប់ចោល ហើយម្តាយធ្លាក់ខ្លួនឈឺទៀត បានបណ្តាលឲ្យគេបង្ខំចិត្តធ្វើការងារយ៉ាងដូច្នេះ ទាំងមិនមានពេលគ្រប់គ្រាន់សម្រាប់រៀនសូត្រ ក៏ដូចជារត់លេងសប្បាយ ដូចក្មេងៗដទៃ។

គួរឲ្យដឹងថា ឪពុករបស់គេបានលាចាកលោក តាំងពីគេមានអាយុពីរ-បី ឆ្នាំ ដូច្នេះបន្ទុកគ្រួសារធ្លាក់លើ ម្តាយរបស់គេទាំងស្រុង។ អ្នកម្តាយរបស់ក្មេងប្រុសម្នាក់នេះ ធ្លាប់មានការងារជាអ្នករកស៊ីដុតខ្មោចយ៉ាងអ៊ីចឹងដែរ ព្រោះតែធ្លាក់ខ្លួនឈឺនេះហើយ ធ្វើឲ្យអ្នកស្រីគ្មានកម្លាំងកំហែង ចេញទៅរកស៊ីដូចមុន។

ដើម្បីរកលុយទិញម្ហូបអាហារ ទុកគ្រាន់ហូបប្រចាំថ្ងៃ ក៏ដូចជាបង់ថ្លៃចំណាយលើវិក័យ​បត្រ​គ្រូពេទ្យ ឲ្យអ្នកម្តាយដែលឈឺ ក្មេងប្រុសម្នាក់នេះ គ្មានជម្រើសអ្វី ក្រៅពីបន្តវេណ​ពីម្តាយរបស់គេ ជាអ្នករកស៊ីដុតខ្មោច។ សម្រាប់ក្មេងៗដទៃវិញ ការងារមួយនេះ ពួកគេ​មិនហ៊ានធ្វើឡើយ ខុសអីពីក្មេងប្រុសគួរឲ្យអាណិតម្នាក់នេះ ដែលរង់ចាំរហូតទាល់តែសាកសព ឆេះក្លាយជាផេះ ទើបអាចត្រឡប់មកផ្ទះវិញ។  

ក្មេងប្រុសជនជាតិថៃ រកស៊ីដុតខ្មោច

មកដល់ផ្ទះកាលណា គេត្រូវទទួលបន្ទុករ៉ាប់រងការងារកំបុិកកំប៉ុកក្នុងផ្ទះ ក៏ដូចជាចម្អិនម្ហូបអាហារ ឲ្យអ្នកម្តាយរបស់ខ្លួនទៀត។ មិនតែប៉ុណ្ណោះ ក្មេងប្រុសជនជាតិថៃ ម្នាក់នេះ ត្រូវក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីចេញទៅរកស៊ីដូចសព្វដង ។

អ្នកនិយមប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតជាច្រើន មានការក្តុកក្តួលចិត្តជាខ្លាំង ក្រោយពីបានដឹងលឺរឿងរ៉ាវជីវិតរបស់គេ ហើយសង្ឃឹមថា គេអាចមានឱកាសបានរៀនបានសូត្រ ដូចក្មេងៗដទៃ ដើម្បីមានអនាគតភ្លឺស្វាង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]