កូឡុំប៊ី៖ ស្រ្តីជាម្តាយសញ្ជាតិកូឡុំប៊ីម្នាក់ មានការភ្ញាក់ផ្អើលចង់ស្រឡាំងកាំង ក្រោយដឹងខ្លួនឯងថា ផ្តល់កំណើតបានកូនប្រុស (ដោយការវះកាត់) មានសាច់ឈាមយ៉ាងទ្រលុកទ្រលន់ ទម្ងន់រហូតដល់ទៅជិត៧គីឡូក្រាម។

ទារកថ្លោសខាងលើនេះ ត្រូវបានឪពុកម្តាយដាក់ឈ្មោះឲ្យថា Isaac David Guerra Machacon កើតមកមានទម្ងន់រហូតដល់ទៅ ១៤,១ផោន (ប្រហែលជា៦គីឡូកន្លះ) ជាមួយនឹងប្រវែងខ្លួន ៥៥សង់ទីម៉ែត្រ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ទារកឈ្មោះ Isaac បានកើតនៅថ្ងៃទី២ ធ្នូ ឆ្នាំ២០១៧កន្លងទៅ នៅវេលាម៉ោងប្រហែលជា១០ព្រឹក នៅឯមន្ទីរសម្ភព Cienaga Polyclinic ក្នុងតំបន់ Magdalena ភាគខាងជើងប្រទេសកូឡុំប៊ី។

លើសពីនេះ ទារកខាងលើនេះ ថែមទាំងត្រូវបានគេចាត់ទុកថា ជាទារកដំបូងគេបង្អស់ដែលបានបំបែកកំណត់ត្រាពិភពលោក ជាទារកថ្លោសជាងគេបង្អស់ ប្រចាំប្រទេសកូឡុំប៊ី ដែលមិនធ្លាប់មានពីមុនមកថែមទៀតផង។

Isaac ត្រូវបានគេរាយការណ៍ថា អាចនឹងត្រូវបៅទឹកដោះគោ យ៉ាងហោចណាស់ក៏៧កំប៉ុងដែលក្នុងមួយថ្ងៃៗ និងប្រើកន្ទបទឹកនោមរបស់ទារកអាយុ៥ខែ ទើបត្រូវនឹងខ្លួនរបស់គេ នោះក៏ដោយសារតែ Isaac មានមាឌធំឬថ្លោស ខុសពីទារកធម្មតាខ្លាំងពេក។

រូបភាព៖ ទារក Isaac

គ្រូពេទ្យជំនាញប្រចាំនៅមន្ទីរសម្ភពខាងលើ ឈ្មោះអ្នកស្រី Ana Maria Rivera Casas បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា Isaac កើតតាមការវះកាត់ដោយគ្មានភាពស្មុគស្មាញ ឬលំបាកដល់ក្រុមគ្រូពេទ្យឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី Isaac ក៏ត្រូវបញ្ជូនទៅបន្ទប់ថែទាំសុខភាពជាបន្ត ដើម្បីធ្វើការពិនិត្យនិងតាមដាន។

គ្រូពេទ្យរូបនេះបន្តទៀតថា ជាធម្មតាទារកកើតមកមានទម្ងន់យ៉ាងអន់ណាស់ត្រឹមតែ ២,៦គីឡូក្រាម ទៅ ៤គីឡូក្រាមអីតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ Isaac វិញ មានទម្ងន់រហូតដល់ទៅជិត៧គីឡូក្រាមឯណោះ ជាហេតុធ្វើឲ្យក្រុមគ្រូពេទ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយឡែក ស្រ្តីជាម្តាយ នាង Diana Machacon វិញ ក៏បានឲ្យដឹងដែរថា នាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងទម្ងន់កូនប្រុសរបស់ខ្លួន។

«ខ្ញុំពិតជាមិននឹកស្មានទេថា គេធំដល់ថ្នាក់នេះសោះ។ ខ្ញុំបានឆ្លុះអេកូមើលដែរ គ្រូពេទ្យប្រាប់ថាគេធំ ប៉ុន្តែខ្ញុំមិនដែលនឹកស្រមៃថា រូបរាងគេធំខ្លាំងហួសពីការគិតរបស់ខ្ញុំបែបនេះសោះ។ Isaac គេពិតជាស្អាតខ្លាំងណាស់ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំរំភើប និងសប្បាយចិត្តជាងនេះនោះ គឺថាគេកើតមកមានសុខភាពល្អជាធម្មតា» Diana និយាយ។

បច្ចុប្បន្នទារកថ្លោសខាងលើនេះ ត្រូវបានគេរាយការណ៍ថា មានសុភាពល្អជាធម្មតាមិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ។ ខណៈដែលឪពុករបស់ទារកនេះ លោក Jonathan Guerra បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំងថា នេះគឺជាកូនប្រុសដ៏អស្ចារ្យ ដែលព្រះជាម្ចាស់បានប្រទាន ដល់ក្រុមគ្រួសាររបស់គាត់ផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖     

Isaac បានកើតនៅថ្ងៃទី២ ធ្នូ ឆ្នាំ២០១៧កន្លងទៅ នៅវេលាម៉ោងប្រហែលជា១០ព្រឹក នៅឯមន្ទីរសម្ភព Cienaga Polyclinic ក្នុងតំបន់ Magdalena ភាគខាងជើងប្រទេសកូឡុំប៊ី
Isaac មានទម្ងន់រហូតដល់ទៅជិត៧គីឡូក្រាម
Isaac មានទម្ងន់រហូតដល់ទៅជិត៧គីឡូក្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]