កណ្ដាល ៖ បុរសម្នាក់ដែលបាន បាត់ខ្លួនរយៈ ពេល៣យប់ ត្រូវក្រុមគ្រួសាររក ឃើញសាកសព ហើមស្អុយនៅក្នុងប្រឡាយទឹក ដែលមានព្រៃត្រឹប ដុះពីលើ កាលពីវេលា ម៉ោង៩និង៣០នាទី ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១២ នៅក្នុងប្រឡាយ គោកអម្ពិល ក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

សាច់ញាតិសព បានឱ្យដឹងថា បុរសរងគ្រោះ មានឈ្មោះ សាវុធ ថាច អាយុ២៧ឆ្នាំ មានកូនស្រី២នាក់ ដែលកូនស្រីពៅ មានអាយុ៣ខែ មានទីលំនៅ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ។ សាក្សីបន្តថា នៅព្រឹកថ្ងៃប្រទះឃើញ សាកសពនេះ ម្តាយមីង និងម្ដាយ ជនរងគ្រោះ រួមជាមួយសាច់ញាតិ ២នាក់ទៀត បាន ធ្វើដំណើរតាមខ្នង ទំនប់ជាប់មាត់ប្រឡាយ មកដល់ចំណុចកើតហេតុ ក៏ធុំក្លិនស្អុយ ហើយនាំគ្នាចុះក្នុង ប្រឡាយដើម្បី វែកត្រឹបមើល ក៏ប្រទះឃើញសាកសព ទើបដឹងថា ជនរងគ្រោះ ជាកូនរបស់ខ្លួន។

តាមក្រុមគ្រួសារ ជនរងគ្រោះ បានឲ្យដឹងថា នៅម៉ោង១៩ ថ្ងៃ៥ ខែវិច្ឆិកា រហូតដល់ម៉ោង ២២ អធ្រាត្រ ជនរងគ្រោះ បានធ្វើដំណើរ ទៅឆ្លុះសត្វ នៅចំណុចទួលអំពិល ដោយមាន គ្នា៤នាក់ ក្រោយមកបាត់ ខ្លួនម្នាក់ ចំណែក៣នាក់ទៀត ឃើញមានមុខនៅ ក្នុងភូមិ ចាប់តាំងពីនោះមក ក្រុមគ្រួសារបានដើររក និងបានរាយការណ៍ ប្រាប់សមត្ថកិច្ចផងដែរ ប៉ុន្តែទើបប្រទះឃើញ នៅព្រឹកថ្ងៃទី៩ វិច្ឆិកានេះ ។

តាមរបាយការណ៍របស់ លោក ប៉ា សំអិត អធិការនគរបាល ស្រុក កៀនស្វាយ បានឲ្យដឹងថា កម្លាំងរបស់លោកកំពុង តែស្រាវជ្រាវ និងតាមការធ្វើ កោសល្យវិច្ច័យ បច្ចេកទេស ពុំឃើញមានអ្វីគួរ ឲ្យកត់សម្គាល់ និងពុំទាន់សន្និដ្ឋាន ជាករណី ឃាតកម្ម ឬករណីអ្វីនោះទេ ។

ប៉ុន្តែបើ តាមប្រជា ពលរដ្ឋដែលឃើញ សភាពសព បាននិយាយថា បើជារឿងគ្រោះដោយ ចៃដន្យនោះ សពមិនស្ថិត នៅក្រោម កំប្លោក ឬត្រឹបនោះ វាអាចជារឿង ឃាតកម្មច្រើនជាង៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]