ហ្វីលីពីន៖ សព្វថ្ងៃនេះ បច្ចេកវិទ្យាជំនាន់ថ្មី មានដូចជាវីដេអូខលជាដើម អនុញ្ញាតិ ឲ្យអ្នកប្រើប្រាស់ មានលទ្ធភាពប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នា មានភាពងាយស្រួល និងមិនចំណាយពេលយូរ។ ទោះយ៉ាងណា មានការលេចលឺថា បច្ចេកវិទ្យាវីដេអូខល ដែលអាចឲ្យមនុស្សពីរនាក់មើលឃើញគ្នា តាមរយៈទូរស័ព្ទ ឬកំព្យូទ័រនោះ មានប្រវត្តិតាំងពី ជាង ៦០ឆ្នាំ មុនមកម្ល៉េះ រកឃើញដោយបុរសម្នាក់ មានឈ្មោះថា Gregorio Zara។

លោក Gregorio Zara

បុរសខាងលើ ដែលជារូបវិទូជនជាតិហ្វីលីពីន បានផលិតទូរស័ព្ទម៉្យាង នៅទសវត្សរ៍ឆ្នាំ ១៩៥០ មានរាងដូចទូរទស្សន៍ស៊េរីចាស់ៗ អាចវីដេអូខលបាន និងត្រូវគេជឿជាក់ថា ជាបច្ចេកវិទ្យាវីដេអូខលដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។ 

ទូរស័ព្ទម៉្យាង មានរូបរាងដូចទូរទស្សន៍ អាចវីដេអូខលបាន

ទោះយ៉ាងណា ផលិតផលទូរស័ព្ទរបស់លោក មិនត្រូវបានដាក់លក់លើទីផ្សារទេ ព្រោះវាមានតម្លៃថ្លៃខ្លាំងហួសស្មាន ដែលមនុស្សម្នាធម្មតា ពុំមានលទ្ធភាពទិញឡើយ។

រហូតដល់ទសវត្សរ៍ឆ្នាំ ១៩៦០ ក្រុមហ៊ុន AT&T ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយក្នុងពិភពលោក បានសិក្សាស្រាវជ្រាវលើគម្រោងផលិតទូរស័ព្ទវីដេអូខល ក្នុងគោលបំណង បំពេញតម្រូវការអតិថិជនរបស់ខ្លួន។ ទោះយ៉ាងណា មហាជនទូទៅពុំសូវចាប់អារម្មណ៍លើបច្ចេកវិទ្យានេះប៉ុន្មានទេ ព្រោះវាមិនខុសគ្នាទៅនឹងអ្វី ដែលលោក Zara បានបង្កើតរួចមកហើយ ពោលគឺមានតម្លៃថ្លៃ និងមិនសូវមានប្រយោជន៍នាជំនាន់នោះ។

ផលិតផលរបស់ក្រុមហ៊ុន AT &T

គួរឲ្យដឹងថា លោក Zara មិនត្រឹមតែបានផលិតប្រភេទទូរស័ព្ទដូចបានបញ្ជាក់ខាងលើទេ លោកថែមទាំងបានផលិត ឧបករណ៍ត្រីវិស័យម៉្យាង (សម្រាប់អ្នកបើកបរយន្តហោះ) ព្រម​ទាំង​ម៉ាស៊ីនយន្តហោះ ដំណើរការដោយថាមពលសារធាតុអាល់​កុល។

បន្ថែមពីលើនេះ លោកធ្លាប់បានចូលរួមចំណែក ផលិតមនុស្សយន្តមួយប្រភេទ មានឈ្មោះថា Marex X-10 ក៏ដូចជាឧបករណ៍ជាច្រើន ដើរដោយថាមពលពន្លឺព្រះអាទិត្យទៀតផង។

ជាអកុសល លោក Zara បានទទួលមរណភាព នៅឆ្នាំ ១៩៧៨ ដោយសារជំងឺខ្សោយបេះដូង នៅអាយុ៧៦ឆ្នាំ ដោយចាកចោលភរិយាជាទីស្រលាញ់ ព្រមទាំងបន្សល់កូនៗរបស់លោកចំនួនបួននាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]