(ភ្នំពេញ)៖ ទោះបីជាមកទល់នឹងពេលនេះ មង្គលការតារាចម្រៀងស្រី ដ៏ល្បីល្បាញ អ្នកនាង សុគន្ធ នីសា បានរំលងផុតទៅ ៤-៥ ថ្ងៃហើយក្ដី ប៉ុន្តែនៅមានរឿងមួយចំនួន ដែលមហាជន ក៏ដូចជាភ្ញៀវកិត្តិយសចូលរួមទាំងអស់ មិនបានដឹង ហើយជាចំងល់ជាច្រើន ហាក់មិនទាន់ស្រាយអស់នោះទេ។ ថ្ងៃនេះ Khmertalking សូមធ្វើការទម្លាយនូវរឿងរ៉ាវសំខាន់ទាំងអស់នោះ ឲ្យមហាជនបានជ្រាបច្បាស់៖

រឿងទី១, សុគន្ធ នីសា ចេញច្រៀងមុនថ្ងៃការមួយថ្ងៃ៖ ខុសប្លែកពីកូនក្រមុំដទៃ អ្នកនាង សុគន្ធ នីសា គួរតែសំងំនៅផ្ទះ មុនកម្មវិធីចំនួនបីថ្ងៃ ដែលចាស់ៗមានបំរាម មិនឲ្យកូនក្រមុំដើរហើរចេញខាងក្រៅឡើយ ប៉ុន្តែអ្នកនាង សុគន្ធ នីសា បានចេញច្រៀងក្នុងមង្គលការកូនអ្នកធំមួយ នៅថ្ងៃ ២៩ វិច្ឆិកា កោះពេជ្រ អាគារ I-J-K-L ដែលមានវត្តមានជាមួយ លោក ឆន សុវណ្ណរាជ, ក្មួយស្រី អ៊ុក សុវណ្ណារី, ស៊ុន ស្រីពេជ្រ និងលោក រិន សាវ៉េត ផងដែរ ។

រឿងទី២, ជុំវិញបញ្ហាជួលសំអាងការ៖ សំអាងការដែលអ្នកនាង សុគន្ធ នីសា បានជ្រើសរើស មិនមែនជាសំអាងការល្បីលំដាប់ប្រទេសនោះទេ ពោលជាសំអាងការ ដែលមានដើមកំណើតនៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នឹងទើបតែបើកសាខានៅរាជធានីភ្នំពេញ កាលពីដើមឆ្នាំនេះ។ អ្វីដែលសំខាន់

សំអាងការនេះមានភាគហ៊ុន ប្អូនស្រីធម៌របស់សុគន្ធ នីសា គឺពិធីការីនី ណាក់ ស្រីណា ដែលសំអាងមានឈ្មោះថា ណុប ដាណេ។ មិនខ្វះសំអាងការល្បីៗ ក្នុងប្រទេសដែលចង់ឧបត្ថមក្នុងថ្ងៃ ដ៏ពិសេសនេះទេ តែអ្វីដែលសំខាន់ នាងយល់ដល់ស្រីណា ដែលជាមនុស្សស្គាល់គ្នា ទើបបានរើសយកសំអាង បែបសាមញ្ញៗមួយនេះ។

រឿងទី៣, បញ្ហាទីតាំងប្រារព្ធពិធីទទួលភ្ញៀវកិត្តិយស៖ ដោយសារតែមង្គលការ របស់ សុគន្ធ នីសា មិនបានព្រាងទុកយូរ ទើបនាងមិនអាចកក់យកទីតាំង មជ្ឃមណ្ឌលតាំងពិពណ៍ និងសន្និបាត កោះពេជ្របាន ជាហេតុដែលនាងត្រូវបង្ខំចិត្ត ជ្រើសរើសយកសណ្ឋាគារលំដាប់ផ្កាយ សូហ្វីតែល ខណៈតំលៃសេវាកម្មផ្សេងៗថ្លៃកប់ពពក ហើយមិនអាចតុបតែងបានស្អាតដូច នៅកោះពេជ្រឡើយ។ បើទោះបីប្ដីរបស់នាង អាចរាប់ចាត់ចូលបានថា ជាសេដ្ឋីក៏ដោយ ក៏សុគន្ធ នីសា មិនចូលចិត្តចំណាយខុសរបៀប ដើម្បីគ្រាន់តែអួតគេដែរ។

ចំណែករឿងទី៤, ក្រុមភ្លេង និងតារាចម្រៀង ច្រៀងក្នុងពិធីទទួលភ្ញៀវ៖ ក្រុមភ្លេងដែលលេងក្នុងមង្គលការរបស់ សុគន្ធ នីសា មិនមែនក្រុមភ្លេងល្បីលំដាប់ប្រទេសឡើយ ពោលគឺនាងបានឲ្យលោក វី ជីវ័ន្ត ជាអ្នករៀបចំក្រុមតន្ត្រីយ៉ាងសាមញ្ញបំផុតមួយ តែវត្តមានតារាចម្រៀងស្រីផ្នែកភាសាបរទេស ដ៏ល្បីល្បាញ អ្នកនាង សុន សន្យា ត្រូវបានអញ្ជើញជាផ្លូវការតែម្នាក់គត់ ដើម្បីច្រៀងក្នុងថ្ងៃដ៏ពិសេសនេះ។ អ្វីដែលសំខាន់ សុគន្ធ នីសា ជាអ្នកគាំទ្ររបស់អ្នកនាង សុន សន្យា ផងដែរ។

យ៉ាងណាមិញ ក្នុងការរៀបចំមង្គលការ របស់តារាចម្រៀងរូបស្រស់នេះ ត្រូវបានគេដឹងថា គឺមានការហាមឃាត មិនឲ្យអ្នកកាសែតចូលថតរូប ឬក៏សម្ភាសន៍នោះទេ ជាហេតុធ្វើឲ្យមហាជន និងអ្នកគាំទ្រស្ទើរពេញផ្ទៃប្រទេស សម្ដែងការហួសចិត្តជាខ្លាំង។

ស្របពេលជាមួយគ្នានេះផងដែរ ត្រូវបានមហាជនជាច្រើនប៉ាន់ស្មានថា ពិធីមង្គលការរបស់ សុគន្ធ នីសា ប្រហែលជាមានអាថ៍កំបាំងអ្វី នៅក្នុងនោះហើយ បានជាមានការហាមអ្នកកាសែត មិនឲ្យផ្ដិតយករូបភាព និងធ្វើបទសម្ភាសន៍ដូច្នេះ សូម្បីតែអ្នកសារព័ត៌មានចូលទៅថតរូប ក្នុងពិធីសូត្រមន្ត ហែរជំនូន កាត់សក់ក៏អ្នកកាសែតមកពីស្ថាប័ននានាត្រូវបាន គេដេញមិនឲ្យចូលក្នុងពិធីដែរ។ ហេតុនេះហើយ បានធ្វើឲ្យទស្សនិកជនដែលធ្លាប់គាំទ្រនាង ខកចិត្តជាខ្លាំង ដោយពួកគេគិតថា ការមិនឲ្យអ្នកកាសែតចូល ព្រោះខ្លាចបែកធ្លាយការសម្ងាត់អ្វីមួយហើយ។

គួរបញ្ជាក់ផងដែរថា ការដែលតារាចម្រៀងល្បី អ្នកនាង សុគន្ធ និសា ធ្វើបែបនេះ គឺហាក់ធ្វើឲ្យទស្សនិកជន ដែលធ្លាប់គាំទ្រនាងពីមុនមក មានការរិះគិតយ៉ាងខ្លាំងថា ត្រូវគាំទ្របន្ត ឬយ៉ាងណា បើសូម្បីតែរឿងដែលពួកគេចង់ដឹង ក៏ត្រូវបានគេហាមឃាត់ដែរនោះ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា