កូរ៉េខាងត្បូង៖ មានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់អ្នកស្នេហាវិស័យភាពយន្តកូរ៉េ ឬ K-Drama ព្រោះមានប្រភេទភាគយន្តបែបវិទ្យាសាស្ត្រថ្មីមួយ និយាយអំពីស្នេហា រវាងមនុស្ស និងមនុស្សយន្ត ហើយរឿងនេះត្រូវបានគេប្រកាសថា នឹងចាក់បញ្ចាំងនាឆ្នាំ ២០១៨ ខាងមុខនេះ។

តួឯកប្រុស និងតួឯកស្រី

ដោយឡែក គួរបញ្ជាក់បន្តិចថាសព្វថ្ងៃនេះប្រភេទមនុស្សយន្ត ត្រូវបានគេបំពាក់ដោយបច្ចេកវិទ្យា AI ដែលមានភាពវៃឆ្លាតយ៉ាងខ្លាំង ជាពិសេសជួយឲ្យវាមានសមត្ថភាពអាចធ្វើការប្រាស័យទាក់ទង ជាមួយនឹងមនុស្សធម្មតា ក្នុងលក្ខខណ្ឌដ៏ពិសេសជាច្រើន។ បច្ចេកវិទ្យានេះត្រូវបានគេអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ហើយគេរំពឹងថាពួកមនុស្សយន្តអាចជំនួស ឬឆក់យកការងាររបស់មនុស្ស នាពេលអនាគតខាងមុខនេះទៀតផង។

រូបតំណាង

ជាក់ស្តែង មិនទាន់ដល់ពេលអនាគតផង រឿងភាគមួយរបស់កូរ៉េ មានចំណងជើងថា “Are You Even Human” ឬ “Are You Human Too” នឹងក្លាយជារឿងភាគដំបូងគេបង្អស់របស់កូរ៉េ ដែលបង្ហាញពីទំនាក់ទំនងស្នេហារវាងបុរសម្នាក់ឈ្មោះ Nam Shim និងនារីដ៏ស្រស់ស្អាតម្នាក់មានឈ្មោះ Kang So-bong។

តួអង្គ Nam Shim ដែលមានឈ្មោះពិត Seo Kang-joon ដើរតួជាមនុស្សពីរនាក់ក្នុងសាច់រឿងតែមួយ ទីមួយគឺ Nam Shim នេះឯង ព្រមទាំងដើរតួជាមនុស្សយន្ត AI ក្រោយពីខ្លួនគេបានស្លាប់ទៅ ត្រូវគេកែច្នៃក្លាយជាមនុស្សយន្ត។  

តួអង្គប្រុស Nam Shim
តួអង្គប្រុស Nam Shim

ចំណែកតួអង្គស្រី Kang So-bong ឯណោះវិញ មានឈ្មោះពិត Gong Seung-yeon ដើរតួរជាអង្គរក្សស្រីតាមការពារមនុស្សយន្ត Nam Shin ហើយនាងជាមនុស្សរអ៊ូច្រើន ប៉ុន្តែធាតុពិត ជាមនុស្សគួរឲ្យស្រលាញ់ និងពោរពេញដោយភាពកក់ក្តៅ។

តួអង្គស្រី Kang So-bong

រីឯអ្នកដឹកនាំរឿងវិញ បានបង្ហាញចំណាប់អារម្មណ៍ យ៉ាងដូច្នេះថា៖

ឥឡូវនេះមនុស្សយន្ត AI មិនមែនជាក្តីស្រមៃទៀតឡើយ។ មិនយូរមិនឆាប់ ពួកវាអាចរស់នៅដូចយើងដែរ ដូច្នេះហើយពួកយើងបានព្យាយាមបញ្ចូលចំណងជីវិត និងស្នេហា (របស់មនុស្សយន្ត) ក្នុងភាពយន្តនេះតែម្តងទៅ។

គាត់បានបន្ថែមថា៖

ភាពយន្តនេះគឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ដែលរស់នៅក្នុងសម័យកាលនេះ ហើយពួកយើងសន្យាថា នឹងធ្វើឲ្យលោកអ្នករំភើបរីករាយ និងស្តាយក្រោយប្រសិនពុំបានទស្សនា។

គួរបញ្ជាក់ថា ភាពយន្តខាងលើនេះ មាន ១៨ ភាគ នឹងត្រូវចាក់បញ្ចាំងដំបូងលើកញ្ចក់ទូរទស្សន៍ KBS2 របស់កូរ៉េ នាឆ្នាំ ២០១៨ ឆាប់ៗខាងមុខនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]