ស្នៀតពោត ឬក្តិបពោត/កូនពោតនេះ មិនមែនជាបន្លែមកពីណាឆ្ងាយនោះទេ វាគឺជាពោតតូចៗដែលមិនទាន់ធំរូបរាងជាផ្លែពោតនៅឡើយ ដែលគេពេញនិយមបេះវាជាបន្លែទទួលទាន។ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន មិនថាយកមក ឆា ស្ងោរ (ប្រហើរ ឬសម្លក់) អាំង និងជាបន្លែផ្ទាប់អន្លក់ទឹកគ្រឿង/ប្រហុក នោះទេ ជាពិសេសគឺជាបន្លែនៅក្នុងឆ្នាំងស៊ុបតែម្តង។

ជាការពិតណាស់ ស្នៀតពោតមិនត្រឹមតែមានរសជាតិឆ្ងាញ់សម្រាប់តែការទទួលទានប៉ុណ្ណោះទេ តែវាក៏ជាជាបន្លែ ដែលមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់អ្នកផងដែរ។ ដូច្នេះ មកតាមដានទាំងអស់គ្នាមើល៍ ថាតើស្នៀតពោត ឬកូនពោតនេះមានអត្ថប្រយោជន៍ចំពោះសុខភាពអ្វីខ្លះ៖

ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន

# ជួយបន្ថយសម្ពាធឈាម

ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត។ ជាតិប៉ូតាស្យូមនេះ មានសារសំខាន់ណាស់សម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះប្រសិនជាអ្នកមានជំងឺលើសឈាម និងចង់គ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតប្រក្រតីចៀសវាងហានិភ័យគ្រោះថ្នាក់ផ្សេងៗ អ្នកគ្រាន់តែទទួលទានស្នៀតពោតជារបបអាហារប្រចាំថ្ងៃឱ្យបានច្រើនតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។

# ជំនួយសុខភាពភ្នែក

វីតាមីន A ដែលមាននៅក្នុងស្នៀតពោត អាចជួយពង្រឹងដល់សុខភាពកែវភ្នែក ធ្វើឱ្យកែវភ្នែកភ្លឺថ្លាស្រឡះល្អ ការពារអាការស្រវាំងភ្នែកបានផងដែរ។ ម្យ៉ាងវិញទៀតស្នៀតពោត ថែមទាំងអាចការពារសុខភាពភ្នែកពីជំងឺភ្នែកផ្សេងៗជាច្រើន ជាពិសេសជំងឺងងឹតភ្នែកតែម្តង។

# ជួយពង្រឹងប្រព័ន្ធភាពស៊ាំ

វីតាមីន C នៅក្នុងស្នៀតពោតអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំការពារពីជំងឺតម្កាត់ផ្សេងៗ ថែមទាំងអាចធ្វើឱ្យរាងកាយអាចស្រូបសារធាតុវីតាមីន C បានល្អមកចិញ្ចឹមរាងកាយផងដែរ។ 

ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត

# ការពារ និងព្យាបាលជំងឺទល់លាមក

ស្នៀតពោតសម្បូរទៅដោយជាតិកាកសសៃ ដែលអាចជំនួយដល់ប្រព័ន្ធរំលាយអាហារ សម្រួលដល់សុខភាពក្រពះពោះវៀន ធ្វើឱ្យការរំលាយអាហារដំណើរការល្អ ជាពិសេសបំលែងកាប្រូអ៊ីដ្រាតទៅជាថាមពលបានល្អ កម្ចាត់ជាតិពុលពីក្នុងខ្លួន ថែមទាំងអាចការពារ និងព្យាបាលអាការទល់លាមកបានផងដែរ។

# ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ

ជាតិកាកសសៃដ៏ច្រើនលើសលប់នៅក្នុងស្នៀតពោត ដើរតួនាទីសំខាន់ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបានយ៉ាងប្រសើរ ជាពិសេសពន្យារពេលនៃការវិវឌ្ឍន៍នៃជំងឺមហារីកដំណាក់កាលចុងក្រោយគ្រោះថ្នាក់តែម្តង។ ដូច្នេះដើម្បីការពារពីការកើតជំងឺមហារីកអ្នកគួរតែទទួលទានស្នៀតពោតជាប្រចាំ។

# ជួយដល់ការសម្រកទម្ងន់

ស្នៀតពោតមានកាឡូរី និងជាតិខ្លាញ់តិចបំផុត ជាពិសេសគឺជាតិកាកសសៃហ្វៃបឺតែម្តង ដែលអាចជួយធ្វើឱ្យអ្នកឆ្អែតបានយូរផងដែររាល់ពេលទទួលទាន។ ដូច្នេះដើម្បីសម្រកទម្ងន់ និងមិនចង់ឱ្យមាត់ចេះតែឃ្លានមិនឈប់នោះ អ្នកអាចយកស្នៀតពោតជារបបអាហារទទួលទានជាប្រចាំថ្ងៃបានផងដែរ៕ 

ស្នៀតពោតមានកាឡូរី និងជាតិខ្លាញ់តិចបំផុត ជាពិសេសគឺជាតិកាកសសៃហ្វៃបឺតែម្តង ដែលអាចជួយធ្វើឱ្យអ្នកឆ្អែតបានយូរផងដែររាល់ពេលទទួលទាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]