ជាការពិតគ្មានទំនាក់ទំនងណាមួយ នៅក្នុងពិភពលោកយើងនេះ ដែលគ្មានទីបញ្ចប់នោះទេ គ្រាន់តែមានទំនាក់ទំនងខ្លះ វាអាចមានរយ:ពេលវែង ឬខ្លីទៅតាមប្រភេទនៃទំនាក់ទំនង នីមួយៗនោះ។ ជាពិសេស ទំនាក់ទំនងរវាងបុរស និងនារី ក៏មានពេលខ្លះអាចមានរយ:ពេលវែង ឬខ្លីទៅតាម ទំនាក់ទំនង។

យ៉ាងណាមិញ រាល់ទំនាក់ទំនងនីមួយៗ រមែងតែងតែមានការបែកបាក់គ្នាជាប្រចាំ ដោយមិនអាចហាមឃាត់បាន ហើយនេះ ក៏ជារឿងធម្មតា សម្រាប់មនុស្ស ដើម្បីទុកវាជាបទពិសោធន៍ នៅក្នុងឆាកជីវិតរបស់ខ្លួន ផងដែរ។ ប៉ុន្តែក៏មានអ្នកខ្លះ នៅតែនឹក សង្សារចាស់ បើទោះបីជាបែកគ្នាយូរណាស់មកហើយក៏ដោយ។

ឆ្លៀតនៅក្នុងឱកាសនេះ សូមបង្ហាញនូវចំណុចសំខាន់ៗខ្លះ ដែលជាមូលហេតុនាំឲ្យអ្នក នៅតែនឹករលឹកទៅដល់សង្សារចាស់ ទាំងដែលអ្នកទាំងពីរបានបែកបាក់គ្នា រួចទៅហើយ។

ដូច្នោះ កុំឲ្យខាតពេលវេលាយូរ ខាងក្រោមនេះ ជាចំណុចសំខាន់ៗមួយចំនួន ដែលជាឬសគល់ នាំឲ្យអ្នកក្លាយទៅជាបែបនេះ៖

១. គ្មានការលើកលែងទោស

មានស្នេហាខ្លះ បានបញ្ចប់ទៅ ដោយការ ស្រុះស្រួលគ្នា និងព្រមរៀងៗខ្លួន តែក៏មានស្នេហាខ្លះ បានបញ្ចប់ទៅ ទាំងគ្មានការលើកលែងទោសឲ្យគ្នា នៅតែខឹងសម្បារដាក់គ្នា។ ដោយសារតែ ភាពមិនលើកលែងទោសនេះហើយ ទើបធ្វើឲ្យអារម្មណ៍អ្នក នៅតែនឹកសង្សារចាស់ ដោយមិនដឹងខ្លួន។  ចំណុចមួយនេះ គឺមិនសូវមានអ្នកណា ចាប់អារម្មណ៍នោះទេ ហើយក៏តែងតែឆ្ងល់ថា ហេតុអ្វី ចិត្តនៅតែនឹកសង្សារចាស់។

រូបតំណាង

២. កំហុស

ភាគច្រើន ការទាក់ទងគ្នា មិនដែលមិនថា មិនមានកំហុសលើគ្នានោះទេ គ្រាន់តែកំហុសខ្លះ វាធំដុំ និងកំហុសខ្លះ វាតូចតាចតែប៉ុណ្ណោះ។ ហើយក្នុងនោះ កំហុសក៏ជាផ្នែកមួយ ក្នុងការធ្វើឲ្យអ្នកចងចាំ សង្សារចាស់ផងដែរ ព្រោះថា អ្នកធ្លាប់បានសាងនូវកំហុសទៅកាន់ដៃគូស្នេហ៍ចាស់របស់អ្នក មុនពេលចាកចេញ។ 

ជាហេតុធ្វើឲ្យអ្នក តែងតែគិតចង់បកក្រោយ ដើម្បីជួសជុលទំនាក់ទំនងនោះ ឡើងវិញម្តងទៀត ហើយអ្នកតែងតែគិតថា វាជាកំហុសរបស់អ្នកទាំងស្រុង ទើបធ្វើឲ្យអ្នក និងគេបែកគ្នា។ នេះជារឿងមួយ ដែលគូស្នេហ៍ភាគច្រើន ភ្លេចគិតថា ដោយសារតែខ្លួន មានកំហុសទៅលើ សង្សារចាស់ ទើបធ្វើឲ្យ ចិត្តរបស់អ្នក នៅតែព្យាយាមនឹករូបគេ ទោះមួយវិនាទីក៏ដោយ។

រូបតំណាង

៣. ទង្វើរបស់អ្នកថ្មី មិនដូចអ្នកចាស់

ក្រោយពេលដែលអ្នកមានស្នេហ៍ថ្មី អ្នកក៏ចាប់ផ្តើមនឹកគេ កាន់តែខ្លាំង ព្រោះទង្វើរបស់អ្នកថ្មី មិនដូចអ្នកចាស់ ដែលទង្វើទាំងអស់នោះ អ្នកពិតជាត្រូវការវាជាខ្លាំង ទើបជាហេតុដែលធ្វើឲ្យអ្នក មិនអាចបញ្ឈប់ចិត្តនឹកដល់អ្នកចាស់បាន។ ជាពិសេស បើសង្សារចាស់របស់អ្នក ធ្លាប់បញ្ចេញទង្វើល្អ ជាងសង្សារថ្មី គឺអ្នកកាន់តែ មិនអាចបំភ្លេចគេបាន។ ដូច្នេះបើអ្នក មិនចង់នឹកដល់ សង្សារចាស់ សូមកុំគិត នូវទង្វើរបស់សង្សារចាស់របស់អ្នកឲ្យសោះ សូមចាប់ផ្តើម ជីវិតថ្មី ជាមួយនឹងសង្សារថ្មី ព្រោះថា មនុស្សម្នាក់ៗ មិនអាចមានចរិត និងទង្វើ ស្រដៀងគ្នានោះទេ។

រូបតំណាង

៤. មកពីអារម្មណ៍

ថ្វីបើ អ្នកបានបែកបាក់ ជាមួយនឹងសង្សារចាស់ ហើយទាក់ទងនឹង សង្សារថ្មីក៏ដោយ ក៏អារម្មណ៍របស់អ្នក នៅតែនឹកឃើញ រូបគេ គ្រប់ពេលវេលា។ ក្នុងនោះ គ្រប់ពេល នៅជាមួយអ្នកថ្មី ឬឃើញនូវទង្វើរបស់អ្នកថ្មី ប្រហាក់ប្រហែលអ្នកចាស់នោះ អ្នកក៏មានអារម្មណ៍នឹកអ្នកចាស់ កាន់តែខ្លាំង ដូចពាក្យចាស់លោកពោលថា កាន់តែបំភ្លេច ចិត្តក៏កាន់តែនឹកលើសដើម។ 

រូបតំណាង

៥. វត្ថុអនុស្សាវរីយ៍ ឬទីកន្លែងដែលអ្នកធ្លាប់មានជាមួយគេ

ជាការពិត ទីកន្លែង និងវត្ថុអនុស្សាវរីយ៍ ក៏សុទ្ធសឹងតែជាចំណែកមួយ ដែលធ្វើឲ្យអ្នកនឹកគេផងដែរ ព្រោះថា របស់របរទាំងអស់នោះ វាបានបង្កប់នូវការចងចាំល្អៗ ជាច្រើនរបស់អ្នក និងគេ កាលពីពេលអតីតកាល។  ចំពោះចំណុចនេះ អាចនិយាយបានថា​ វាពិតជាពិបាកខ្លាំងបំផុត ក្នុងការបំភ្លេច សង្សារចាស់ នៅពេលអ្នកបានឃើញ ទីកន្លែងដែលអ្នកធ្លាប់មកជាមួយគេ។ វិធីដែលល្អ អ្នកមិនគួរទៅ ទីនោះ ឬឆ្លងកាត់ ដើម្បីកុំឲ្យ អារម្មណ៍ នៅតែនឹកគិតដល់គេ។

រូបតំណាង

៦. ទំនាក់ទំនងគេ និងអ្នក មានមនុស្សជាច្រើនទទួលស្គាល់

ចំណុចនេះ គឺចង់បង្ហាញថា កាលពីអតីតកាល អ្នក និងគេ មានមនុស្សជាច្រើន គាំទ្រ ហើយស្គាល់ ច្រើន ពីស្នេហារបស់អ្នក និងគេ។ ដូច្នោះ វាក៏ជាមូលហេតុមួយ ដែលនាំឲ្យអ្នកពិបាកបំភ្លេចគេ និងនឹកគេ នៅពេលអ្នកជួបអ្នកណាម្នាក់ ដែលធ្លាប់បានស្គាល់ពីស្នេហារបស់អ្នកទាំងពីរ។

រូបតំណាង

៧.ពាក្យសម្តីដែលអ្នកចាស់ហៅអ្នក

ប្រាកដណាស់ថា រាល់ទំនាក់ទំនងនីមួយៗ រមែងតែងតែមាននូវចំណងមេត្រីភាព តាមបែបរូបភាពខុសៗគ្នា។ ជាមួយគ្នានេះដែរ ក្នុងនោះ ការប្រើប្រាស់ពាក្យពេចន៍របស់មនុស្សម្នាក់ៗ ទៅកាន់មនុស្សម្នាក់ទៀត ក៏ជារឿងមួយក្នុងការកត់សម្គាល់ពីចរិតរបស់មនុស្សម្នាក់នោះ។ ពោលគឺការហៅឈ្មោះ ឬក៏ដាក់ឈ្មោះហៅក្រៅរបស់មនុស្សម្នាក់ ទៅកាន់មនុស្សពិសេសរបស់ខ្លួន ក៏អាចជាមូលហេតុមួយដែលនាំឲ្យអ្នកកើតមាននូវការចងចាំ ដែលមិនអាចបំភ្លេចបានគ្រប់ពេល តាមរយៈឈ្មោះដែលសង្សារចាស់របស់អ្នកបានដាក់ និងហៅ តាមរយៈផ្ទាល់ ឬប្រយោល (សារ)។ វាក៏ធ្វើឲ្យអ្នកនៅគិតពីគេ ម្តងហើយម្តងទៀត។ 

រូបតំណាង

៨.សម្លេង ឬភាសាដែលគេប្រើជាមួយអ្នក

មនុស្សម្នាក់ៗ តែងតែមាននូវលក្ខណៈពិសេសខុសៗគ្នា ទៅតាមប្រភេទ និងតាមតំបន់ដែលខ្លួនរស់នៅ រៀងៗគ្នា។ ជាមួយគ្នានេះដែរ សម្លេង ឬភាសានិយាយរបស់អតីតសង្សាររបស់អ្នក ក៏អាចក្លាយមកជាកត្តាមួយដែលនាំឲ្យអ្នក មាននៅការនឹករំលឹកដល់គេ តាមរយៈសម្លេងសើច ការបញ្ចេញសម្លេង និងភាសានិយាយរបស់គេ។ ឧទាហរណ៍ ដូចជា ភាសានិយាយរបស់អ្នកសៀមរាប ខុសពីអ្នកនៅភ្នំពេញ។

ដូច្នោះ ប្រសិនបើ មនុស្សដែលអ្នកធ្លាប់ទាក់ទងជាមនុស្សដែលមានភាសានិយាយផ្ទាល់ខ្លួន ឬភាសាតំបន់ វាក៏ជាហេតុនាំឲ្យអ្នកនៅនឹកគេ ពេលជួប ឬស្តាប់សម្លេងដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ 

រូបតំណាង

៩.ប្រភេទបទចម្រៀងដែលអ្នកធ្លាប់ស្តាប់ជាមួយគេ

ចំណុចនេះ អាចនិយាយបានថា ជាចំណុចពិសេស ព្រោះថា មានគូស្នេហ៍មួយប្រភេទដែលនិយមចូលចិត្តច្រៀង ឬរាំលេងកម្សាន្តជាមួយគ្នា នាពេលទំនេរ ជាពិសេសពេលនិយាយទូរស័ព្ទហើយ គ្មានប្រធានបទនិយាយគ្នាបន្ត នាពេលយប់។ ដូច្នោះ វាក៏ជាហេតុនាំឲ្យពួកគេមាននូវបទចម្រៀងផ្ទាល់ខ្លួន ជាគូ ដែលនិយមចូលចិត្តច្រៀងឲ្យគ្នាស្តាប់ទៅវិញទៅមក អាចមុនពេលចូលគេង ជាដើម។ ហេតុនេះ គ្រប់ពេលដែលអ្នកលឺបទចម្រៀងនោះ ដោយចៃដន្យ ឬមិនចៃដន្យក្តី វាក៏ធ្វើឲ្យអ្នកនឹករំលឹកទៅដល់គេភា្លមៗ តែម្តង ដោយស្វ័យប្រវត្តិ។ 

រូបតំណាង

១០.មុខម្ហូប ឬភេសជ្ជៈដែលគេបានណែនាំឲ្យអ្នកស្គាល់

មានពេលខ្លះ អ្នកមិនអាចបំភ្លេចគេបានរហូត ព្រោះថាមានទីកន្លែង ឬរបស់របរមួយចំនួនដែលអ្នកធ្លាប់ញុំា ឬផឹកជាមួយគេ ហើយត្រូវបានគេណែនាំឲ្យអ្នកញុំាវា ដែរ។ ដូច្នោះ វាក៏ជាហេតុនាំឲ្យអ្នកក្លាយមកជានឹកគេ គ្មានពេលភ្លេចគេបាន តាមរយៈការញុំា ឬផឹកទាំងអស់នោះ។ ឧទាហរណ៍ មានសង្សារខ្លះ ចូលចិត្តផឹកកាហេ្វ ឬញុំាអាហារជាគូ ដែលទាំងនោះ សុទ្ធសឹងតែជាមូលហេតុនាំឲ្យអ្នកនៅនឹកគេ គ្រប់ពេលដែលអ្នកបានឃើញគូស្នេហ៍ដទៃ គេធ្វើបែបនោះដែរ ឬពេលអ្នកទៅរកអីញុំាទីនោះ ម្តងទៀត។ ដូច្នោះ វាក៏ធ្វើឲ្យអ្នកនឹកគេ ដោយមិនអាចទប់ចិត្តខ្លួនឯងបាន នោះទេ។ 

រូបតំណាង

សរុបរួមមកវិញ ចំណុចខាងលើទាំងអស់នេះហើយ ដែលសុទ្ធសឹងតែជាមូលហេតុចម្បងដែលនាំឲ្យ អ្នកនៅនឹករលឹក ទៅដល់អតីតសង្សារចាស់របស់ខ្លួន គ្រប់ពេល។ បើទោះបីជា ទំនាក់ទំនងរបស់អ្នក ជាមួយនឹងគេ បានបញ្ចប់ទៅអស់រយៈពេលជាយូរឆ្នាំមកហើយក្តី ឬក៏ទើបតែបញ្ចប់ ក៏ដោយចុះ។ 

តែ យ៉ាងណាក្តី ការសម្រេចចិត្ត គឺនៅតែស្ថិតនៅលើខ្លួនរបស់អ្នក ថាចង់ចាប់ផ្តើមម្តងទៀត ឬក៏បញ្ចប់វា ពេលនេះតែម្តង៕

ប្រភព: eharmony.com &elitedaily.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]