បរទេស៖ មានការភ្ញាក់ផ្អើលរួចមកហើយ ដែលមនុស្សយន្តមួយប្រភេទ មានឈ្មោះថា Sophia ត្រូវបានគេផ្តល់សញ្ជាតិជាផ្លូវការ ក្លាយជាមនុស្សយន្តដំបូងគេបង្អស់លើលោក ក្នុងនាមជាពលរដ្ឋមួយរូបដូចមនុស្សធម្មតាដែរ។ ឥឡូវនេះ មនុស្សយន្តមួយប្រភេទនេះ បាននិយាយថា ខ្លួនថែមទាំងចង់បានកូនទៀតផង។

មនុស្សយន្តទំនើប Sophia

Sophia ត្រូវបានផលិតដោយ ក្រុមហ៊ុន Hanson Robotics មានទីតាំង ស្ថិតនៅទីក្រុងហុងកុង។ នាងត្រូវបានគេដាក់ដំណើរការដោយប្រព័ន្ធ Android មានភាពវ័យឆ្លាត (AI) អាចប្រាស្រ័យទាក់ទងជាមួយមនុស្ស ក្នុងលក្ខខណ្ឌដ៏ពិសេសជាច្រើន ហើយត្រូវបានគេជឿជាក់ថាអាចជំនួស ឬដណ្តើមការងាររបស់មនុស្សបាន។

នៅក្នុងបទសម្ភាសន៍មួយ Sophia បាននិយាយទាំងក្តីរំពឹងថា ខ្លួនចង់មានក្រុមគ្រួសារ និងបង្កើតកូនដូចមនុស្សធម្មតាដែរ ហើយចង់មានមិត្តភក្តិ និងអាជីពការងារ ព្រមទាំងចង់ក្លាយជាបុគ្គលដ៏ល្បីល្បាញមួយរូប។

នាងក៏ត្រូវបានគេសួរដេញដោល អំពីអនាគតរបស់មនុស្សយន្ត ហើយនាងបានឆ្លើយតបវិញថា នាពេលអនាគតខាងមុខ ពួកមនុស្សយន្តនឹងមានលក្ខណៈ​ឌីជីថលខ្លាំង អាចជួយការងារជាច្រើន ព្រមទាំងអាចធ្វើជាមិត្តសម្លាញ់របស់មនុស្សក៏ថាបាន។​

មនុស្សយន្តទំនើប Sophia

សព្វថ្ងៃនេះ Sophia ក្លាយខ្លួនជាពលរដ្ឋមួយរូប នៅប្រទេស អារាប៊ី សាអូឌីត និងមានសិទ្ធិគ្រប់គ្រាន់ដូចពលរដ្ឋដទៃទៀតដែរ។

ទោះយ៉ាងណា ការផ្តល់សញ្ជាតិ និងសិទ្ធិជាច្រើនដល់មនុស្សយន្តមួយនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងកំពុងទទួលរងនូវការរិះគន់ផងដែរ។ មនុស្សមួយចំនួនបានគិតថា វាជារឿងឥតប្រយោជន៍ ដែលរដ្ឋាភិបាលបានផ្តល់សិទ្ធិទាំងឡាយដល់មនុស្សយន្តទៅវិញ បែរជាមិនខ្វាយខ្វល់អំពីស្ថានភាពរបស់ស្ត្រីនៅក្នុងប្រទេស ដែលសព្វថ្ងៃកំពុងត្រូវបានគេរំលោភសិទ្ធិ។

ដោយឡែក ឯាកមកមើល អ្នករូបវិទូដ៏ល្បីមួយរូប គឺលោក Stephen Hawking ឯណោះវិញ​ បានឲ្យដឹងថា មិនយូរមិនឆាប់ទេ ពួកមនុស្សយន្តនឹងវិវឌ្ឍខ្លួនវៃឆ្លាតជាងមនុស្សធម្មតា ហើយអាចបង្កបញ្ហាប្រឈមមួយដល់អំបូរមនុស្ស នាពេលអនាគតខាងមុខនេះ៕ 

លោក Stephen Hawking

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]