មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់បាននូវដៃគូតែម្នាក់ប៉ុណ្ណោះ ហើយចេះស្រលាញ់ថ្នាក់ថ្នមពោរពេញដោយភក្តីភាពចំពោះគ្នានឹងគ្នា។ ក៏ប៉ុន្តែ មិនមែនគ្រប់គ្នាសុទ្ធតែអាចបំពេញបាននូវក្តីស្រមៃ និងសេចក្តីត្រូវការដ៏ល្អផូរផង់មួយនេះបានដោយងាយៗឡើយ អ្នកខ្លះ ក៏បានជួបនូវដៃគូម្នាក់ដែលស្រលាញ់គេស្មោះ ហើយមានភក្តីភាពនឹងគ្នាថែមទៀត នេះក៏ព្រោះតែគេចេះមើលនិងវិភាគទៅលើមនុស្សដែលគេស្រលាញ់បានត្រឹមត្រូវ។ រីឯអ្នកខ្លះទៀតនោះ ត្រូវឆ្លងកាត់ការពិបាកចិត្តស្ទើរស្លាប់ស្ទើររស់ព្រោះតែដៃគូដែលគេស្រលាញ់ក្បត់ចិត្តគេដោយមិនខ្វល់ពីរូបគេបន្តិចសោះឡើយ។

ព្រោះតែចង់ផ្តល់នូវគន្លឹះ ក៏ដូចជាចំណេះដឹងខ្លះៗក្នុងការសង្កេតមនុស្សដែលអ្នកស្រលាញ់ថាតើគេស្រលាញ់អ្នកស្មោះឬអត់នោះ  យើងនឹងបង្ហាញគន្លឹះចំនួន ១៦ចំនុច មកធ្វើការចែកជូនអ្នកទាំងអស់គ្នាគ្រាន់ទុកជាគ្រិះ។ ដើម្បីដឹងថាតើចំនុចទាំងអស់នោះមានអ្វីខ្លះ តោះតាមដានជាមួយយើងទាំងអស់គ្នា៖

១. គាត់តែងតែបង្កើតការសន្ទនាជាមួយអ្នកជាញឹកញាប់

ប្រសិនបើអ្នកស្តាប់មួយភ្លែត អ្នកប្រាកដជាគិតថា ការដែលមានការសន្ទនាញឹកញាប់ពេក វាប្រាកដជាធ្វើឲ្យអ្នកធុញថប់ស្លាប់ហើយ។ ម្យ៉ាងវិញទៀត ប្រសិនបើស្រលាញ់គ្នាមែន មិនចាំបាច់ធ្វើអីដល់ថ្នាក់ហ្នឹងពេកទេ។ ទេ ទេ!! ប្រសិនបើអ្នកគិតបែបនេះ អ្នកប្រាកដជាគិតអវិជ្ជមានលើដៃគូអ្នកហើយ។ មូលហេតុដែលគេចង់បានការសន្ទនាជាមួយអ្នកញឹកញាប់ ព្រោះគេគិតថា ប្រសិនបើទុកអ្នកឲ្យនៅម្នាក់ឯង អ្នកប្រាកដជាមានការសន្ទនាជាមួយអ្នកដទៃជាមិនខាន។

រូបតំណាង

២. គាត់តែងតែគោរពនូវគំនិតអ្នក ហើយតែងតែសួរនាំអំពីគំនិតរបស់អ្នកជានិច្ច

ប្រសិនបើគាត់ពិតជាស្រលាញ់អ្នកស្មោះមែន គាត់នឹងគោរពហើយឲ្យតម្លៃទៅលើគំនិតរបស់អ្នក។ លើសពីនេះទៅទៀតនោះ គាត់នឹងយកគំនិតរបស់អ្នកមកគិតពិចារណាដើម្បីស្វែងរកចំនុចបន្ថែមឲ្យល្អប្រសើរបាន។ ការស្រលាញ់ មិនមែនជាការចង់ឲ្យដៃគូម្ខាងទៀតធ្វើតាមតែចិត្តអ្នកចង់បាននោះឡើយ តែវាជាការចេះផ្តល់ជាមតិយោបល់ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក។

រូបតំណាង

៣. គាត់ស្មោះត្រង់ ហើយគ្មានអ្វីលាក់លៀមជាមួយអ្នកឡើយ

ប្រហែលជាមានប្រិយមិត្តមួយចំនួនធ្លាប់ជួបប្រទះហើយថា ប្រសិនបើដៃគូស្រលាញ់គ្នាស្មោះ ពួកគេប្រហែលជាឧស្សាហ៍មានការជជែកគ្នាបន្តិច នេះក៏ព្រោះតែពួកគេចង់ស្វែងរកអ្វីពួកគេបានធ្វើខុស ហើយអ្វីដែលពួកគេគួរតែកែលម្អដើម្បីឲ្យកាន់តែល្អថែមទៀត។ ពួកគេមិនចង់លាក់ទុករឿងក្នុងចិត្តរហូត ហើយក្លាយទៅជាបញ្ហាឡើយ។

រូបតំណាង

៤. គាត់មិនចាប់អារម្មណ៍អ្នកណាទាំងអស់ក្រៅពីរូបអ្នក

ប្រសិនបើគាត់ពិតជាស្រលាញ់អ្នកស្មោះ គាត់ប្រាកដជាស្វែងរកពេលវេលាដើម្បីនៅក្បែរអ្នក ហើយគាត់មិនចាប់អារម្មណ៍លើអ្នកណាម្នាក់ ដើម្បីឲ្យគេមកបំផ្លាញទំនាក់ទំនងរបស់អ្នកឡើយ។

រូបតំណាង

៥. គាត់នៅតែព្រួយបារម្មណ៍ និងសប្បាយចិត្តចំពោះអ្នក នៅពេលដែលគាត់មិននៅក្បែរអ្នក

ប្រសិនបើគាត់ពិតជាស្រលាញ់អ្នកស្មោះមែន មិនថាគាត់ទៅដល់ទីកន្លែងណាទេ គាត់តែងតែឆ្លៀតនិយាយអំពីអ្នក ហើយសរសើរអ្នកប្រាប់ឲ្យអ្នកដទៃបានដឹង។

រូបតំណាង

៦. គាត់ចង់ស្គាល់អ្នកឲ្យបានកាន់តែស៊ីជម្រៅ

វាប្រហែលជាមិនមានអ្វីដែលអ្នកគួរព្រួយបារម្មណ៍នោះទេ ប្រសិនបើដៃគូរបស់អ្នកចង់ស្គាល់អ្នកឲ្យបានច្រើន ហើយសន្ទនាគ្នាអំពីគោលបំណងរបស់អ្នក ហើយនិយាយអំពីគម្រោងសម្រាប់ថ្ងៃអនាគតជាមួយអ្នក។ ប្រសិនបើគាត់ធ្វើបែបនេះ នោះបញ្ជាក់ថា គាត់ចង់រស់នៅជាមួយអ្នកហើយ ព្រោះគ្មាននរណាម្នាក់មកនិយាយរឿងអនាគតជាមួយអ្នកងាយៗឡើយ។

រូបតំណាង

៧. គាត់តែងតែចង់យកអ្នកទៅតាមគាត់រហូត

ប្រសិនបើស្តាប់មើលទៅ វាហាក់ដូចជាធុញថប់ដល់ហើយ មិនដែលអ្នកណាទំនេរយកអ្នកទៅតាមគេរហូតនោះទេ។ ទេទេ! មិនមែនគ្រប់ពេលគ្រប់វេលានោះទេ តែក្នុងកាលៈទេសៈទូទៅ គាត់ប្រាកដជាយកអ្នកទៅជាមួយគាត់ ដើម្បីបង្កើតនូវភាពសប្បាយរីករាយជាមួយគ្នា។

រូបតំណាង

៨. ទោះមានបញ្ហាជាមួយគ្នាយ៉ាងណា ក៏គាត់នៅតែចង់នៅក្បែរអ្នក

ច្បាស់ណាស់ថា មនុស្សដែលមានចិត្តស្រលាញ់គ្នាស្មោះប្រាកដជាចង់នៅក្បែរគ្នាហើយ។ ពួកគេក៏មិនចង់ឈ្លោះគ្នាដែរ។ តែប្រសិនបើគេឈ្លោះគ្នាក៏ដោយ ក៏ពួកគេនៅតែចង់នៅក្បែរគ្នា ហើយត្រូវគ្នាវិញដែរ។

រូបតំណាង

៩. គាត់ហ៊ាននាំអ្នកឲ្យមិត្តភក្តិ និងគ្រួសាររបស់គាត់ឲ្យបានស្គាល់

ប្រសិនបើគាត់ហ៊ានធ្វើដល់ចំនុចមួយនេះហើយ អ្នកកុំបាច់សង្ស័យខ្លាចគាត់ស្រលាញ់អ្នកត្រឹមលេងសើច ព្រោះបើគាត់ស្រលាញ់អ្នកត្រឹមលេងសើច គាត់មិនហ៊ាននាំអ្នកឲ្យមិត្តភក្តិ និងគ្រួសាររបស់គាត់បានស្គាល់អ្នកឡើយ។ ដូច្នេះប្រសិនបើគាត់ហ៊ានធ្វើដល់ចំនុចមួយនេះ អាចឲ្យយើងដឹងថាមានសង្ឃឹមខ្ពស់ ហើយស្នេហារបស់អ្នកអាចមានភាគរយស្ថិតស្ថេរបានយូរអង្វែង។

រូបតំណាង

១០. គាត់តែងតែចង់ស្គាល់មនុស្សដែលនៅជុំវិញអ្នក

វាមិនមែនជាការចង់ស៊ើបការអ្វីនោះទេ តែមូលហេតុដែលគាត់ចង់ស្គាល់មនុស្សដែលនៅជុំវិញខ្លួនអ្នក ព្រោះគាត់ចង់បង្ហាញថា គាត់មានសមត្ថភាពសាកសមជាមួយអ្នក និងបង្កើតទំនាក់ទំនងល្អជាមួយនឹងមនុស្សសំខាន់របស់អ្នក។

រូបតំណាង

១១. គាត់មិនហ៊ានធ្វើអ្វីបំពានលើរូបរាងកាយអ្នកនោះទេ

វាជាការពិតហើយថា ប្រសិនបើគាត់ស្រលាញ់អ្នកស្មោះ គាត់នឹងមិនហ៊ានធ្វើអ្វីដែលបំពានលើរាងកាយរបស់អ្នក ដោយអ្នកមិនអនុញ្ញាតនោះទេ។

រូបតំណាង

១២. គាត់តែងតែសុំទោសអ្នក ប្រសិនបើគាត់បានប្រព្រឹត្តិកំហុស

ការសុំទោសគឺជាការបង្ហាញឲ្យយើងឃើញថា គាត់ចេះទទួលស្គាល់នូវកំហុសដែលគាត់បានធ្វើ ហើយគាត់ក៏មិនរុញរាក្នុងការសុំទោសអ្នកដែរ។

រូបតំណាង

១៣. គាត់តែងតែចង់ធ្វើអ្វីឲ្យអ្នកភ្ញាក់ផ្អើល ហើយសប្បាយចិត្ត

ការដែលចង់ធ្វើឲ្យមនុស្សដែលខ្លួនស្រលាញ់មានការភ្ញាក់ផ្អើល និងសប្បាយចិត្ត វាជាជម្រើសទី១ ដែលមនុស្សស្រលាញ់គ្នាចង់ធ្វើជាទីបំផុត ដូច្នេះប្រសិនបើគាត់ចូលចិត្តធ្វើអ្វីដែលភ្ញាក់ផ្អើល និងធ្វើឲ្យអ្នកសប្បាយចិត្ត នោះរំលេចឲ្យឃើញថា គាត់ស្រលាញ់អ្នក និងយកចិត្តទុកដាក់ចំពោះអ្នកខ្លាំងណាស់។

រូបតំណាង

១៤. គាត់តែងតែខ្វាយខ្វល់អំពីសេចក្តីសុខរបស់អ្នក ហើយគាត់ព្យាយាមជួយអ្នក

ប្រសិនបើអ្នកឃើញគាត់ខ្វាយខ្វល់អំពីអ្នកនៅពេលដែលអ្នកមិនសប្បាយចិត្ត ហើយតែងតែចង់នៅក្បែរអ្នក នោះអ្នកមិនចាំបាច់សង្ស័យច្រើនទេ គាត់ច្បាស់ជាស្រលាញ់អ្នកស្មោះហើយ ព្រោះបើមិនស្រលាញ់ គាត់មិនខ្វល់ពីអ្នកឡើយ។ 

រូបតំណាង

១៥. គាត់តែងតែព្យាយាមទាក់ទងមកអ្នកមុនរហូត

ប្រសិនបើអ្នកឃើញគាត់ធ្វើរឿងដូចជា ផ្ងើសារមកអ្នកមុន និងតេទូរស័ព្ទមកអ្នកមុន នោះបញ្ជាក់ថា គាត់ព្រួយបារម្មណ៍ និងគិតពីអ្នកខ្លាំង។ ហើយនេះជាសញ្ញាល្អមួយដែលបង្ហាញថា អ្នកជ្រើសរើសមនុស្សត្រូវហើយ។

រូបតំណាង

១៦. ពេលវេលាដែលអ្នកនៅក្បែរគ្នា គឺពោរពេញទៅដោយទឹកចិត្តសប្បាយរីករាយដោយគ្មានការបង្ខិតបង្ខំឡើយ

នៅត្រង់ចំនុចនេះ វាគឺជាចំនុចចុងក្រោយហើយ។ ប្រសិនបើអ្នកមានអារម្មណ៍ថាសប្បាយរីករាយដោយគ្មានមូលហេតុ នោះវាបញ្ជាក់ថា គេជាមនុស្សដែលអ្នកស្រលាញ់ ហើយគេក៏ស្រលាញ់ និងចង់ថ្នាក់ថ្នមអ្នកដូចគ្នា។ មនុស្សដែលស្រលាញ់គ្នាស្មោះ គេនឹងទទួលយកបាននូវអ្វីៗដែលអ្នកធ្វើ ហើយគេនឹងមិនបង្ខំឲ្យអ្នកធ្វើតាមតែគេនោះទេ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]