ភ្នំពេញៈ ឧបករណ៍តន្ត្រី បុរាណខ្មែរ មិនធ្លាប់ឃើញនិងមិនធ្លាប់ឮចំនួន៥៧ប្រភេទ ដែលសិក្សាស្រាវជ្រាវ និងដឹក នាំការផលិតដោយលោក ប៉ាទ្រីក គែសាឡេ នរវិទូ តន្រ្តីករ និងជាបុរាណវិទូបារាំងត្រូវបានគេដាក់តាំងបង្ហាញ ឲ្យសាធានរណៈជនចូលទស្សនា នៅវិទ្យាស្ថានបារាំង ចាប់ពីថ្ងៃ ទី៧ដល់ចុងខែវិឆ្ឆិកា ឆ្នាំ២០១២។

លោក ប៉ាទ្រីក គែសាឡេ មានប្រសាសន៍ថា លោកបានធ្វើដំណើរពាសពេញ សាកលលោក ក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ ពិសេសនៅ អាហ្រ៊ិកខាង លិច, អាស៊ីអាគ្នេយ៍ , អឺរ៉ុប, ប្រទេសឥណ្ឌា,នេប៉ាល់ជាដើម ក្នុងគោលបំណង ស្វែងរកបទភ្លេងបុរាណ ដែលកំពុងប្រឈមនឹងការបាត់បង់ ដើម្បីអភិរក្សស្មារតីចង់ ចាំក្នុង វិស័យនេះ និងស្នើឡើង នូវការអភិរក្ស។

នៅកម្ពុជាលោកបានធ្វើដំណើរមកជាច្រើនដង ដោយមានការប្រមូល ឯកសារសោតទស្សន៍ នៅតាមប្រាសាទ នានារួមទាំងការសាកសួរជន ជាតិដើមភាគតិច នៅ ខេត្តរតនៈគិរី និងមណ្ឌលគិរី។ នរវិទូតន្រ្តីករវ័យ៥៣ឆ្នាំរូបនេះបន្តទៀតថា ដោយការចាប់អារម្មណ៍ និងស្រលាញ់សិល្បៈវប្បធម៌ខ្មែរ និងចង់ឲ្យឧបករណ៍ តន្ត្រីបុរាណខ្មែរ ទាំងនេះត្រូវបានជនជាតិខ្លួនឯង បានស្គាល់ឡើងវិញ រួមទាំងការផ្តល់នូវមោទនៈភាពដល់ពលរដ្ឋខ្មែរ ចំពោះវប្បធម៌របស់ខ្លួននោះ លោកបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន សម្រាប់កិច្ចការស្រាវជ្រាវ និងផលិតឧបករណ៍ទាំងនេះឡើង។

លោកបញ្ជាក់ថា ឧបករណ៍តន្ត្រីបុរាណខ្មែរ មិនធ្លាប់ឃើញ និងមិនធ្លាប់ឮចំនួន៥៧ប្រភេទ ដែលដាក់តាំង បង្ហាញនៅពេលនេះ ភាគច្រើនមានកំណើតឡើង ក្នុងអំឡុង ចន្លោះសតវត្សរ៍ទី៧ដល់ទី១៣ មានដូចជា ពិណ, ខ្លុយ, ស្គរ, សាដៀវ, ឈឹង, កណ្តឹង, មឹម,ត្រែ,សាឡៃ,គង, ឃ្មោះ ជាដើម ហើយឧបករណ៍ទាំងនេះ ត្រូវបានគេ ប្រគំឡើងទៅ តាមកម្មវិធី មានទាំងការប្រគំកម្សាន្ត ការចេញច្បាំង ការរៀបចំពិធីសាសនា ក្នុងពិធីបុណ្យសពជាដើម។

បើទោះបីជាត្រូវចំណាយពេលវេលាយ៉ាងយូរក្នុងការស្រាវជ្រាវ និងផលិតឧបករណ៍ ទាំងនេះក៏ដោយ ក៏លោកមិន បានបង្ហាញពីការ នឿយណាយ ក្នុងការបន្តចូល រួមអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ខ្មែរ ដល់ពលរដ្ឋខ្មែរនិង ពិភពលោកឲ្យបានស្គាល់ឡើយ។ លោកបញ្ជាក់ថា ឧបករណ៍ដែលលោក ដាក់តាំងបង្ហាញនេះ គឺជារបស់ ខ្មែរពិតៗ បើទោះបីជាសម័យ ដែលផលិត ឧបករណ៍នេះខ្មែរ ទទួលឥទ្ធិពលវប្បធម៌ ពីបរទេសក៏ដោយ។

លោកមិនបានបង្ហាញពីក្តីព្រួយបារម្ភពីការលួចចម្លងស្នាដៃ ដែលលោកខិតខំសិក្សា ស្រាវជ្រាវនេះទេ ប៉ុន្តែលោក សំណូមពរឲ្យអ្នក ដែលផលិតលើកក្រោយ ត្រូវយល់ ពីតម្លៃ និងគុណភាព ប្រសិទ្ធភាព ថាតើការដែលចម្លងទៅ អាចនឹងបាត់បង់ តម្លៃវត្ថុនេះដែរឬយ៉ាងណា? ហើយលោកក៏រំពឹងដែរថា ក្រោយពេលស្រាវជ្រាវ រកឃើញ ស្នាដៃ ទាំងនេះ ក្រសួងស្ថាប័ន និងក្រុមសិល្បៈនានា អាចបន្តសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាល ដល់សិល្បករ ខ្មែរឲ្យចេះលេង និងរួមគ្នាថែរក្សាឲ្យ ឧបករណ៍ ទាំងនេះ មានតម្លៃជាលក្ខណៈអន្តរជាតិ៕

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]