កូរ៉េខាងត្បូង៖ កាលពីយប់មិញនេះ កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកូរ៉េ កញ្ញា Taeyeon បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍មួយ នៅម្តុំNonhyun-dong ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជនទូទាំងប្រទេស។

នេះបើយោងតាមប្រភពបានឲ្យដឹងថា ខណៈកញ្ញា Taeyeon កំពុងបើកបររថយន្តម៉ាក Mercedes Benz របស់ខ្លួន ស្រាប់តែជ្រុលចង្កូត ទៅបុកពីក្រោយនឹងរថយន្តតាក់ស៊ីមួយគ្រឿង ហើយក៏រុញទៅបុកនឹងគូទរថយន្តម៉ាក Audi ដែលនៅពីមុខថែមមួយគ្រឿងទៀត ដែលអាចនិយាយបានថា បុក៣តង់។

ឡាន Mercedes Benz របស់ Taeyeon បុកពីក្រោយរបស់តាក់ស៊ី
និងជ្រុលទៅបុកពីក្រោយរថយន្តម៉ាក Audi មួយគ្រឿងទៀត

ជាក់ស្តែង នៅក្នុងហេតុការណ៍នេះ មានអ្នករបួសចំនួន៤នាក់ ដោយអ្នកបើកតាក់ស៊ីមានរបួស ហូរឈាមនៅត្រង់.ក រីឯតារាស្រី Taeyeon បានរងរបួសឈឺចាប់នៅត្រង់ដើមទ្រូងយ៉ាងធ្ងន់ធ្ងរ ដោយសារប៉ះទង្គិចបោកមួយទំហឹងជាមួយ ពោងសុវត្ថិភាពរបស់រថយន្ត រីឯជនរងគ្រោះ២រូបទៀត គឺមានរបួសស្រាលតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់រថយន្តទាំង៣គ្រឿង គឺមានការខូចខាតខ្លាំង។

សភាពឡានរបស់Taeyeon ក្រោយពេលបុករួច

យ៉ាងណាមិញ បន្ទាប់កើតរឿងហេតុនេះ ក៏មានរថយន្តសង្រ្គោះបន្ទាន់ ក៏ដូចជាសមត្ថកិច្ច បានចុះមកមើល ប៉ុន្តែក្នុងនោះគេក៏ស្រាប់តែសង្កេតឃើញថា តារាស្រីរូបនេះ មិនបានឡើងឡានសង្គ្រោះបន្ទាន់នោះទេ ដោយការបារម្ភ គឺនាងបានឲ្យអ្នករបួសផ្សេងទៀត ទទួលបានការព្យាបាល ដោយដឹកទៅកាន់មន្ទីរពេទ្យ ហើយនាងក៏បានខលហៅ អ្នកចាត់ការផ្ទាល់ខ្លួន មកយកទៅកាន់មន្ទីរពេទ្យតាមក្រោយ។

Taeyeon ខលហៅអ្នកចាត់ការមកទទួល

ទាក់ទងនឹងរឿងហេតុនេះផងដែរ ខាងផលិតកម្មSM ក៏បានបញ្ជាក់ដែរថា៖

«អំឡុងម៉ោងប្រហែលជា៧:៤០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា នៅម្តុំ Nonhyun-dong កញ្ញា Taeyeon បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ព្រោះបើកបរខ្វះការប្រុងប្រយ័ត្ន ខណៈពេលនាងកំពុងធ្វើដំណើរ ទៅធ្វើធុរៈផ្ទាល់ខ្លួន។

នាងសុំទោសចំពោះអ្នកបើកបរ និងអ្នកធ្វើដំណើរទាំងអស់ ចំពោះហេតុការណ៍ បុកឡាននេះ ហើយពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីដោះស្រាយវាឲ្យបានល្អ»។

ផលិតកម្ម SM បានបន្ថែមទៀតថា៖ « Taeyeon បានវិលទៅផ្ទះវិញហើយ បន្ទាប់ពីការស៊ើបអង្កេតបានបញ្ចប់រួចរាល់ ហើយបច្ចុប្បន្ននេះនាងកំពុងតែសម្រាក ក្រោយពីបានពិនិត្យទៅលើ  បេះដូង និងដើមទ្រូងរួចរាល់»។

តារាចម្រៀងស្រី Taeyeon

គួរបញ្ជាក់ផងដែរ សម្រាប់រឿងនេះ គឺជាការបើកបរខ្វះភាពប្រុងប្រយ័ត្នរបស់តារាស្រី Taeyeon មិនមែនកើតឡើង ដោយបាត់បង់ម្ចាស់ការ ដោយសារតែជាតិស្រវឹងនោះទេ ពីព្រោះថា ក្រោយពេលសមត្ថកិច្ច ធ្វើការវាស់ជាតិអាល់កុលទៅលើ Taeyeon ហើយ គឺអាចបញ្ជាក់បានថា គ្មានជាតិអាល់កុលនៅក្នុងខ្លួនរបស់នាងឡើយ។

បន្ថែមពីនេះ អ្នកគាំទ្ររបស់Taeyeonទាំងអស់ ក៏បានជូនពរឲ្យនាងឆាប់ជាសះស្បើយផងដែរ៕

តារាចម្រៀងស្រី Taeyeon
តារាចម្រៀងស្រី Taeyeon
តារាចម្រៀងស្រី Taeyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]