រាជធានីភ្នំពេញ ៖ ពិធីករចាស់វស្សារបស់ស្ថានីយទូរទស្សន៍ CTN លោកអិុត សេដ្ឋា បានអះអាងថា លោកបានប្រកាសជា សាធារណៈតាមរយៈកញ្ចក់ ទូរទស្សន៍កាលពីសប្តាហ៍ មុន ដើម្បីការពារខ្លួន ខណៈដែលមាន ជនខិលខូចមួយចំនួនបាន ប្រើឈ្មោះលោកទៅបោកប្រាក់ពី ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ។

យ៉ាងណាមិញពិធីករដែលសម្បូរដោយសំនួនវោហាររូប នេះបញ្ជាក់ថា លោកមិនមានវិធានការតាមផ្លូវច្បាប់ណាមួយធ្វើឡើងជុំវិញបញ្ហា នេះទេ ដោយសារតែប្រភពនៃរឿងរ៉ាវមួយនេះនៅមិនទាន់ច្បាស់នៅឡើយ ។

ថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី ៧ វិច្ឆិកា ២០១២ នេះ លោកអិុត សេដ្ឋា បានឱ្យដឹងថា តាមពិតរឿងរ៉ាវនេះបានកើតឡើងជាងមួយឆ្នាំមកហើយ តែលោកមិនដឹងថា អ្នកដែលដើរបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកនោះមានប្រភពមកពីណាឡើយ គឺគ្រាន់តែដឹងតាមរយៈអ្នកស្គាល់គ្នាដែលគេបានទូរស័ព្ទមក ប្រាប់ប៉ុណ្ណោះ ។ លោកបន្តថា ក្រោយពីពិនិត្យឃើញថា សកម្មភាពទាំងនោះនៅតែបន្តកើតមាន ទើបលោកបានសម្រេចចិត្តធ្វើការប្រកាសជាសាធារណៈ ដើម្បីទុកជាការការពារខ្លួន តែលោកនៅមិនទាន់មានវិធានការតាមផ្លូវច្បាប់នៅឡើយទេ ។

លោកអិុត សេដ្ឋា បានអះអាងពីដើមរឿងដែលគេយកឈ្មោះរបស់លោកទៅប្រើ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋថា ពួកជនខិលខូចទាំងនោះបានប្រើឈ្មោះរបស់លោកទូរស័ព្ទទៅកាន់ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដោយប្រើរូបភាពថា ត្រូវរង្វាន់នេះ ត្រូវរង្វាន់នោះ ហើយឱ្យពួកគាត់បង់ប្រាក់មកឱ្យរូបលោកដើម្បីរត់ការជាថ្នូរនឹង ការបើករង្វាន់ ។ ពេលខ្លះជនខិលខូចទាំងនោះបានបោកប្រាស់ប្រជាពលរដ្ឋម្នាក់ៗអស់ រាប់ម៉ឺនដុល្លារក៏មាន ហើយសកម្មភាពនេះបានកើតឡើងនៅតាមខេត្តមួយចំនួនដូចជា ខេត្តតាកែវ, ពោធិ៍សាត់ និងបាត់ដំបងជាដើម ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]