កណ្តាល៖ យុវជនម្នាក់បាន ស្លាប់បាត់បង់ជីវិត ចោលគូដណ្តឹង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ កាលពីវេលាម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ លើកំណាត់ផ្លូវលេខ១១០ ត្រង់ ចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលចរាចរស្រុកកៀនស្វាយ បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ រស់ ស៊ីណេត អាយុ២៦ឆ្នាំ ជាអ្នក ធ្វើចំការ ជិះម៉ូតូវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1F-6726  ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនរងគ្រោះ ជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង ពេលដែលមក ដល់ចំណុចកើតហេតុក៏បុកគ្នា ជាមួយម៉ូតូសណ្តោងរ៉ឺម៉ក ដែលធ្វើដំណើរពីជើងទៅត្បូងបញ្ច្រាសទិសគ្នា បណ្តាលឲ្យយុវជនរងគ្រោះ ធ្លាយពោះចេញពោះវៀន និងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នក បើកម៉ូតូសណ្តោងរ៉ឺម៉ក បានគេចខ្លួនបាត់ស្រមោល។

ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា យុវជន រស់ ស៊ីណេត ដែលរងគ្រោះរហូតដល់ស្លាប់នេះ នៅសល់តែជាមួយ សប្តាហ៍ប៉ុណ្ណោះ ដល់ថ្ងៃចូលរោងការហើយ ដែលគូដណ្តឹង ជាអ្នកភូមិជាមួយគ្នា។ សាច់ញាតិយុវជនរងគ្រោះ បន្តថា នៅថ្ងៃកើតហេតុ អនាគតកូនកំលោះនេះ បាន ប្រាប់ឪពុកម្តាយថា ទៅកាត់សំលៀកបំពាក់នៅផ្សារគគីរហើយក៏ជាប់ផឹកស៊ីនៅផ្ទះពួកម៉ាកនៅជិតកន្លែងកើត ហេតុ រហូតដល់ល្ងាច ទើបត្រឡប់មកផ្ទះវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]