រាជធានីភ្នំពេញ ៖ ភ្ញាក់​ពី​ព្រលឹម​ដឹក​ប្រពន្ធ​និង​កូន​ទៅ​មន្ទីរពេទ្យ​ត្រូវ​ម៉ូតូ​មួយ​ គ្រឿង​ទៀត​នៅ​សល់​ជាតិ​ស្រវឹង​ពី​យប់ជិះ​មក​បុក​ពីក្រោយ​បណ្ដាល​ឱ្យ​ដួល​ របួសធ្ងន់​២​នាក់ និង​ស្រាល​២​នាក់ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​​ថ្ងៃ​ទី​៩ មីនា តាម​​ប​ណ្តោយ​ផ្លូវ​ទេព​ផ​ន សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌទួលគោក ។ តាម​សម្ដី​របស់​ស្ដ្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ដា ស៊ី​ណា អាយុ​២១​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ភូមិ​ថ្ម​គោ ឃុំ​តា​ពូ​ង ​ស្រុក​ថ្ម​គោ ខេត្ដបាត់ដំបង បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ប្ដី​របស់​​​ខ្លួន​ឈ្មោះ​យិ​ន វីត អាយុ​២៣​ឆ្នាំ ​ជា​​ចុងភៅ​នៅ​ភោជនីយ​ដ្ឋាន​ព្រឹក​ឆ្ងាញ់​ល្ងាច​ស្រស់ បាន​ជិះ​ម៉ូតូ​​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ដឹក​ខ្លួន​​និង​កូនស្រី​ឈ្មោះ​យិន នី​កា អាយុ​ទើបតែ​១១​ខែ ទៅ​មន្ទីរ​ពេទ្យ ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា ខណៈ​ពេល​ជិះ​ទៅ​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​​ទៀត​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ជិះ​ម្នាក់ឯង​ក្នុង​ស្ថានភាព​ស្រវឹងមក​ពីក្រោយ​​បោះពួយ​លឿន​ស្លេវ​ មក​ដល់​បុកពី​ក្រោយ​ បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​ទាំង​ពីរ​គ្រឿង ហើយ​ជន​រង​គ្រោះជា​ប្ដី​រយះ​ដាច់​មុខ​មួយ​ចំហៀង​ខាងឆ្វេង កូនស្រី​តូច​រលាត់​ស្បែក​​ឆ្អឹងខ្នង និង​បោក​ក្បាល​អ្នក​​ទាំងពីរ​រ​ង​របួស​ធ្ងន់។ ឯស្ដ្រី​ជា​ប្រពន្ធ​រលាត់​ដៃជើង​រង​របួស​​ស្រាល ចំណែក​អ្នក​ជិះ​ម៉ូតូ​ស្មាស់​របួស​ជើង​និង​របក​​ស្បែក​​ដៃ​ខាងឆ្វេង​ របួសស្រាល​ ។ អ្នក​បើក​ម៉ូតូ​ស្មាស់​ឈ្មោះ​វណ្ណ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ដែល​គេ​អះអាង​ថា​នៅ​ធំក្លិន​​ស្រា​ជាប់​នឹង​ខ្លួន​នោះ៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]