** ប្រលោមលោកខ្មែរឡូត **

(ភាគទី១ សូមចុចអានទីនេះ)

(ភាគទី២ សូមចុចអានទីនេះ)

(ភាគទី៣ សូមចុចអានទីនេះ)

(ភាគទី៤ សូមចុចអានទីនេះ)

(ភាគទី៥ សូមចុចអានទីនេះ)

ភាគទី ៦ បញ្ចប់

សំឡេងខ្លែងស្រាកយំ អមនឹងសត្វបក្សីស្រែកបន្ទរគ្នាឮខ្ទ័រពេញព្រៃព្រឹក្សា បានក្លាយជាទេសភាពមួយដ៏គួរឱ្យព្រឺសម្បុរ។ កន្លែងតែមួយ ពេលតែមួយខុសត្រង់តែពេលវេលាតែប៉ុណ្ណោះ តែទីនេះនៅតែគួរឱ្យខ្លាច ត្រជាក់ និងបង្កប់អំណាចគួរឱ្យខ្លាចម្យ៉ាង។ វាពិតជាសាកសមណាស់ក្នុងការប្រយុទ្ធរបស់ពួកយើងនៅពេលនេះ។ សំឡេងមួយស្រែកពីក្រោយទាំងរីករាយ

« មកចំពេលល្អណាស់ បិសាចឯងពិតជាមានពាក្យសច្ចៈមែន។ ឯង ដឹងទេថាគ្រួសាររបស់យើងដែលនៅសល់ តាមរកឯងសងសឹកយូរប៉ុណ្ណានោះ។ ពេលនេះដល់ពេលហើយដែលឯងត្រូវសងគ្រប់យ៉ាងចំពោះដូនតារបស់យើង» ខ្ញុំសើចដើម-ក ទាំងមុខមាំបន្តិចរួចនិយាយរបទៅវិញ

« យើងថ្ងៃនេះក៏តាំងចិត្តមកសងអ្វីគ្រប់យ៉ាងដល់គ្រួសារឯងវិញដូចគ្នា គឺតាំងចិត្តមកស្លាប់រួចមកហើយ បើយើងពិតចាញ់ក្រោមដៃរបស់ឯងនោះ »

« ល្អណាស់! យើងត្រៀមរួចហើយ »

ការប្រយុទ្ធបានចាប់ផ្តើមបែកផ្កាភ្លើងពេញព្រៃ ដោយសន្ទុះមន្តអាគមដ៏ខ្លាំងក្លារបស់ពួកយើង។ រយៈពេលប៉ុន្មានមកហើយនៅតែមិនទាន់ដឹង

ចាញ់ឈ្នះ ព្រោះយើងទាំងពីរសុទ្ធតែខ្លាំងដូចគ្នា តែខ្ញុំជាបិសាចរាប់រយឆ្នាំទៅហើយ មនុស្សធម្មតាមានកម្លាំងដូចគែដូចឯងដែរ ប្រាកដជាត្រូវបាក់កម្លាំងហើយ។ អស់មួយសន្ទុះធំ រីមកូនចៅជំនាន់ក្រោយគ្រួសារកំចាត់បិសាចក៏ទន់ដៃព្រោះតែខ្សោយកម្លាំង ហូរញើសជោគខ្លួន និងផ្ទៃមុខបន្ទាប់មកដួលនៅក្រោមដៃរបស់ខ្ញុំ។ ខ្ញុំយកដៃឱ្យគេចាប់ ហើយនិយាយទាំងចិត្តត្រជាក់

« បានហើយឯងប្រយុទ្ធមិនឈ្នះយើងទេ គំនុំគ្រួសារពួកយើងគួរតែបញ្ចប់ត្រឹមជំនាន់នេះទៅ ហើយយើងក៏មិនយកជីវិតឯងទេ បានហើយក្រោកឡើងមក »

« កុំមករវល់ជាមួយយើង »

ខ្ញុំដកដង្ហើមធំរួចទាញដៃខ្លួនឯងមកវិញ

« បាន! អ្វីៗត្រូវបានបញ្ចប់ហើយ ឯងស្អប់ខ្ញុំក៏មិនមែនជារឿងចម្លែកដែរ បានហើយឯងទៅតាមផ្លូវរបស់ឯងចុះ» ខ្ញុំក៏ដើរចេញពីទីនេះ តែមិនបានប៉ុន្មានជំហាន ក៏ឮរីមនិយាយមកកាន់ខ្ញុំបន្តទាំងសើចខ្លាំងៗពោរពេញដោយកំហឹង

« យើងមិនទៅវិញទាំងអាម៉ាស់មុខទេ បើឯងស្លាប់យើងរស់ បើយើងស្លាប់ឯងរស់ ហើយយើងក៏ដឹងមុនថាយើងមិនឈ្នះឯងដែរ តែឯងមើលមកនេះ ស្គាល់របស់នេះទេ ? ហាហាហា » ខ្ញុំបែរក្រោយក៏ឃើញកូនកំបិតមួយសឆ្លុះអមដោយអក្សរបាលីគាថាជាប់នឹងកាំបិតនោះ វាជារបស់ដែលខ្ញុំស្គាល់ច្បាស់បំផុត

« កាំបិតកម្ចាត់បិសាច » និយាយមិនទាន់រួចផុតពីមាត់ រីមចាប់កាំបិតសំដៅមកបុកទម្លុះបេះដូងរបស់ខ្ញុំ។ ល្អណាស់បើព្រហ្មលិខិតកំណត់ឱ្យគេរកឃើញកាំបិតពិឃាតបិសាចដូច្នេះហើយ ខ្ញុំមានតែទទួលតាមផលកម្មចុះ។ ខ្ញុំមានតែបិទភ្នែករង់ចាំការស្លាប់ដែលនឹងមកដល់ គ្រាន់តែ សង្ឃឹមថាការស្លាប់របស់ខ្ញុំអាចរំសាយកំហឹងរបស់គ្រួសារកំចាត់បិសាច និងគ្រួសារបិសាចរបស់ពួកយើងទៅចុះ។ លាហើយម៉ាក់ប៉ា លាហើយដារី………………។

…………………………………………………………………… 

រូបតំណាង

« ទេ… អូយ………»

នេះមិនមែនជាសំឡេងរបស់ខ្ញុំទេ ហើយខ្ញុំបែរជាគ្មានការឈឺអ្វីបន្តិចសោះ តែក៏មិនមែនជាសំឡេងរបស់រីម វាបែរជាសំឡេងរបស់មនុស្សស្រី មនុស្សស្រីដែលនៅក្នុងបេះដូងរបស់ខ្ញុំគ្រប់ពេលវេលាទៅវិញ។ អត់ទេ ខ្ញុំមិនចង់ឃើញអ្វីដូចដែលខ្ញុំកំពុងតែគិតនោះទេ។ ខ្ញុំក៏បើកភ្នែកឡើង អ្វីដែលនៅហ្នឹងភ្នែក ធ្វើឱ្យខ្ញុំស្ទើរតែដួល។ ខ្ញុំឃើញ...ឃើញដារីដេកដួលខ្លួនជោគជាំសុទ្ធតែឈាម ដោយមានកាំបិតកម្ចាត់បិសាចដោតចំដើមទ្រូង។ ខ្ញុំស្រវាលើកនាងមកបីទាំងរន្ធត់ចិត្ត បេះដូងធ្លុះធ្លាយ ស្ទើរតែស្រក់ទឹកភ្នែក

« ដារី ដារី ធ្វើអីហ្នឹងហា? ល្ងង់ម្ល៉េះ? កុំកើតអីណាបើកភ្នែកឡើង ។ កុំកើតអីឱ្យសោះណា ស្រីឆ្កួត» ខ្ញុំស្រែកទាំងឈឺចាប់លើកដារីមកឱបក្នុងរង្វង់ដៃ។ ដារីបើកភ្នែកទាំងទឹកមុខញញឹមលាយឡំនឹងការឈឺចាប់មុខរបួស

« ខ្ញុំ...ខ្ញុំមិនអីទេ....ចុះលោក លោកមិនអីទេមែនទេ? » នាងនិយាយទាំងយកដៃស្ទាបមុខរបស់ខ្ញុំ។ខ្ញុំចាប់ដៃនាងមកថើប ហើយក្តោបដៃដែលត្រជាក់របស់នាងទាំងបារម្ភ ខ្ញុំស្ទើរតែស្ទះស្លាបហើយ។ ខ្ញុំទទួលយកមិនបានទេបើសិនជា.....

« កុំនិយាយទៀត! ឈប់និយាយភ្លាមទៅ ខ្ញុំយកនាងឱ្យម៉ាក់ប៉ាខ្ញុំជួយណា ចាំបន្តិច ត្រូវតែទ្រាំបានទេ? » ខ្ញុំនិយាយរហន់ចង់ឆ្កួតទៅហើយ តើអ្នកណាអាចទប់អារម្មណ៍ពេលឃើញមនុស្សជាទីស្រលាញ់ជិតស្លាប់ចំពោះមុខនោះបានទៅ? ខ្ញុំដឹងច្បាស់ណាស់ ព្រោះកាំបិតកម្ចាត់បិសាចមានមន្តអាគមអាចធ្វើឱ្យបិសាចរលាយស្លាប់បាត់បន្សល់ត្រឹមតែផ្សែងមិនសល់សូម្បីតែវិញ្ញាណបើចាក់ចំបេះដូង។ បើចាក់លើមនុស្សក៏ត្រូវតែមានគ្រោះថ្នាក់ដល់ជីវិតដូចគ្នា ទោះកាំបិតនេះគ្មានអាគមអាចសំលាប់ជីវិតមនុស្សបានក៏ពិតមែន តែជាតិពិសក្នុងកាំបិតនេះក៏មិនធម្មតានោះដែរ។ ដារីចាប់ដៃខ្ញុំនិយាយទាំងញញឹម ខ្លួននាងចាប់ផ្តើមត្រជាក់ មាត់របស់នាងស្លេកស្លាំងមិនសល់ឈាមសូម្បីតែមួយតំណក់ ឯពោះរបស់នាងហូរឈាមស្ទើរតែខ្សោះទៅហើយ។

« កុំ...កុំទាន់អី.... ខ្ញុំមិនដឹងថាខ្ញុំស្លាប់ឬរស់ទេ។ តែ..... តើអាចប្រាប់អូនពាក្យចុងក្រោយដែលអូនចង់ឮបានទេ? អូនពិតជាចង់ដឹងពីចិត្តរបស់បងណាស់» ខ្ញុំដឹងថានាងចង់បានន័យដល់ពាក្យអ្វី ខ្ញុំក៏ងក់ក្បាលទាំងទឹកភ្នែកហូរលែងខ្មាស់នរណា

« បងស្រលាញ់អូន បងស្រលាញ់អូនដារី.....កុំទៅចោលបងម្នាក់ទៀតអីបានទេ? បងស្រលាញ់អូនណាស់ ស្រលាញ់តាំងពីបានជួបអូនលើកដំបូង» ខ្ញុំនិយាយទាំងទឹកភ្នែក ហើយឱនថើបដារី ។ ដារីញញឹមហើយក៏បិទភ្នែកទៅ។

« អត់ទេ ដារី កុំទៅ កុំទៅណា...កុំគេងណា..ត្រូវប្រឹងបើកភ្នែកឡើង....អត់ទេ.... ហេតុអីព្រះជាម្ចាស់អយុត្តិធម៌ចំពោះខ្ញុំខ្លាំងម្ល៉េះ? ហេតុអីឱ្យរឿងបែបនេះកើតឡើងចំពោះខ្ញុំម្តងហើយ ម្តងទៀត? ខ្ញុំស្អប់លោកណាស់» ខ្ញុំមានតែស្រែកយំជេរព្រហ្មលិខិត ហើយឱបដារីយ៉ាងណែនក្នុងរង្វង់ដៃ។

………………………………………………………………………………… 

រូបតំណាង

ស្នេហាដែលគ្មានថ្ងៃបញ្ចប់

« ខ្ញុំនៅទីណានេះ ហេតុអីបានជាជុំវិញខ្ញុំសុទ្ធតែពណ៌សអ៊ីចឹង? ខ្ញុំស្លាប់ហើយមែនទេ? Knight អូនលែងបានជួបបងទៀតហើយ..... ពួកយើងត្រូវបែកគ្នាជារៀងរហូតហើយមែនទេ? សុំទោសដែលអូនមិនអាចនៅជាមួយបងបន្តទៀតបាន... យ៉ាងណាក៏អូនអស់ចិត្ត ដែលនាទីចុងក្រោយនៃជីវិតរបស់អូនបានជួបបង បានជួយបង ហើយស្តាប់ពាក្យស្រលាញ់ពីបងទៀត..... » ខ្ញុំបានត្រឹមតែគិតទាំងឈឺចាប់ និងស្តាប់ឮសំឡេងទឹកភ្នែកខ្លួនឯងដែលស្រក់មកគ្មានពេលណាឈប់។ ខ្ញុំវិលវល់ ទាំងមិនដឹងថាខ្លួនខ្ញុំនៅទីណា ឋានសួគ៌ ឬក៏ឋាននរក។ ខ្ញុំមិនស្តាយក្រោយអ្វីដែលបានលះបង់ចំពោះមនុស្សប្រុសដែលខ្ញុំស្រលាញ់ឡើយ តែពេលនេះខ្ញុំនឹកគេ ជាពិសេសខ្ញុំខ្លាច ខ្លាចអារម្មណ៍ឯកា ខ្លាចភាពរងារ ខ្លាចក៏រស់នៅម្នាក់ឯង ដូចដែលម៉ាក់ប៉ាធ្លាប់ទុកខ្ញុំចោល។

« បើឱ្យរើសរវាង ឋានសួគ៌ និងស្នេហាដែលស្ថិតនៅក្នុងឋាននរក តើនាងនឹងរើសយកមួយណា » មានសំំលេងមួយមិនដឹងចេញពីខាងណាបន្លឺឡើងពីចំងាយ។ ខ្ញុំក៏ប្រឹងក្រោកស្រវារកច្រកចេញដំដៅទៅរកប្រភពសំឡេងមួយនោះ។ ទីបំផុតរូបរាង មនុស្សស្រីស្រស់ស្អាតម្នាក់ ឈរចំពីមុខខ្ញុំ។ ខ្ញុំសួរទាំងឆ្ងល់

« អ្នកជាអ្នកណា? »

« មិនសំខាន់ថាខ្ញុំជានរណា សំខាន់នាងឆ្លើយសំនួរខ្ញុំសិន តើនាងនឹងរើសយកមួយណា រវាងស្នេហា និងឋានសួគ៌? » ប្រហែលជាទេពតានៅឋានសួគ៌អាណិតខ្ញុំចង់ផ្តល់ឱកាសឱ្យខ្ញុំ មែនទេ? គិតបានបន្តិចខ្ញុំក៏ឆ្លើយទាំងជឿជាក់មិនស្ទាក់ស្ទើរ និងស្តាយក្រោយ

« ខ្ញុំ ខ្ញុំរើសយកស្នេហា និងការរស់នៅជាមួយមនុស្សដែលខ្ញុំស្រលាញ់ សូមទេពអប្សរជួយដល់ខ្ញុំផង ខ្ញុំសូមអង្វរ »

« តើគិតច្បាស់ហើយមែនទេ? គិតឡើងវិញម្តងទៀតដែរទេ? ស្នេហាជាវត្តសង្សាដែលមានគ្រប់រសជាតិកើតឡើងមិនចេះអស់មិនចេះហើយ វាមិនមែនជាការបញ្ចប់នៃសុភមង្គលទេ វាជាការចាប់ផ្តើមនៃវដ្តជីវិត បើនាងរើសយកស្នេហាតើនាងបានត្រៀមខ្លួនទទួលការឈឺចាប់ ការសប្បាយរីករាយ និងគ្រប់រសជាតិដែលនឹងចូលមកដល់ដែរឬទេ? តែបើនាងសំរេចរើសយកឋានសួគ៌នេះជាវិថីចុងក្រោយដែលគ្មានការឈឺចាប់ មានតែភាពសប្បាយរីករាយរហូតទៅ » ខ្ញុំគ្រវីក្បាលដោយមិនស្តាយក្រោយ

« ខ្ញុំម្ចាស់សំរេចចិត្តហើយ ស្នេហា និងភាពកក់ក្តៅពីមនុស្សជាទីស្រលាញ់គឺជាអ្វីដែលខ្ញុំម្ចាស់ចង់បាន ទោះទទួលការឈឺចាប់យ៉ាងណា ខ្ញុំម្ចាស់ក៏ព្រមទទួលដែរ »

« ល្អ! តែនាងនឹងមិនអាចបកក្រោយបានទេណា »

ខ្ញុំងក់ក្បាលទាំងមានសង្ឃឹម និងមិនស្តាយក្រោយនូវអ្វីដែលកំពុងតែសម្រេចចិត្ត។ បន្ទាប់មកស្រាប់តែមានដុំពន្លឺដ៏ធំមួយហោះមកជិតខ្ញុំ ធ្វើឱ្យខ្ញុំត្រូវលើកដៃបាំងព្រោះតែវាធ្វើឱ្យខ្ញុំស្រវាំងចាក់ភ្នែកមើលអ្វីមិនយល់ វាស្រាប់តែមានថាមពលម្យ៉ាងស្រូបយកវិញ្ញាណខ្ញុំទៅទាំងមិនដឹងថានឹងទៅដល់ទីណា។

…………………………………………………………………………………………………… 

ដៃរបស់ខ្ញុំចាប់ផ្តើមកម្រើក ភ្នែកដែលទន់ស្ទើរតែគ្មានកម្លាំងកំហែងបានប្រឹងបើកភ្នែកឡើង តែបែរជាជួបនូវភាពងងឹតជុំវិញខ្លួនទៅវិញ ហេតុអីខ្ញុំនៅទីនេះ? តើខ្ញុំនៅឋាននរកមែនទេ? ទេទេ..... ផ្លូវដែលខ្ញុំចង់ទៅ គឺបានត្រលប់ទៅជួប Knight វិញ។ ខ្ញុំខ្លាចណាស់អ្នកណាក៏បានដែរជួយខ្ញុំផង។ ស្រាប់តែសំឡេងមួយបានបន្លឺឡើងធ្វើឱ្យបេះដូងរបស់ខ្ញុំលោតខុសចង្វាក់តែពោរពេញដោយភាពកក់ក្តៅ

« Knight របស់អូនគឺជានរកនៅក្នុងឋានមនុស្សលោក អូនមិនចង់រស់នៅជាមួយបងទេមែនទេ?» ខ្ញុំប្រឹងបើកភ្នែកម្តងទៀត ហើយប្រឹងសំឡឹងមើលជុំវិញខ្លួនដែលចាប់ផ្តើមមានពន្លឺបន្តិចម្តងៗ ក្រោយពេលទើបសាំនឹងពន្លឺខ្លះដែលមាននៅទីកន្លែងនេះ។ អ្វីដែលខ្ញុំឃើញគឺរូបរាងស្រស់សង្ហារបស់មនុស្សជាទីស្រលាញ់របស់ខ្ញុំ ដែលនៅជិតខ្លួនខ្ញុំបង្កើយ ហើយដៃរបស់គេឱបចង្កេះខ្ញុំជាប់ស្ទើរតែមិនរបូត ពោរពេញដោយទឹកមុខរំភើប តែក៏លាយឡំនឹងការអន់ចិត្តខ្លះៗ ប្រហែលជាគេឮអ្វីដែលខ្ញុំគិតហើយ។ ខ្ញុំរំភើបណាស់ យកដៃប៉ះស្ទាបមុខ និងថ្ពាល់របស់គេទាំងរីករាយ

« Knight! នេះបងមែនទេ? អូនមិនយល់សប្តិទេមែនទេ? អូន! អូននៅរស់ទេមែនទេ? » ខ្ញុំឱប Knight យ៉ាងណែនដើម្បីបញ្ជាក់ថាខ្ញុំពិតជាមិនយលសប្តិ ហើយគេនិងខ្ញុំពិតជាមានសាច់មានឈាម និងមានរូបរាងប្រាកដមែន វាមិនមែជាការស្រមើស្រមៃនោះទេ។ Knight ឱនមុខមករកខ្ញុំស្ទើរតែធ្វើឱ្យមុខ និងបបូរមាត់យើងប៉ះគ្នាទៅហើយ ហើយគេនិយាយតិចៗទាំងសម្តីផ្អែមល្ហែម

« អូន លែងកើតអីហើយ អូននឹងគ្មានថ្ងៃទៅណាចាកចោលបងបានទៀតនោះទេណា» ពួកយើងឱបគ្នាទាំងក្តីស្រលាញ់ ខ្ញុំរំភើបលាយលំទឹកភ្នែក។ ហើយពេលនោះក៏ជាវេលាដែលពួកយើងមានស្នាមថើបរួមគ្នាជាលើកដំបូង អូយ! អៀនណាស់លោកអើយ។ ប៉ុន្តែ.......បន្ទាប់មកទៀត មិនដឹងថាវាជារឿងរំភើបទៀតដែរ ឬក៏អត់ទេនេះ.....នូវរឿងដែលខ្ញុំទើបតែដឹង...ជាពិសេសពួកយើងមានស្នាមថើបដំបូងនៅក្នុងមឈូស...!!! អូយ ! សុំសន្លប់មួយសិន។

..........................................................................................

រូបតំណាង

ក្រោយពីបានតាំងស្មារតីរួចមក ខ្ញុំដឹងរឿងទាំងអស់តាមដែល Knight ប្រាប់ខ្ញុំថា ខ្ញុំវីសនឹងស្លាប់ទៅហើយ តែ Knight មិនអស់សង្ឃឹមទេ គេបានតស៊ូបីខ្ញុំទៅរកប៉ាម៉ាក់របស់គេដើម្បីជួយ។ មិនដឹងជាសំណាងល្អ ឬ ទេពតាជួយ កាំបិតដែល រីមកូនចៅជំនាន់ក្រោយគ្រួសារកំចាត់បិសាចចាក់មកលើខ្ញុំ មាននៅសល់ជាតិពិសមិនដល់៣០%ផង។ ប្រហែលជាវាអស់អំណាចតាមសម័យកាលហើយ បន្ទាប់មកខ្ញុំក៏ត្រូវបានជួយសង្គ្រោះ តែវាបានក្លាយជាគ្រោះភ័យម្តងទៀត ព្រោះតែខ្ញុំបាត់បង់ឈាមច្រើន ហើយវេលាក៏ប្រថុចញ៉ុច ខ្ញុំអាចនឹងស្លាប់ព្រោះតែអស់ឈាមពីក្នុងខ្លួន ដោយហេតុនេះហើយវិធីចុងក្រោយនោះគឺ.......

ម៉ាក់របស់ Knight បានចូលមកក្នុងព្រលឹងរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំជ្រើសរើស ស្នេហានៅក្នុងឋានរក និងឋានសួគ៌។ ពុទ្ធោ! ស្មានតែទេតពតា ការពិតជាម៉ាក់របស់ Knight សោះ គាត់ចង់ដឹងពីចិត្តរបស់ខ្ញុំថាអាចរួមសុខទុក្ខ និងទទួលនូវជីវិតថ្មីដែលមិនមែនជាមនុស្សបាន ឬក៏អត់ព្រោះវិធីចុងក្រោយមួយនេះ ច្បាប់បិសាចមិនអាចប្រើបានឡើយ លុះត្រាតែទទួលបានការយល់ព្រមពីសាម៉ីខ្លួន ។ ក្រោយពីទទួលបានការយល់ព្រម ម៉ាក់របស់ Knight បានប្រើវិធីជួយសង្គ្រោះចុងក្រោយមួយនោះ.....នោះ គឺការប្តូរខ្ញុំឱ្យក្លាយជាបិសាចជញ្ជក់ឈាមដូចពួកគាត់ដែរ។ ពេលនេះខ្ញុំមិនមែនជាមនុស្សទៀតទេ....។

ក្រោយពីរៀបរាប់ប្រាប់ខ្ញុំរួច Knight កាន់ដៃរបស់ខ្ញុំសួរទាំងមានអារម្មណ៍ភ័យខ្លាច និងស្ទាក់ស្ទើរមិនច្បាស់ពីទឹកចិត្តរបស់ខ្ញុំ។

« អូនខ្លាចទេ ដែលអូនត្រូវក្លាយជាបិសាចដូចបងហ្ហាស? »

ខ្ញុំញញឹមជល់ថ្ងាសគេលេងរួចនិយាយ

« អូនមិនខ្លាចទេ នេះជាផ្លូវដែលអូនជ្រើសរើស នោះគឺផ្លូវដែលអូនចង់រស់នៅជាមួយបងណា Knight » ខ្ញុំញញឹមផងសើចផង និយាយទាំងមិនស្ទាក់ស្ទើរតបនឹងម្ចាស់ចិត្តរបស់ខ្ញុំ។ តែ Knight នៅតែនិយាយទាំងមិនទាន់ជឿជាក់

« អូនត្រូវផឹកឈាមមនុស្សដើម្បីរស់ណា អូនមិនខ្ពើមទេ? ចុះម៉ាក់ប៉ាអូន អូនលែងបានជួបពួកគាត់ហើយ អូនមិនអាចត្រូវពន្លឺ អូនអាចចេញក្រៅតែពេលយប់ អូនអាចធ្វើបានទេ? » ខ្ញុំញញឹមហើយយកដៃបិទមាត់ Knight រួចផ្តល់ស្នាមថើបដ៏កក់ក្តៅ និងភាពជឿជាក់ ហើយ កើយស្មាគេជាចំលើយគ្រប់ម៉ាត់ថានឹងព្រមរស់នៅជាមួយគេអស់មួយជីវិត។ ពួកយើងឱបគ្នាសម្លឹងផ្ទៃទឹកថ្ងៃមុនដែលធ្លាប់អង្គុយរួមគ្នា ពោរពេញដោយសេចក្តីសុខ។

………………………………………………………………………… 

រូបតំណាង

ទោះជាពិធីរៀបការរបស់យើងមានតែចាស់ទុំក្នុងគ្រួសារ Knight តែខ្ញុំក៏មានសុភមង្គល និងសប្បាយរីករាយ។ ម៉ាក់ប៉ាបងប្អូន Knightសុទ្ធតែស្រលាញ់ចូលចិត្តខ្ញុំទាំងអស់ ពួកយើងនិយាយត្រូវគ្នា និងស្និទ្ធស្នាលគ្នាខ្លាំងណាស់ ខ្ញុំប្រហែលជាគ្មានអ្វីត្រូវព្រួយបារម្ភទៀតទេ លើកលែងតែ........។

ខ្ញុំសម្លឹងមើលម៉ាក់ប៉ារបស់ខ្ញុំពីចំងាយទាំងក្រៀមក្រំ ឃើញគាត់មានសុខភាពល្អ និងអាចបន្តការរស់នៅដោយគ្មានកូនស្រីម្នាក់នេះទៀត ខ្ញុំក៏អស់ចិត្តដែរ។ ភ្លេចប្រាប់ទៅ នៅពេលខ្ញុំគ្រោះថ្នាក់ Knight ប្រតិដ្ឋរឿងថាខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ជ្រោះស្លាប់បាត់ទៅហើយ ដើម្បីឱ្យម៉ាក់ប៉ាបានកាត់ចិត្តពីខ្ញុំ ព្រោះការពិតទៅខ្ញុំពិតជាស្លាប់បាត់ទៅមែនហើយ ខ្ញុំមិនមែនជាមនុស្សទៀតទេ។ ពួកយើងបានក្លាយទៅជាមនុស្សនៅក្នុងភពផ្សេងគ្នាទៅហើយ ឱ្យកូនសុំទោសម៉ាក់ប៉ាដែលកូនមិនអាចមើលថែលោកទាំងពីរបាន តែកូននឹងតាមមើលលោកពីចំងាយដោយក្តីស្រលាញ់។ កូនជាកូនស្រីអកត្តញ្ញូមែន! តែកូនពិតជាគ្មានផ្លូវជ្រើសរើសទេ កូនមិនចង់ឱ្យម៉ាក់ប៉ារន្ធត់ចិត្តជាងនេះទេ ពេលដែលដឹងរឿងរ៉ាវគ្រប់យ៉ាង។ អ្នកដទៃដែលដឹងរឿងនេះអាចនឹងស្អប់ខ្ញុំ ខឹងខ្ញុំដែលធ្វើបែបនេះចំពោះម៉ាក់ប៉ា តែខ្ញុំពិតជាគ្មានជម្រើសពិតមែន។ ខ្ញុំមិនមែនជាមនុស្សទៀតទេ។

.......................................

ថ្ងៃនេះពួកយើងមានគំរោងដើរលេងទៀតហើយ ភ្លេចប្រាប់ទៅថា តាំងពីខ្ញុំរៀបការជាមួយ Knight មក ខ្ញុំប្រៀបបីដូចជាមានកម្លាំងពិសេសដូចជាបិសាចសុទ្ធទៅហើយ។ អេ! នេះ ប្រហែលជាអំណាចនៃជីវិតប្តីប្រពន្ធទេដឹង។ ខ្ញុំអាចដើរលេងពេលថ្ងៃ និងមានសភាពស្ទើរតែដូចជាពូជស្តេចបិសាចទៅហើយនេះ គ្រាន់តែ ត្រូវការពារខ្លួនពីកម្តៅថ្ងៃ ដោយមិនត្រូវប្រហែសខ្លះៗប៉ុណ្ណោះ។ អ្វីដែលពិបាកជាងគេគឺរឿងផឹកឈាមមនុស្សតែម្តង។ ចង់ប្រាប់ថាគួរឱ្យខ្ពើម គួរឱ្យខ្លាចមែនទែន ចាំថាលើកដំបូងដែលខ្ញុំផឹកឈាម ខ្ញុំក្អួតចេញមកវិញទៀតផង។ ពេលនេះខ្ញុំក៏មិនទាន់ស៊ាំដែរ តែមានKnight កំពូលកូរតែងតែធ្វើគ្រប់យ៉ាងដើម្បីឱ្យខ្ញុំផឹកឈាម។ ខ្ញុំរត់ពេញផ្ទះដ៏ធំស្កឹមស្កៃរបស់យើង គេចពីការតាមចាប់របស់ Knight។

« ឈប់សិនអូនសម្លាញ់ កុំទៅណា មកឱ្យបងចាប់តាមស្រួលភ្លាម »

« មិនឈប់ទេ! កុំតាមអូនទៀតអី »

« បើអូនមិនឈប់ បងនឹងប្រើវេទមន្តចាប់អូន»

« ហាមប្រើវេទមន្ត!!! មាត្រាទី ១០៣ របស់អូនបងឯងចាំអត់ថាហាមប្រើវេទមន្តឱ្យសោះបើគ្មានការចាំបាច់ ជាពិសេសគឺបើគ្មានការអនុញ្ញាតិពីអូន»

« ស្រីឆ្កួត តែនេះជាការចាំបាច់ បើអូនមិនឈប់គេចពីបងទេ បងនឹងហោះទៅរកអូនហើយ ពេលនោះអូនមិនរួចខ្លួនទេ »

« បងឯងហ៊ានមើល៍! យប់នេះបងគេងក្រៅបន្ទប់ »

« អត់ទេ !»

ខ្ញុំរត់បណ្តើរសើចបណ្តើរ ស្រាប់តែ​ Knight រត់មកចាប់បីខ្ញុំជាប់។ ខ្ញុំស្រែកបន្តិច រួចប្រឹងរើពីដៃរបស់គេទាំងធ្វើមុខក្រញ៉ូវ ហើយគក់ទ្រូងគេទាំងខឹងផង

« បងឯងលេងខូចគេ បងឯងមិនទុកច្បាប់របស់អូននៅក្នុងចិត្តទេ...បងឯងអត់ស្រលាញ់អូនទេ ! គួរឱ្យស្អប់​ អូនខឹងបងឯងហើយ ...កុំមកប៉ះអូន»

« មកពីអូនឯងក្បាលរឹងពេក! ម្យ៉ាងបងមានខុសឯណា ក្រែងថាមានរឿងចាំបាច់បានឱ្យបងប្រើវេទមន្តមែនទេ? នេះជារឿងសុខភាពរបស់ប្រពន្ធបងទាំងមូល បងត្រូវតែធ្វើ»

« តែអូនមិនចង់»

« អូនត្រូវតែផឹកឈាម»

« អត់ទេ! ពិបាកលេបណាស់»

ខ្ញុំធ្វើមុខគួរឱ្យអាណិតលួងលោមស្វាមីសង្ហារបស់ខ្ញុំ

« តែអូនមិនចង់លេបទេណា »

Knight បែរមុខចេញទាំងគិតបន្តិច​ រួចជប់ចេញដបទឹកដ៏ស្រស់ស្អាតមួយ។ ខ្ញុំពេបមាត់ទាំងចង់យំបន្តិចអីបន្តិច ព្រោះដឹងថាវាជាដបឈាមហ្នឹងណា។

« ញ៉ាំបន្តិចទៅណា មិនអ៊ីចឹងអូននឹងឈឺ បងសូមអង្វរ »

« តែអូនមិនចូលចិត្ត»

Knight ធ្វើមុខក្រញ៉ូវរួចបើកគម្របដបនោះឡើង ខ្ញុំបិទភ្នែកជិតទាំងញ័រខ្លួន ព្រោះខ្ញុំដឹងថា គេប្រាកដជាយកដបទឹកនោះមកបញ្ច្រកខ្ញុំជាមិនខាន។ តែស្រាប់តែរបស់ទន់ៗមួយដែលខ្ញុំស្តាល់ច្បាស់បានមកប៉ះបបូរមាត់របស់ខ្ញុំ ខ្ញុំក៏តបស្នងបបូរមាត់ដ៏ផ្អែមល្ហែម និងទន់ភ្លន់មួយនោះទាំងអារម្មណ៍ពុះកញ្ជ្រោល ស្រាប់តែមានទឹកដែលធុំក្លិនឈាមបានផ្ទេរចេញពីមាត់ Knight បញ្ចូលទៅក្នុងមាត់របស់ខ្ញុំ។​ អាយ! មនុស្សឆ្កួតលេងខ្សែលើគេផង។ ខ្ញុំប្រុងនឹងរុញគេចេញដើម្បីខ្ជាក់ឈាមចេញមក តែKnight ឱបខ្ញុំជាប់ រួចការថើបកាន់តែខ្លាំងទៅៗ ពុះកញ្ជ្រាលទៅរហូតខ្ញុំលែងដឹងពីរសជាតិអាក្រក់ពិបាកលេបរបស់ឈាមហើយ ព្រោះរសជាតិផ្អែមល្ហែមស្នាមថើបរបស់ Knight មានឥទ្ធិពលជាងហ្នឹងណា។ អូយ! ខ្មាសគេណាស់ គេដឹងចិត្តអស់រលីង។ បន្ទាប់ពីបញ្ចប់ស្នាមថើប និងឈាមរត់ហូរចូលទៅក្នុងពោះរបស់ខ្ញុំអស់ ខ្ញុំក៏អង្គុយទាំងង័រងក់បែរខ្នងដាក់ Knight ទាំងមុខក្រហម។ អៀនក៏អៀន ខឹងក៏ខឹង មនុស្សប្រុសស្អីខូចម៉េះ ចំណេញលើគេហើយបោកគេឱ្យផឹកឈាមចូលទៅទៀត គួរឱ្យស្អប់បំផុត។ Knight ប្រឹងលួងលោមខ្ញុំ តែខ្ញុំធ្វើហី

« ឈប់ខឹងទៅណា!អូនសម្លាញ់ ប្រពន្ធសម្លាញ់»

« ខឹងអ៊ីចឹងលែងស្អាតហើយ »

« បងបារម្ភពីអូនតើ»

« មិននិយាយរកបងមួយម៉ាត់សិនទេហ្ហេស?»

« អ៊ីចឹង..... បងទៅដើរលេងម្នាក់ឯងក៏បានបើប្រពន្ធបងអារម្មណ៍មិនល្អអ៊ីចឹងនោះ»

គ្រាន់តែឮថាដើរលេងខ្ញុំក៏ស្ទុះលោតទាំងសប្បាយរីករាយ

« ថាម៉េចដើរលេងហ្ហេស? អូនទៅដែរៗៗ អូយ! ខានចេញទៅក្រៅយូរហើយនេះ»

Knight ញញឹមញញែមសប្បាយចិត្តដែលលួងខ្ញុំបានសម្រេច។ Knight និយាយទាំងភ្នែកមានកល់ល្បិច

« ទៅបាន! តែមានលក្ខខ័ណ្ឌ»

« អីគេទៀតហើយ?» ខ្ញុំនិយាយទាំងមុខក្រញ៉ូវ។

...................................................................

នៅក្នុងឡាន Knight ញញឹមញញែមប្រឹងទប់សំណើចមកមកខ្ញុំហើយសួរទាំងមុខច្រឡើម

« វ៉ែនតាខ្មៅអូនយកមកទេ? ឯណាកន្សែង? អាវដៃវែង??? » ខ្ញុំយកគ្រប់យ៉ាង ដែលបានត្រៀមទុកទាំងទឹកមុខជូរ បង្ហាញស្វាមី Knight កំពូលសង្ហារបស់ខ្ញុំ ព្រោះធុញទ្រាន់នឹងរបៀបរបបពេកហ្នឹងណា។ Knight ងាកពិនិត្យរាងកាយរបស់ខ្ញុំសព្វគ្រប់ រួច យកដៃសង្កត់វ៉ែនតាខ្មៅគ្របឱ្យជិតភ្នែកខ្ញុំ ហើយងក់ក្បាល លើកមេដៃទាំងច្រឡើម។

« ដឹងស្អីទេ ថាមិនអីទេៗៗ នៅត្រៀមនោះត្រៀមដឹងក្តៅស្អុះអត់ ដើរលេងម៉េចសប្បាយ? »

« នេះនែ! យកម៉ាក្រញ៉ទៅ មិនអីទេៗៗៗ តែគ្រាន់តែឈឺក្បាលហ្នឹងមែន? » Knight និយាយត្រាប់តាមខ្ញុំដូចថ្ងៃដែលយើងដើរលេងកាលពីលើកមុខ ធ្វើឱ្យខ្ញុំធ្វើមុខជូរ រួចពួកយើងក៏អស់សំណើច ហើយសើចសប្បាយរីករាយពោរពេញដោយសុភមង្គល។

« ចុះយើងទៅណាទៅប្តីសំលាញ់? »

« ទៅសួនកំសាន្ត »

« ហាស់! សួនកម្សាន្ត? អូនស្រលាញ់បងបំផុត » ខ្ញុំឱបថើប Knight ទាំងរីករាយ។ ស្រលាញ់ប្តីខ្ញុំខ្លាំងណាស់ Knight គួរឱ្យស្រលាញ់ មែនទែន នៅចាំទៀតថាខ្ញុំចង់ទៅលេងសួនកម្សាន្ត ហិហិ។ នេះជាសុភមង្គលពិតៗរបស់ពួកយើងណា ហាមច្រណែនណាមិត្តអ្នកអាន។ សូមលាសិនហើយណា ព្រោះគ្មានអីត្រូវប្រាប់ទៀតទេ សូមផ្តាំមួយមាត់ចុងក្រោយ ស្នេហាជារបស់ដែលអស្ចារ្យខ្លាំងណាស់ណា…៕

.............................................................................................................................

(ភាគទី១ សូមចុចអានទីនេះ)

(ភាគទី២ សូមចុចអានទីនេះ)

(ភាគទី៣ សូមចុចអានទីនេះ)

(ភាគទី៤ សូមចុចអានទីនេះ)

(ភាគទី៥ សូមចុចអានទីនេះ)

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]