អាមេរិក៖ បុរសម្នាក់បង្កការភ្ញាក់ផ្អើលជាខ្លាំង ដោយការចំណាយប្រាក់ប្រមាណ ២០ ០០០ ដុល្លារអាមេរិក ផលិតគ្រាប់រ៉ុកកែតដើរដោយចំហាយទឹកដោយខ្លួនឯង ទាំងគ្មាននរណាម្នាក់ធ្លាប់បង្រៀន។

លោក Hughes មានវ័យ ៦១ ឆ្នាំហើយ សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក មានក្តីបំណងមួយ ចង់ជិះរ៉ុកកែត ហោះលើអាកាស ដែលមានចម្ងាយប្រហែល១០ ម៉ាយ ឬ ១៦ គីឡូម៉ែត្រពីផ្ទៃដី ដើម្បីអះអាងថា ផែនដីមានរាងសំប៉ែត។  

លោក Hughes

គ្រាប់រ៉ុកកែតរបស់លោក គឺផលិតចេញពីរបស់របរកំបុិកកំប៉ុកក្នុងផ្ទះ ក៏ដូចជាម៉ូទ័រមួយគ្រឿងផងដែរ ហើយលោកមានគម្រោងហោះហើរជំហានដំបូង នាថ្ងៃចុងសប្តាហ៍នេះតែម្តង។ លោកបានឲ្យដឹងថា៖

ខ្ញុំចង់កសាងរឿងរ៉ាវដែលប្លែក គ្មាននរណាធ្លាប់បានធ្វើ ហើយគ្មាននរណាម្នាក់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិធ្លាប់ផលិត និងបង្ហោះគ្រាប់រ៉ុកកែតដោយខ្លួនឯង។

លោកអះអាងថា សព្វថ្ងៃនេះទីភ្នាក់ងារអវកាសអាមេរិក ឬហៅកាត់ថា ណាសា (NASA) កំពុងតែបិទបាំងការពិត ថាផែនដីមានរាងសំប៉ែត ដូច្នេះលោកត្រូវតែធ្វើដំណើរជុំវិញទីអវកាស ផ្តិតរូបភាពពិតៗរបស់ភពផែនដី ដើម្បីឲ្យគ្រប់គ្នាបានដឹងតែម្តង។

គ្រាប់រ៉ុកកែត

លោក Hughes ត្រូវបានមនុស្សម្នាមួយចំនួនគិតថា មានសតិមិនប្រក្រតី ខុសគេខុស​ឯង ប៉ុន្តែមានការរិះគន់យ៉ាងណា ខ្លួននៅតែចចេសមិនព្រមបោះបង់ការងារនេះចោលឡើយ។ វាមិនមែនជាលើកទីមួយទេ ដែលបុរសក្លាហានម្នាក់នេះហ៊ានផលិតគ្រាប់​រ៉ុកកែត ពោលគឺខ្លួនគាត់ធ្វើបែបនេះម្តងរួចមកហើយ កាលពីឆ្នាំ ២០១៤ និងធ្វើដំណើរបានចម្ងាយ៤១៩ ម៉ែត្រ មុនពេលជួបឧបទ្ទវហេតុដួលសន្លប់ (ដោយសារកម្លាំងទំនាញ ឬ G-Force) នៅពេលចុះចត។

គួរឲ្យដឹងថា ការបង្ហោះគ្រាប់រ៉ុកកែតមួយគ្រឿងនេះ នឹងប្រព្រឹត្តទៅនៅបរិវេណ តំបន់ Amboy ដែលមានមនុស្សរស់នៅតែបួននាក់ប៉ុណ្ណោះ ត្រូវបានទិញសិទ្ធិកាន់កាប់ដោយលោក Albert Okura កាលពីឆ្នាំ ២០០៥។  

គ្រាប់រ៉ុកកែត

លោក Okura បានឲ្យដឹងថា លោកអនុញ្ញាតិឲ្យបុរសឈ្មោះ Hughes បង្ហោះគ្រាប់​រ៉ុកកែត​លើទឹកដីរបស់ខ្លួន ព្រោះវាជារឿងចម្លែកអស្ចារ្យមិនដែលធ្លាប់មាន ហើយរូបលោកផ្ទាល់ ពេញចិត្តមនុស្សប្រភេទនេះខ្លាំងណាស់។

គួរឲ្យដឹងថា Hughes នឹងប្រើប្រាស់ទឹកប្រមាណ ២៦៥ លីត្រ ដើម្បីបង្ហោះនាវេលាម៉ោង ២ ដល់ម៉ោង ៣រសៀល (ម៉ោងក្នុងតំបន់) ថ្ងៃ សៅរ៍ ទី ២៥ ២០១៧ ស្អែកនេះ នៅរយៈចម្ងាយ ១.៥ គីឡូម៉ែត្រ និងរយៈកំពស់ ៥៥០ ម៉ែត្រពីផ្ទៃដី៕

គ្រាប់រ៉ុកកែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]