បរទេស៖ ប្រទេសជើងខ្លាំងក្នុងតំបន់រួមមាន ឈីលី អីុតាលី និងអាមេរិកបានធ្លាក់ចេញពី World Cup ជាផ្លូវការ ក្រោយពីការប្រកួត ក្នុងពូលគ្រប់តំបន់បានបញ្ចប់ទៅ។

បើទោះជាយ៉ាងណាក្តី ប្រទេសទាំង៣ខាងលើនេះ កំពុងតែមានក្តីសង្ឃឹមឡើងវិញ ដើម្បីទទួលបានកៅអីចូលក្នុង World Cup នៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះ បន្ទាប់ពីមានរបាយការណ៍មួយ ដែលបង្ហាញថា ប្រទេសប៉េរូកំពុងតែប្រឈម នឹងការបាត់បង់កៅអីសម្រាប់លេង World Cup របស់ខ្លួន។

បើយោងតាមប្រភពសារព័តមាន បានឲ្យដឹងថា លោកស្រី Paloma Noceda ដែលជាសមាជិកសភាម្នាក់ មានបំណងចង់ឲ្យរដ្ឋាភិបាល នៃប្រទេសប៉េរូ ធ្វើការគ្រប់គ្រងទៅលើសហព័ន្ធកីឡាបាល់ទាត់ នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់តែម្តង។

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) មានជំហរប្រឆាំងយ៉ាងខ្លាំង ចំពោះការកាន់កាប់សហព័ន្ធកីឡាបាល់ទាត់ដោយរដ្ឋាភិបាលនោះ ហើយវាក៏នឹងអាចឈានដល់ការដកប្រទេសប៉េរូចេញ ពីការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ីទៀតផង។

ដូច្នេះមានន័យថា បើសិនជាសហព័ន្ធកីឡាបាល់ទាត់ ក្នុងប្រទេសប៉េរូត្រូវបានកាន់កាប់ ដោយរដ្ឋាភិបាលពិតមែន ពួកគេនឹងមានភាគរយខ្ពស់ ក្នុងការបាត់បង់កៅអីមួយនេះ។

ច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានសង្កត់ធ្ងន់ថា «ប្រសិនបើសហព័ន្ធណាមួយដកខ្លួន ឬត្រូវបានដកចេញពីការប្រកួត គណៈកម្មការរៀបចំរបស់ FIFA នឹងសម្រេចចិត្តលើបញ្ហានេះ តាមឆន្ទានុសិទ្ធិរបស់ខ្លួន នឹងចាត់វិធានការអ្វីក៏ដោយដែលចាំបាច់» ។

នេះបានបង្ហាញឲ្យឃើញថា ប្រសិនបើ FIFA គិតទៅលើចំណាត់ថ្នាក់ ប្រទេសឈីលី ប្រទេសអីុតាលីនឹងក្លាយជាបេក្ខភាពឈានមុខគេ ក្នុងការចូលមកជំនួសប៉េរូ ប៉ុន្តែប្រសិនបើវាជាការសម្រេចចិត្ត ផ្តោតទៅលើហិរញ្ញវត្ថុ អាមេរិចនឹងក្លាយជាប្រទេសមានប្រៀបជាងគេផងដែរ៕ 

ក្រុមបាលទាត់ប្រទេសប៉េរូ
ក្រុមបាលទាត់ប្រទេសអ៊ីតាលី
ក្រុមបាលទាត់ប្រទេសឈីលី
ក្រុមបាលទាត់អាមេរិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]