ខេត្តកណ្តាលៈ ឧប្បត្តិហេតុគ្រោះថ្នាក់ ដ៏មិនគួរកើតមួយ បានកើតឡើង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅនិងកន្លែងកើតហេតុភ្លាមៗ និងពីរនាក់ទៀត រងរបួសធ្ងន់ ដោយសារតែម៉ូតូ បើកលឿនពេក ខ្វះការប្រុងប្រយ័ត្ន។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៨និង១០នាទី ល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតតាមបណ្តោយផ្លូវលេខ១២១០ ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពព័ត៌មាន ពីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ ម៉ៅ ឆៃយ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មានមុខរបរ ជា សិស្សរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J -9304 បើកបរក្នុងទិសដៅ ពីត្បូងទៅជើង។ រីឯជនរងគ្រោះពីរនាក់ទៀត មានឈ្មោះ កាំង ប៉េងគ្រុយ ហៅ ម៉ាប់ អាយុ ៤០ឆ្នាំ អ្នកឌុបត្រូវជាប្តី និងម្នាក់ទៀត ត្រូវជាប្រពន្ធមានឈ្មោះ កឹន យ៉ូន អាយុ ៤១ឆ្នាំ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាក សាន់យ៉ាន់ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរច្រាសទិសគ្នា រងរបួសធ្ងន់ទាំងពីរនាក់ប្តីប្រពន្ធ អ្នកទាំងពីររស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពបានបន្តថា មុនពេលកើតហេតុគេឃើញ ម៉ូតូម៉ាកសេ ១២៥ ជិះម្នាក់ឯង ក្នុងល្បឿនលឿន លុះដល់កន្លែងកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូមួយ គ្រឿងទៀត ម៉ាកសាន់យ៉ាន់ ពីរនាក់ប្តីប្រពន្ធបណ្តាល ឲ្យដួលខ្ទាតពេញថ្នល់បណ្តាលឲ្យ ពីរនាក់ប្តីប្រពន្ធរងរបួសធ្ងន់ ។ បន្ទាប់ពីកើតហេតុត្រូវ បានគេបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកឯយុវសិស្សជិះម៉ូតូសេ ១២៥ ដួលផ្ងារក្រោយ បោកទៅនឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

បន្ទាប់ពីកើតហេតុ នគរបាលស្រុកស្អាង បានចុះទៅដល់ភ្លាមៗ ជួយអន្តរាគមន៍ និងធ្វើកំណត់ហេតុ រួចហើយក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី ចំណែកឯម៉ូតូទាំងពីរគ្រឿង ត្រូវយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]