ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញាមេខ្យល់ នាំមនុស្សឆ្លងដែនខុសច្បាប់ 03 នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ (អ.ហ) ក្រុងប៉ោយប៉ែត សហការជាមួយកម្លាំង នគរបាលអន្តោប្រវេសន៍ច្រកទ្វារឃាត់ខ្លួន ខណៈមកទទួលម៉ូយ នៅមាត់អូរព្រំដែនកម្ពុជា ថៃ ក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងភូមិក្បាលស្ពាន1 សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង 6និង40នាទី ព្រលប់ថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ2012។

លោក ហម ម៉ុត មេញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី07 ខែវិច្ឆិកានេះថា ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ ឲ្យតាមចាប់ខ្លួនមេខ្យល់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនខុសច្បាប់ កាលពីល្ងាចម្សិលមិញនេះ កម្លាំងល្បាតរបស់លោក បានស្ទាក់ចាប់ជនសង្ស័យ មេខ្យល់ 03នាក់ រួមមាន 1/ឈ្មោះ  ឡុង សយ ភេទប្រុស អាយុ 23ឆ្នាំ រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង, 2/ឈ្មោះ ស៊ុយ ធូ ភេទប្រុស អាយុ 19ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ, 3/ ឈ្មោះ រឹទ្ធី ភេទប្រុស អាយុ 28ឆ្នាំ រស់នៅខេត្តកណ្តាល បច្ចុប្បន្នជនទាំងបីនាក់ មានទីលំនៅ និងមុខ របរពុំពិតប្រាកដ។ ក្រៅពីនេះក៏រកឃើញពលរដ្ឋប្រុសស្រី ដែលត្រៀមឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈពួកមេខ្យល់ខាងលើ ចំនួន 03នាក់ផងដែរ។

លោក ហម ម៉ុត បានបន្តថា នៅចំពោះមុខសមត្ថកិច្ច សួរនាំជនសង្ស័យទាំង 03នាក់ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូច្នោះមែន ដោយតម្រូវឲ្យពលករបង់ ក្នុងម្នាក់ៗ 2300បាត ជាថ្នូរនិងការជូនផ្លូវ ក្រោមការអះអាងថា ជួយរកការងារឲ្យធ្វើ។

ក្រោយសួរនាំជនសង្ស័យទាំង 03នាក់ ត្រូវបានបញ្ជូនទៅទៅបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិ វិធីច្បាប់៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]